ធនាគារ វីង បើកសម្ពោធសាខាថ្មីក្នុងក្រុងកំពង់ឆ្នាំង

  • 2024-06-14 06:45:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សេវាធនាគារដ៏សម្បូរបែបរបស់ធនាគារ វីង ឥឡូវនេះបានពង្រីកទៅដល់ក្រុងកំពង់ឆ្នាំងហើយ ដើម្បីជួយសម្រួលប្រជាជនក្នុងខេត្តនេះជាមួយនឹងតម្រូវការសេវាហិរញ្ញវត្ថុប្រចាំថ្ងៃកាន់តែប្រសើរ។

ខេត្តកំពង់ឆ្នាំង ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២៤៖ ធនាគារ វីង (ខេមបូឌា) ម.ក បានបោះជំហានទៅមុខដ៏សំខាន់មួយទៀតជាមួយនឹងការបើកសម្ពោធសាខាថ្មីរបស់ខ្លួនស្ថិតនៅចំកណ្តាលក្រុងកំពង់ឆ្នាំងតែម្តង។ យុទ្ធសាស្ត្រនៃការពង្រីកខ្លួននេះ គឺនាំមកនូវសេវាធនាគារដ៏សម្បូរបែប ក៏ដូចជាដំណោះស្រាយហិរញ្ញវត្ថុដែលមានភាពច្នៃប្រឌិត ដើម្បីផ្តល់អំណាចនិងគាំទ្រទៅដល់សហគមន៍ តាមរយៈការរួមចំណែកជំរុញបរិយាបន្នហិរញ្ញវត្ថុកាន់តែប្រសើរបន្ថែមទៀត។

ពិធីនេះប្រព្រឹត្តទៅយ៉ាងអធិកអធម ក្រោមអធិបតីភាពនៃ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង, លោក ឈាង តុលា នាយកសាខាធនាគារជាតិ នៃកម្ពុជា ខេត្តកំពង់ឆ្នាំង តំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជា, ព្រមទាំងឯកឧត្តមបណ្ឌិត ម៉ី វ៉ាន់ រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ

ពិធីនេះក៏មានការចូលរួមពីអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល ធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប, លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន នាយិកាប្រតិបត្តិការនៃធនាគារ វីង និងជាអនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ព្រមទាំងឧកញ៉ា គិត ស៊ូឡា ប្រធានផ្នែកប្រតិបត្តិការនៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អន្តរជាតិ ព្រមទាំងការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយសជាច្រើនទៀតផងដែរ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានបង្ហាញការកើតសរសើរចំពោះធនាគារ វីង ដែលទទួលបានការគាំទ្រ និងទំនុកចិត្តពីសាធារណជន និងបានពង្រីកខ្លួនជាបន្តបន្ទាប់។ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានថ្លែងថា៖ “ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ធនាគារ វីង នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ជាដំណោះស្រាយ ក៏ដូចជា ឆ្លើយតបនឹងតម្រូវការផ្នែកហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជា និងអាជីវកម្មក្នុងខេត្តកំពង់ឆ្នាំងទាំងមូលផងដែរ។”

ឆ្លៀតក្នុងឱកាសនោះផងដែរ លោក ឈាង តុលា នាយកសាខាធនាគារជាតិ នៃកម្ពុជា ខេត្តកំពង់ឆ្នាំង តំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានវាយតម្លៃខ្ពស់ដល់ការខិតខំប្រឹងប្រែងរបស់ធនាគារ វីង ក្នុងការពង្រីកបណ្តាញប្រតិបត្តិការអាជីវកម្មជាបន្តបន្ទាប់។ លោក ឈាង តុលា បានថ្លែងថា៖ “សាខាថ្មីរបស់ធនាគារ វីង បានបង្ហាញឱ្យឃើញពីវឌ្ឍនភាព និងភាពរីកចម្រើន ដោយបានបង្កើតផលិតផល និងសេវាហិរញ្ញវត្ថុថ្មីៗ សម្បូរបែបបន្ថែមទៀត និងបានពង្រីកខ្លួនដល់ក្រុងកំពង់ឆ្នាំង សំដៅបង្ខិតសេវាហិរញ្ញវត្ថុជូនដល់សាធារណជន។ ”

