បើសំបុត្រកំណើតច្បាប់ដើម បាត់ ឬខូច តើអាចស្នើសុំធ្វើថ្មីបានឬអត់?

  • 2024-05-31 07:10:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម បានឱ្យដឹងថា ករណីបាត់ ឬខូចសំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើតច្បាប់ដើម សាមីខ្លួនមិនអាចស្នើសុំធ្វើជាលើកទី២បានទេ។

យ៉ាងណាក៏ដោយ សាមីខ្លួនអាចស្នើសុំសេចក្តីចម្លងសំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើតនោះ សម្រាប់ជាឯកសារទុកប្រើប្រាស់ជាផ្លូវការបាន នៅសាលាក្រុង ស្រុក ខណ្ឌដែលបានចុះ និងតម្កល់ទុកគល់បញ្ជី ឬនៅនាយកដ្ឋានអត្រានុកូលដ្ឋានមុខបុរីប៉េង ហួតបឹងស្នោ។

ចុះ​បើក្នុងករណី​សំបុត្រកំណើត សរសេរខុសទិន្នន័យ​វិញ តើត្រូវធ្វើបែបណា?

អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម បាន​បញ្ជាក់​ថា ក្នុងករណី​បងប្អូនណា​ដែលទទួលសំបុត្រ​កំណើត​រួចហើយ​ពីមន្ត្រី​អត្រានុកូលដ្ឋានឃុំ ឬសង្កាត់ ប៉ុន្តែ​ពិនិត្យឃើញថា មាន​កំហុសទិន្នន័យ​នៅកន្លែងណាមួយ​ (ដូចជាខុសឈ្មោះ ភេទ ថ្ងៃខែឆ្នាំកំណើត) គឺ​បងប្អូន​អាច​ស្នើសុំ​មន្រ្តី​អត្រានុកូលដ្ឋាន​នៅឃុំ ឬសង្កាត់​ ដើម្បីកែតម្រូវភ្លាមៗ ដោយមិនត្រូវទុកដល់ឆ្លងឆ្នាំឡើយ។

ករណីបងប្អូន​ទុកយូរ​រហូតដល់ឆ្លងចូលឆ្នាំថ្មី គល់បញ្ជី​នៃទិន្នន័យអត្រានុកូលដ្ឋាន​នឹង​ត្រូវ​បូកសរុប​បិទបញ្ជី​ រួចផ្ញើទៅ​តម្កល់ទុក​នៅរដ្ឋបាល​ក្រុង ស្រុក ខណ្ឌ និងនៅអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។ ករណីនេះ ការកែតម្រូវ​ទិន្នន័យ​ក្នុងសំបុត្រ​កំណើត​ ឬឯកសារ​អត្រានុកូលដ្ឋាន​ផ្សេងទៀត ត្រូវអនុវត្តតាមនីតិវិធីបន្ត​ដែលបានកំណត់។

មន្រ្តី​អត្រា​នុកូលដ្ឋាន​ទាំង​នៅថ្នាក់​ឃុំ សង្កាត់ ឬនៅថ្នាក់​ជាតិ មាន​សមត្ថកិច្ច​ក្នុងការ​កែតម្រូវទិន្នន័យ​ទៅតាមការកំណត់​នៃច្បាប់ ដោយមិនធ្វើឱ្យប៉ះពាល់​ដល់អត្តសញ្ញាណ​បុគ្គលឡើយ ដូចជាកំហុសអក្ខរាវិរុទ្ធ កំហុសបច្ចេកទេស​ ឬកំហុស​មួយចំនួន​ផ្សេងទៀត។ យ៉ាងណាមិញ ចំពោះ​ការកែទិន្នន័យ​ទាំងឡាយណា ដែល​លើសពី​ដែន​សមត្ថកិច្ច​របស់​មន្រ្តី​អត្រានុកូលដ្ឋាន គឺ​តម្រូវឱ្យទៅ​តុលាការ​ដើម្បីពិនិត្យវិនិច្ឆ័យ ចៀសវាង​បុគ្គលមួយចំនួន​ជាអាចជាប់បណ្តឹង​តុលាការ ឬជាប់កាតព្វកិច្ច​ផ្សេងទៀត​ ហើយ​ព្យាយាម​គេចវេស​ពីការទទួលខុសត្រូវ។ នេះបើតាមការបញ្ជាក់​បន្ថែមរបស់​អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។

សូមលោកអ្នក Download កម្មវិធី GDI eServices ដើម្បីមើល ឬសាកសួរព័ត៌មាន ឬទំនាក់ទំនងលេខ ១២៧១ / ០១៧ ៨៩៨ ៩១៥ រៀងរាល់ថ្ងៃច័ន្ទដល់សុក្រ ក្នុងម៉ោងធ្វើការ។ មន្ត្រីជំនាញរង់ចាំទទួល ផ្តល់ព័ត៌មាន និងដោះស្រាយជូន។