ខ្លីៗ​អំពី​កម្មវិធី Euro 2024

  • 2024-06-14 14:14:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នា​វេលា​ម៉ោង ២ រំលង​អាធ្រាត្រ​យប់​នេះ កម្មវិធី​ប្រកួត​បាល់ទាត់​កំពូល​ប្រចាំ​ទ្វីប​អឺរ៉ុប​ឆ្នាំ ២០២៤ (ហៅ​កាត់​ថា UEFA Euro 2024) នឹង​ប្រារព្ធ​ឡើង​នៅ​ទឹក​ដី​ប្រទេស​អាល្លឺម៉ង់។ ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់​ដែល​ជា​ម្ចាស់​ផ្ទះ នឹង​ត្រូវ​បាន​ធ្វើ​ការ​ប្រកួត​បើក​ឆាក​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ស្កុតឡែន។

ខាង​ក្រោម​ជា​ព័ត៌មាន​ទូទៅ​ខ្លីៗ​មួយ​ចំនួន​ទាក់​ទង​នឹង​​កម្មវិធី UEFA Euro 2024 ដែល​ជា​មហា​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ជម្រើស​ជាតិ​ដ៏​ធំ​មួយ​ក្នុង​ពិភពលោក៖

ទិដ្ឋភាព​ទូទៅ៖ កម្មវិធី UEFA Euro គឺ​ជា​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ជម្រើស​ជាតិ​ដ៏​ធំ​បំផុត​ប្រចាំ​ទ្វីប​អឺរ៉ុប រៀប​ចំ​ដោយ​សហព័ន្ធ​បាល់ទាត់​អឺរ៉ុប ហៅ​កាត់​ថា UEFA។ ព្រឹត្តិការណ៍​នេះ​ប្រព្រឹត្ត​ទៅ​រៀងរាល់​ ៤ ឆ្នាំ​ម្តង ហើយ​ចាប់​ផ្ដើម​នៅ​ឆ្នាំ ១៩៦០។ Euro ឆ្នាំ​នេះ គឺ​ជា​កម្មវិធី​លើក​ទី ១៧ ហើយ​នៃ​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​អឺរ៉ុប​មួយ​នេះ។

ពេល​វេលា៖ កម្មវិធី Euro 2024 ធ្វើ​ឡើង​រយៈ​ពេល​ចំនួន​មួយ​ខែ​ពេញ ពោល​គឺ​ចាប់​ពី​ថ្ងៃ​ទី ១៤ ខែ​មិថុនា ឆ្នាំ ២០២៤ ដល់​ថ្ងៃ​ទី ១៤ ខែ​កក្កដា ឆ្នាំ ២០២៤។

ទី​តាំង៖ បណ្ដា​ប្រកួត​ក្នុង​កម្មវិធី Euro ឆ្នាំ​នេះ ធ្វើ​ឡើង​នៅ​ទី​ក្រុង​ចំនួន ១០ នៅ​ប្រទេស​អាល្លឺម៉ង់ រួម​មាន Berlin, Dortmund, Munich, Cologne, Stuttgard, Hamburg, Leipzig, Frankfurt, Gelsenkirchen និង Dusseldorf ។ នេះ​ជា​លើក​ទី ៣ ហើយ​ដែល​អាល្លឺម៉ង់​បាន​ធ្វើ​ម្ចាស់​ផ្ទះ​កម្មវិធី Euro ដោយ​លើក​ទី​មួយ​នៅ​ឆ្នាំ ១៩៨៨ លើក​ទី​ពីរ​នៅ​ឆ្នាំ ២០២១ (ក្នុង​នាម​សហ​ម្ចាស់​ផ្ទះ​សម្រាប់​កម្មវិធី Euro 2020) និង​លើក​ទី​បី​គឺ​នៅ​ឆ្នាំ ២០២៤។ កាល​ពី​អំឡុង​ពេល​ដេញ​ថ្លៃ​ធ្វើ​ម្ចាស់​ផ្ទះ​ Euro 2024អំឡុង​ពេល​ឆ្នាំ ២០២២ និង ២០២៣ ក្រៅ​ពី​អាល្លឺម៉ង់ មាន​ប្រទេស​មួយ​ទៀត​ក៏​បាន​ដាក់​បេក្ខភាព​ប្រជែង​ដែរ នោះ​គឺ​ទួរគី។ ទោះ​ជា​យ៉ាង​ណា UEFA បាន​សម្រេច​យក​អាល្លឺម៉ង់ ដោយ​ហេតុ​ផល​សំខាន់ៗ​មួយ​ចំនួន ក្នុង​នោះ​ហេតុ​ផល​សំខាន់​មួយ គឺ​ដោយ​សារ​រាល់​កីឡដ្ឋាន​ក្នុង​ទី​ក្រុង​ទាំង ១០ របស់​អាល្លឺម៉ង់​សុទ្ធ​សឹង​តែ​អាច​មាន​សមត្ថភាព​ក្នុង​ទទួល​ភ្ញៀវ​ទស្សនា​យ៉ាង​តិច​ចំនួន ៣ ម៉ឺន​នាក់ ដែល​នេះ​គឺ​ជា​អ្វី​ដែល UEFA ចង់​បាន។