ដោយមានទីតាំងចម្ងាយត្រឹមតែ ៥០ម៉ែត្រប៉ុណ្ណោះ ពីរង្វង់មូលវិមានឯករាជ្យនៃក្រុងកំពង់ឆ្នាំង សាខាថ្មីរបស់ធនាគារ វីង ងាយស្រួលរកសម្រាប់អតិថិជនអញ្ជើញទៅទទួលសេវាហិរញ្ញវត្ថុ និងផលិតផលធនាគារជាច្រើន។

លោក ហាន ប៉េងក្វាង អគ្គនាយកធនាគារ វីង បានមានប្រសាសន៍ថា៖ “ខ្ញុំពិតជាមានសេចក្តីសោមនស្សក្រៃលែង ដោយសារតែធនាគារ វីង នឹងចាប់ផ្តើមរួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍខេត្តកំពង់ឆ្នាំង តាមរយៈការដាក់ឱ្យដំណើរការសាខាធនាគារដ៏ទំនើបរបស់យើងនៅទីនេះ។”

ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់អ្នកឧកញ៉ា គិត ម៉េង ធនាគារ វីង បានបោះជំហានឈានមុខគេក្នុងការប្រើប្រាស់ដំណោះស្រាយឌីជីថល ដែលជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាអស់រយៈពេលជិត១៦ឆ្នាំមកនេះ។

លោក ហាន ប៉េងក្វាង បានបន្ថែមថា៖ “យើងខ្ញុំបានប្តេជ្ញាចិត្តក្នុងការត្រៀមខ្លួនជាស្រេចដើម្បីផ្តល់សេវាធនាគារយ៉ាងពេញលេញ ដែលផ្តល់សិទ្ធអំណាចដល់សហគមន៍ ដោយអនុញ្ញាតឱ្យពួកគាត់ងាយស្រួលក្នុងការទទួលបានដំណោះស្រាយហិរញ្ញវត្ថុចាំបាច់នានាសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ។ យើងរួមគ្នាដើម្បីកសាងអនាគតមួយដែលពលរដ្ឋគ្រប់រូបអាចរីកចម្រើន និងរុងរឿងបាន។”

សាខាថ្មីនេះផ្តល់ជូនសេវាកម្មធនាគារសម្បូរបែប ដោយបើកដំណើរការពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ចាប់ពីម៉ោង ៨ ព្រឹក ដល់ម៉ោង ៤រសៀល ដើម្បីធានាថាអតិថិជនងាយស្រួលក្នុងការទទួលបានដំណោះស្រាយហិរញ្ញវត្ថុនានា។ សេវាកម្មទាំងនេះរួមមាន៖ ប្រាក់បញ្ញើ, ប្រាក់កម្ចី, ធានារ៉ាប់រង, ផ្ទេរប្រាក់ក្នុងស្រុកនិងអន្តរជាតិ, ទូទាត់វិក្កយបត្រ, ម៉ាស៊ីនដកប្រាក់ និងដាក់ប្រាក់ ព្រមទាំងមានសេវាកម្មជាច្រើនទៀត។ ខណៈពេលដែលកំពុងរង់ចាំធ្វើប្រតិបត្តិការហិរញ្ញវត្ថុផ្សេងៗ អតិថិជនអាច រីករាយជាមួយកន្លែងរង់ចាំដ៏មានផាសុកភាព និងទំនើបបំផុត ហើយក៏អាចរីករាយទទួលទានកាហ្វេ និងទឹកផ្លែឈើដ៏ឈ្ងុយឆ្ងាញ់ពីហាង Coffee Hub ដែលមានទីតាំងនៅខាងក្នុងសាខាតែម្តង។

