បង្ហាញមុខប្រធានសមាគមសិល្បករខ្មែរទាំង ៦ អាណត្តិ

  • 2024-05-03 09:37:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​បោះឆ្នោតជ្រើសរើសប្រធានសមាគមសិល្បៈបាន​ប្រព្រឹត្តិដោយជោគជ័យ ដោយមានការចូលរួមពីសិល្បករ សិល្បការិនីជាច្រើនក្នុងប្រទេសកម្ពុជា។ តំណែងប្រធានសមាគមសម្រាប់អាណត្តិថ្មីក៏ត្រូវបាន​រកឃើញ នោះគឺលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន។

សមាគមសិល្បករខ្មែរ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ២០០៦ រហូតមកដល់ឆ្នាំ ២០២៤នេះ មានរយៈពេល ១៨ឆ្នាំហើយ។ ដោយឡែកជាការសរុប ចាប់តាំងពីបង្កើតសមាគមនេះមក តើតារារូបណាខ្លះដែលបាន​ជាប់ឈ្មោះជាប្រធាន? ពេលនេះ Sabay សូមបង្ហាញជូនតទៅ៖

១. លោក អៀង ស៊ីធុល - ជាប់ជាប្រធានសមាគមអាណត្តិទី១ (ចាប់ពីឆ្នាំ ២០០៦-២០០៩)

សមាគម​សិល្បករ​ខ្មែរ​ត្រូវបង្កើត​ឡើង​ក្នុង​ឆ្នាំ​២០០៦ ​ក្រោម​ស្ថាបនិក​ផ្តួចផ្តើម​ដោយ​ឯកឧត្តម ខៀវ តុលា ឯកឧត្តម ជុំ កុសល លោក​សយ សុភាព និង​លោក​អៀង ស៊ី​ធុ​ល ហើយ​បាន​កោះ​អញ្ជើញ​សិល្បករ​សិល្ប​ការិនី ចូលរួម​ប្រជុំ និង​បោះ​ឆ្នោត​ជ្រើសរើស​ប្រធាន។ ដោយពេលនោះ លោក អៀង ស៊ីធុល ​បានជាប់ឆ្នោតជាមួយសំឡេងគាំទ្រភាគច្រើនឲ្យជាប់ជាប្រធានអាណត្តិដំបូង។

២. លោក ម៉ិញ សុធីវណ្ណ - ជាប់ជាប្រធានសមាគមអាណត្តិទី២ (ចាប់ពីឆ្នាំ ២០០៩-២០១១)

យ៉ាងណាក្ដីសម្រាប់លោក ម៉ិញ សុធីវណ្ណ បានសុំលាលែងតំណែងកាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០១១ ទាំងមិនទាន់បញ្ចប់អាណត្តិ ដោយសារតែលោកមមាញឹកជាមួយតួនាទី ជាប្រធានតន្ត្រីអង្គភាពនៅក្រសួងមហាផ្ទៃ និងមានតួនាទីជាអ្នកនិពន្ធនិងដឹកនាំ ក្រុមតន្ត្រីអង្គភាពក្រសួងមហាផ្ទៃដែលនឹងត្រូវទៅសម្តែងជូនកងទ័ពខ្មែរ ដែលឈរជើងនៅ តាមព្រំដែនខ្មែរ-សៀម។

៣. លោក សុះ ម៉ាច - ជាប់ជាប្រធានសមាគមអាណត្តិទី៣ និងទី ៤ (ចាប់ពីឆ្នាំ ២០១១-២០១៧)

