សហព័ន្ធកីឡាកាយវប្បកម្ម៖ យើងរួមគ្នា និងបន្តគាំទ្រកីឡាមួយនេះបន្ថែមទៀតបង្ហាញពីសមត្ថភាព សក្កានុពលកម្ពុជា
- 2024-05-21 04:55:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហព័ន្ធកីឡាកាយវប្បកម្ម៖ យើងរួមគ្នា និងបន្តគាំទ្រកីឡាមួយនេះបន្ថែមទៀតបង្ហាញពីសមត្ថភាព សក្កានុពលកម្ពុជា
ចន្លោះមិនឃើញ
ប្រធានសហព័ន្ធកីឡាកាយវប្បកម្មកម្ពុជា ថាការប្រកួតនៅឡាវលើកនេះទទួលបានមេដាយប្រាក់ សូមមហាជនស្រឡាញ់កីឡាមួយនេះបន្តគាំទ្រ និងលើកទឹកចិត្តបន្ថែមទៀតដើម្បីហ្វឹកហាត់ឈានទៅដណ្ដើមមេដាយជូនជាតិមាតុភូមិនាឱកាសក្រោយៗទៀត។
លោក តិក ប៊ុនវី ប្រធានសហព័ន្ធកីឡាកាយវប្បកម្ម បានឲ្យដឹងក្រោយត្រឡប់ពីប្រកួតនៅប្រទេសឡាវ កាលពីម្សិលមិញនេះថា កីឡាករកម្ពុជាឈ្នះត្រឹមមេដាយប្រាក់ ប៉ុណ្ណោះដោយចាញ់លើដៃគូបន្តិចបន្តួច។ ជឿជាក់ថានៅការប្រកួតក្រោយៗទៀតក្រុមកម្ពុជានឹងបំពេញបន្ថែមនូវចំណុចខ្វះខាតដែលខ្លួនមានឈានដល់ការដណ្ដើមបានមេដាយមាសជូនមាតុភូមិជាមិនខាន។
ប្រធានសហព័ន្ធរូបនេះសូមថ្លែងអំណរគុណដល់ក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដែលបានអនុញ្ញាតឲ្យក្រុមកីឡាកាយវប្បកម្មកម្ពុជាបានចេញទៅប្រកួតនៅឯប្រទេសឡាវនេះ។ លោកសូមឲ្យមហាជនដែលស្រឡាញ់កីឡាមួយនេះពិតប្រាកដបន្តជួយគាំទ្រ លើកទឹកចិត្តកីឡាករ កីឡាការិនី បន្ថែមទៀតដើម្បីឲ្យពួកគេមានកម្លាំងចិត្តហ្វឹកហាត់ឈានទៅដណ្ដើមមេដាយមាសជូនជាតិ និងកាន់តែរីកចម្រើនផងដែរ។
បញ្ជាក់ដែរថា ក្រុមកីឡាករជម្រើសជាតិកីឡាកាយវប្បកម្មកម្ពុជា ៥រូបបានបញ្ចប់ភារកិច្ចរបស់ខ្លួនហើយក្នុងការប្រកួតកីឡាកាយវប្បកម្មជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី១៨ ធ្វើឡើងនៅប្រទេសឡាវ ចាប់ពីថ្ងៃទី១៦ ដល់ ទី២០ ខែឧសភា ឆ្នាំ២០២៤។ កម្ពុជាឈ្នះមេដាយប្រាក់ ២គ្រឿងពីព្រឹិត្តិការណ៍កម្រិតតំបន់អាស៊ានមួយនេះ៕