ថ្លែងក្នុងកម្មវិធីសម្ពោធសាខាថ្មីរបស់ធនាគារ វីង ឧកញ៉ា គិត ស៊ូឡា បានលើកឡើងថា៖ “ធនាគារ វីង បានបង្ហាញពីការយកចិត្តទុកដាក់របស់ខ្លួនក្នុងការគាំទ្រចក្ខុវិស័យរបស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អន្តរជាតិ ក្នុងការធ្វើពិពិធកម្ម និងលើកកម្ពស់ផលប័ត្រឌីជីថលរបស់ខ្លួន។ ការរួមបញ្ចូលគ្នានៃសេវាកម្មតាមឌីជីថល និងនៅតាមទីតាំងនានារបស់ខ្លួន បានជំរុញឱ្យធនាគារ វីង អាចបង្កើនភាពប្រកួតបប្រជែងរបស់ខ្លួនកាន់តែខ្លាំងជាងមុន ហើយនេះក៏ជាមោទនភាពមួយសម្រាប់រ៉ូយ៉ាល់គ្រុបផងដែរ។”

ឧកញ៉ា គិត ស៊ូឡា បានបន្ថែមថា៖ “រូបខ្ញុំផ្ទាល់ ខ្ញុំពិតជាមានមោទនភាពយ៉ាងខ្លាំងដែលឃើញសមាជិករបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបមានការរីកចម្រើន និងបានប្រើប្រាស់ជំនាញរបស់ខ្លួនដើម្បីគាំទ្រសហគមន៍នានា។ វាជាសក្ខីភាពមួយចំពោះការខិតខំប្រឹងប្រែរបស់ធនាគារ វីង ហើយក៏ជាតម្លៃរួមមួយដែលពួកយើងប្រកាន់ខ្ជាប់ផងដែរ។” ដោយមានទ្រព្យសកម្មជិត ២ពាន់លានដុល្លារអាមេរិក ភ្នាក់ងារវីង ១១.០០០ទីតាំង ដៃគូអាជីវកម្មប្រមាណ ១៦៥.០០០ ព្រមទាំងមានអតិថិជនប្រើប្រាស់ជាង ១៤,៥លានគណនី ធនាគារ វីង បានក្លាយជាធនាគារឌីជីថលរីកចម្រើនយ៉ាងឆាប់រហ័សមួយនៅក្នុងប្រទេសកម្ពុជា

កិច្ចសហការជាយុទ្ធសាស្ត្រជាមួយដៃគូធំៗជាច្រើនដូចជា៖ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Prudential (Cambodia) Life Assurance, ក្រុមហ៊ុន UnionPay, ក្រុមហ៊ុនវីសា, ក្រុមហ៊ុនម៉ាស្ទ័រកាត, ក្រុមហ៊ុន Alipay, ក្រុមហ៊ុន WeChat, ក្រុមហ៊ុន MoneyGram, ក្រុមហ៊ុន Western Union, ក្រុមហ៊ុន Ria និងក្រុមហ៊ុន Oracle ជាដើម បានជួយបង្កើនការប្តេជ្ញាចិត្តរបស់ធនាគារ វីង មួយកម្រិតបន្ថែមទៀតក្នុងការផ្តល់នូវសេវាកម្មហិរញ្ញវត្ថុមួយដែលផ្សាភ្ជាប់គ្នាទៅវិញទៅមកឥតអាក់ខាន

សាខាថ្មីរបស់ធនាគារ វីង ក្នុងខេត្តកំពង់ឆ្នាំង ត្រៀមខ្លួនជាស្រេចដើម្បីដើរតួជាផ្នែកមួយដ៏សំខាន់ក្នុងការជំរុញភាពរីកចម្រើននៅក្នុងសហគមន៍ ក៏ដូចជាពង្រីកសេវាកម្មហិរញ្ញវត្ថុប្រកបដោយភាពងាយស្រួលប្រើប្រាស់ ដែលនឹងជួយជំរុញខេត្តនេះឆ្ពោះទៅរកអនាគតដ៏រុងរឿង៕