ឯកឧត្ដម​ មៀច​ សុផាន់ណា៖​ បន្ត​ជា​ប្រធាន​សហព័ន្ធ​កីឡា​យានយន្ត​កម្ពុជា​អាណិត្តិ​ទី៤​ ឆ្នាំ​២០២៤-២០២៨​

  • 2024-05-10 04:26:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​កីឡា​យានយន្ត​កម្ពុជា​ ម្សិលមិញ​នេះ​បាន​ធ្វើ​មហាសន្និបាត​បញ្ចប់​អាណត្តិ​ទី៣​ និង​បោះឆ្នោត​អាណត្តិ​ថ្មី​ លើក​ទិសដៅ​ការងារ​បន្ត ខណៈ​ឯកឧត្តម​ មៀច​ សុផាន់ណា​ បន្ត​ជា​ប្រធាន​ដឹកនាំ​កីឡា​មួយ​នេះ​ឆ្ពោះ​ទៅ​រក​ភាព​រីកចម្រើន​បន្ថែមទៀត។​

ទិដ្ឋភាពមហាសន្និបាត

ថ្លែង​ក្នុង​មហាសន្និបាត​ម្សិលមិញ​នេះ​នៅ​ NOCC​ ឯកឧត្ដម​ មៀច​ សុផាន់ណា​ បាន​លើក​ឡើង​ថា​ អាណត្តិ​ថ្មី​នេះ​គឺ​មាន​ការ​ផ្លាស់ប្ដូរ​នូវ​សមាសភាព​គណៈកម្មាធិការប្រតិបត្តិ​ និង​បាន​បញ្ចូល​ថ្មី​មួយ​ចំនួន​ផង​ដែរ​ពិសេស​ទីប្រឹក្សា​បរទេស​ដែល​ជា​ម្ចាស់​ទីលាន​ប្រណាំង​រថយន្ត​ស្រាប់​ផង។​

ទិដ្ឋភាពមហាសន្និបាត

ប្រធាន​សហព័ន្ធ​ខាង​លើ​ថ្លែង​អំណរគុណ​ដល់​សមាជិក​ទាំង​អស់​ដែល​បាន​រួមចំណែក​ផ្សព្វផ្សាយ​ និង​អភិវឌ្ឍន៍​កីឡាយានយន្ត​នេះ​កន្លង​មក។​ ទាំង​ឯកឧត្ដម​​ជា​ប្រធាន​ និង​សមាសភាព​គណៈកម្មាធិការ​ថ្មី​នេះ​បន្ត​រួច​គ្នា​ធ្វើ​ការ​ពង្រីក​សកម្មភាព​ និង​លើកស្ទួយ​បន្ថែម​ទៀត​ទាំង​ថ្នាក់​ជាតិ​ក៏​ដូច​ជា​លើ​ឆាក​អន្តរជាតិ។​ ជា​មួយ​គ្នា​នេះ​ដែរ​សហព័ន្ធ​នឹង​រៀបចំ​ឯកសារ​នានា​ដើម្បី​ស្នើ​ទៅ​ក្រសួង​អប់រំ​ដើម្បី​អាច​ទទួល​ថវិកា​ឧបត្ថម្ភ​គាំទ្រ​លើ​ការ​អភិវឌ្ឍន៍​ដូច​ទៅ​ហ្នឹង​សហព័ន្ធ​កីឡា​ជាតិ​ផ្សេងៗ។​

ទិដ្ឋភាពមហាសន្និបាត

បញ្ជាក់​ដែរ​ថា​ មហាសន្និបាត​បញ្ចប់​អាណត្តិ​ទី៣​ របស់​សហព័ន្ធ​កីឡា​យានយន្ត​ម្សិលមិញ​នេះ​ធ្វើ​ឡើង​នៅ​ទីស្នាក់ការ​ NOCC​ ដោយ​មាន​តំណាង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ តំណាង​ក្រសួង​អប់រំ យុវជន​ និង​កីឡា​ ថ្នាក់ដឹកនាំ​សហព័ន្ធ​ និង​សមាជិក​ជា​ច្រើន។​ ឯកឧត្តម​ មៀច​ សុផាន់ណា​ បន្ត​ជា​ប្រធាន​ ឯកឧត្ដម​ ទៀ ស្យាម​ អនុប្រធាន​ លោក​ ខៃ​ វណ្ណៈ​ អគ្គលេខាធិការ​ និង​លោក​ ទួត​ សុវណ្ណារ៉ា​ អគ្គហេរញ្ញិក៕​

អត្ថបទ៖ នួន ស៊ីណា​