ក្រោយការលាលែងពីតំណែងរបស់លោក ម៉ិញ សុធីវណ្ណ មក នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១១ សមាគមសិល្បករខ្មែរ បានរៀបចំការប្រជុំជ្រើសរើសប្រធានសមាគមថ្មី នៅសណ្ឋាគារ ណាហ្គាវើល ដែលមានសិល្បករ សិល្បការិនីចូលរួមជាង ៨០នាក់។ នៅក្នុងការប្រជុំជ្រើសរើសប្រធានថ្មីនៅពេលនោះ គឺមានក្រុមប្រឹក្សាភិបាលចំនួន ១១នាក់ ហើយក្រោយពីមានការពិភាក្សាជ្រើសរើស អ្នកទាំង១០រូប បានធ្វើការសម្រេចចិត្ត ប្រគល់តំណែងជាប្រធានសមាគមសិល្បករខ្មែរ ឲ្យលោក សុះ ម៉ាច ព្រោះជឿជាក់ថា លោកប្រាកដជាអាចគ្រប់គ្រងសមាគមនេះ បានល្អ និងមានការរីកចម្រើនជាងមុន។

៤. អ្នកនាង ចនច័ន្ទ លក្ខិណា - ជាប់ជាប្រធានសមាគមអាណត្តិទី៥ (ចាប់ពីឆ្នាំ ២០១៧-២០២៤)

សម្រាប់អាណត្តិរបស់អ្នកនាង ចនច័ន្ទ លក្ខិណា មានរយៈពេលវែងជាងគេ ដោយសារតែវិបត្តិកូវីដ ១៩ និងអូសបន្លាយឈានចូលអាណត្តិថ្មី រហូតដល់ពេលប្រធានសមាគមរូបនេះ ប្រកាសបើកការបោះឆ្នោតជ្រើសរើសប្រធានសមាគមថ្មី។ ក្នុងអាណត្តិនោះ អ្នកនាងបានចូលរួមយ៉ាងសស្រាក់សស្រាំក្នុងការខ្នះខ្នែងជួយសិល្បករបានច្រើនបំផុត។

៥. លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន - ជាប់ជាប្រធានសមាគមអាណត្តិទី ៦ (ចាប់ពីឆ្នាំ ២០២៤ តទៅ)

ក្នុងចំណោមបេក្ខភាព ៣ រូប លោកជំទាវ ម៉ៅ ចំណាន បានក្លាយជាបេក្ខភាពលេចធ្លោ ដែលទទួលបាន​សំឡេងឆ្នោតគាំទ្រច្រើនលើសលប់ ផ្អែកលើការទុកចិត្តលើសមត្ថភាពទាំងបញ្ញាស្មារតី ​និងធនធាន ដែលរំពឹងថាជាជន្ទល់ដ៏រឹងមាំបំផុតសម្រាប់សិល្បករសិល្បការិនីទាំងអស់។ ក្រៅយឡើងកាន់តំណែងភ្លាម លោកជំទាវផ្ទាល់ក៏បាន​បង្ហាញនូវការប្ដេជ្ញាចិត្តជួយមិត្តសិល្បករ និងលើកស្ទួយវិស័យសិល្បៈខ្មែរឲ្យអស់ពីលទ្ធភាព និងកម្លាំងកាយចិត្តដែរ។

បញ្ជាក់ផងដែរថា គោលបំណង​របស់​សមាគម​សិល្បករ​ខ្មែរ គឺ​អភិរក្ស អភិវឌ្ឍន៍ លើក​ស្ទួយ​វិស័យ​សិល្បៈ​ជាតិ និង​ជួយ​ដោះស្រាយ​រាល់​បញ្ហា​របស់​អ្នកសិល្បៈ ជា​ពិសេស​ជួយ​ដល់​អ្នកសិល្បៈ​ចាស់ជរា ពិការ​បាត់បង់​សមត្ថភាព និង​បាត់បង់​ជីវិត និង​រួមចំណែក​ជួយ​ដល់​សង្គម​ជាតិ​ជាដើម ។ នៅ​ក្នុង​លក្ខន្តិកៈ​របស់​សមាគម​សិល្បករ​ខ្មែរ គឺ​ឈរ​លើ​ជំហរ​អព្យាក្រឹត​មិន​លំអៀង​ទៅ​លើ​គណបក្ស​នយោបាយ​ណាមួយ​ឡើយ តែ​គោរព​តាម​រដ្ឋធម្មនុញ្ញ និង​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល៕

អត្ថបទ៖ ធារី

អត្ថបទពេញនិយម
អត្ថបទថ្មី