បុណ្យវិសាខបូជា! មកដឹងពេលវេលាជាក់លាក់ដែលព្រះពុទ្ធ ប្រសូត្រ ត្រាស់ដឹង និងចូលបរិនិព្វាន
- 2024-05-21 07:25:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បុណ្យវិសាខបូជា! មកដឹងពេលវេលាជាក់លាក់ដែលព្រះពុទ្ធ ប្រសូត្រ ត្រាស់ដឹង និងចូលបរិនិព្វាន
ចន្លោះមិនឃើញ
បុណ្យវិសាខបូជា ជាពិធីសំខាន់បំផុតមួយក្នុងពុទ្ធសាសនា ដែលប្រារព្ធឡើងក្នុងគោលបំណងរំឭកដល់ព្រឹត្តិការណ៍៣៖
១. រំឭកដល់ថ្ងៃព្រះពុទ្ធប្រសូត៖ ព្រះពុទ្ធបានប្រសូតនៅថ្ងៃសុក្រ ១៥ កើត ខែពិសាខ ឆ្នាំ ច ក្នុងឆ្នាំ ៦២៣ មុនគ.ស។
២. រំឭកដល់ថ្ងៃព្រះពុទ្ធបានត្រាស់ដឹង៖ ព្រះពុទ្ធបានត្រាស់ដឹងនៅថ្ងៃពុធ ១៥ កើត ខែពិសាខ ឆ្នាំ រកា ក្នុងឆ្នាំ ៥៨៨ មុនគ.ស។
៣. រំឭកដល់ថ្ងៃដែលព្រះពុទ្ធចូលបរិនិព្វាន ក្នុងព្រះជន្ម ៨០វស្សា គឺព្រះពុទ្ធចូលនិព្វាននៅថ្ងៃអង្គារ ១៥កើត ខែពិសាខ ឆ្នាំ ម្សាញ់ ក្នុងឆ្នាំ ៥៤៣ មុនគ.ស។
បន្ទាប់ពីព្រះពុទ្ធសមណគោតមបរិនិព្វានទៅបានជាង ២០០ ឆ្នាំហើយក្ដីក៏គេពុំទាន់ឃើញមានពុទ្ធបរិស័ទប្រារព្ធវិសាខបូជានៅឡើយ។ បើតាមសៀវភៅ ព្រះរាជពិធីទ្វាទសមាស ដែលជាការបោះពុម្ពផ្សាយរបស់វិទ្យាស្ថាន ពុទ្ធសាសនបណ្ឌិត្យ ក្នុងគ្រិស្តសករាជ ១៩៥១ បានកត់សម្គាល់ថា ព្រះបន្ទាប់ពីព្រះពុទ្ធទ្រង់បានបរិនិព្វានអស់រយៈពេលជាច្រើនរយឆ្នាំទៅហើយ ទើបគេសង្កេតឃើញបុណ្យវិសាខបូជានេះ ត្រូវបានប្រារព្ធឡើងនៅក្នុងប្រទេសឥណ្ឌា។
នៅក្នុងព្រះរាជាណាចក្រកម្ពុជា បុណ្យវិសាខបូជាចាប់ផ្ដើមប្រារព្ធឡើងនៅគ្រប់វត្តអារាមទូទាំងនគរ ក្នុងរជ្ជកាលព្រះបាទហរិរក្សរាមាអង្គដួងពេលដែលព្រះអង្គបានលើកទីក្រុងមកតាំងនៅភ្នំពេញ ក្នុងពុទ្ធសករាជ ២៤០៨ គ្រិស្តសករាជ ១៨៦៥។ ពិធីនេះក៏តាំងប្រារព្ធឡើងជាទំនៀមពុទ្ធបរិស័ទខ្មែររហូតមក។ នេះបើតាមការកត់ត្រាក្នុងសៀវភៅ ព្រះរាជពិធីទ្វាទសមាស។
នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៩៩ អង្គការ សហប្រជាជាតិ បានប្រកាសទទួលស្គាល់បុណ្យវិសាខបូជាជាទិវាអន្តរជាតិ ដោយមានការស្នើសុំពីប្រទេសកាន់ព្រះពុទ្ធសាសនានានា លើសកលលោក រួមទាំងកម្ពុជាផងដែរ។
ចំណុចសំខាន់ៗ ដែលនាំឲ្យអង្គការអន្តរជាតិទទួលស្គាល់ពិធីពុទ្ធសាសនានេះមានបី៖
១. ជាសាសនាដែលមានវ័យចំណាស់ អាយុជាង ២៥៦០ ឆ្នាំ (ពស. ២៥៦៣ គស. ២០១៩)
២. មានគោលការណ៍សន្តិភាពនិយម គោរពសិទ្ធិមនុស្ស តាមរយៈសិក្ខាបទទាំងឡាយ មានសីលប្រាំជាដើម
៣. មានបរិស័ទជាង ៥០០ លាននាក់ កំពុងគោរពប្រតិបត្តិព្រះពុទ្ធសាសនា៕