អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម គ្រោង​ដាក់ឱ្យប្រើប្រាស់​ការ​ផ្តល់សេវាលិខិតឆ្លងដែន​តាមអនឡាញ

  • 2024-06-05 07:20:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម បាន​បើកកិច្ចប្រជុំ​នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ​២០២៤នេះ​ ដើម្បីពិភាក្សា​លើការផ្តល់​សេវាលិខិតឆ្លងដែន​តាមប្រព័ន្ធអនឡាញ។

កិច្ចប្រជុំនេះ ដឹកនាំ​ដោយ​ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដើម្បី​កែសម្រួល ពិនិត្យ និងសម្រេចចុងក្រោយ មុននឹងគោរពស្នើសុំគោលការណ៍អនុញ្ញាតពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបកនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងការ​ដាក់ឱ្យអនុវត្តសាកល្បងនាពេលខាងមុខ ធ្វើយ៉ាងណា​ឱ្យការប្រើប្រាស់ប្រព័ន្ធផ្តល់សេវាលិខិតឆ្លងដែនតាមប្រព័ន្ធអនឡាញនេះ ធានាបានថាមានភាពងាយស្រួល និងប្រកបដោយភាពល្អប្រសើរ​សម្រាប់ប្រជាពលរដ្ឋ។

សូមជម្រាប​ថា ការធ្វើលិខិត​ឆ្លងដែន​បច្ចុប្បន្ន​នេះ សម្រាប់នៅរាជធានីភ្នំពេញ មាន២ទីតាំង។ ទី១ នៅ​នាយកដ្ឋាន​លិខិតឆ្លងដែន ក្នុងសង្កាត់​និរោធន៍ ខណ្ឌច្បារអំពៅ។ ទី២ នៅទីស្នាក់ការ​ផ្តល់លិខិតឆ្លងដែន​ធម្មតា ប្រចាំ​ផ្សារអ៊ីអនម៉លសែនសុខ ក្នុងខណ្ឌសែនសុខ។

ឯកសារ​ដើម្បី​ធ្វើលិខិតឆ្លងដែន​រួមមាន៖

-អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ​ច្បាប់ដើម

-សេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តី​ចម្លង​សំបុត្រ​បញ្ជាក់កំណើត និងសៀវភៅគ្រួសារ ឬសៀវភៅ​ស្នាក់នៅ (ច្បាប់ដើម)។

តម្លៃ និងរយៈពេល​នៃការធ្វើលិខិតឆ្លងដែន គឺ៖

១. សម្រាប់​មនុស្សចាស់ មានសុពលភាព ១០ឆ្នាំ។ ក្នុងនោះ៖

-សេវាធម្មតា តម្លៃ ១០០ដុល្លារ រយៈពេល ១៥ថ្ងៃ​នៃថ្ងៃធ្វើការ

-សេវារហ័ស​កម្រិតមធ្យម តម្លៃ ១៥០ដុល្លារ រយៈពេល ៧ថ្ងៃនៃថ្ងៃធ្វើការ

-សេវារហ័ស តម្លៃ ២០០ដុល្លារ រយៈពេល ១ថ្ងៃ នៃថ្ងៃធ្វើការ។

២. សម្រាប់​កូន​ក្មេងក្រោម ៦ឆ្នាំ មានសុពលភាព ៥ឆ្នាំ។

-សេវាធម្មតា តម្លៃ ៨០ដុល្លារ រយៈពេល ១៥ថ្ងៃ​នៃថ្ងៃធ្វើការ

-សេវារហ័ស​កម្រិតមធ្យម តម្លៃ ១២០ដុល្លារ រយៈពេល ៧ថ្ងៃនៃថ្ងៃធ្វើការ

-សេវារហ័ស តម្លៃ ១៦០ដុល្លារ រយៈពេល ១ថ្ងៃ នៃថ្ងៃធ្វើការ៕

អត្ថបទ៖ សំភី