ចំនួន​ក្រុម​ជម្រើស​ជាតិ និង​ចំនួន​ប្រកួត៖ កម្មវិធី Euro 2024 មាន​ ២៤ ក្រុម​ជម្រើស​ជាតិ​ចូល​រួម ហើយ​មាន​ចំនួន​ប្រកួត​សរុប​ ៥១ ប្រកួត។ ក្នុង​ចំណោម ២៤ ក្រុម​ជម្រើស​ជាតិ​នោះ ២៣ ក្រុម​​កើត​ចេញ​ពី​ការ​ប្រកួត​វគ្គ​ជម្រុះ​ជា​ច្រើន​ដង​ពី​ឆ្នាំ ២០២២ ដល់​ខែ​មីនា ឆ្នាំ ២០២៤។ ដោយ​ឡែក ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ អាល្លឺម៉ង់​កក់​កៅអី​ជា​ស្វ័យប្រវត្តិ​ក្នុង​កម្មវិធី Euro 2024។ ការ​ប្រកួត​ក្នុង​កម្មវិធី​ Euro ឆ្នាំ​នេះ មិន​ខុស​លើក​មុន ដោយ​បាន​បែងចែក​ជា​វគ្គ រួម​មាន៖ វគ្គ​ចែក​ពូល វគ្គ ១៦ ក្រុម​ចុង​ក្រោយ វគ្គ ៨ ក្រុម​ចុង​ក្រោយ វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ និង​វគ្គ​ផ្ដាច់ព្រ័ត្រ។

ចំនួន​ពូល៖ Euro 2024 មាន​ចំនួន​ ៦ ពូល ក្នុង​នោះ​មួយ​ពូល​មាន​ចំនួន ៤ ក្រុម​ជម្រើស​ជាតិ។ ក្នុង​នោះ ពូល​ A មាន​អាល្លឺម៉ង់ ស្កុតឡែន ហុងគ្រី និង​ស្វ៊ីស ហើយ​ពូល B មាន​អេស្ប៉ាញ ក្រូអាត អ៊ីតាលី (ជើងឯក Euro 2020) និង​អាល់បេនា។ ចំណែក​ឯ​ពូល C មាន​ស្លូវេនី ដាណឺម៉ាក ស៊ែប និង​អង់គ្លេស ហើយ​ពូល D មាន​ប៉ូឡូញ ហុល្លង់ អូទ្រីស និង​បារាំង។ ដោយ​ឡែក ពូល E មាន​បែលហ្សិក ស្លូវ៉ាគី រូម៉ានី និង​អ៊ុយក្រែន ហើយ ពូល F មាន​ទួរគី ហ្សកហ្សី ព័រទុយហ្គាល់ និង​សាធារណរដ្ឋ​ឆេក។

ផ្សេងៗ៖ ក្រុម​ជម្រើស​ជាតិ​មួយ​ចំនួន​ដូច​ជា​ ស៊ុយអែត វេល ម៉ាស៊ីដង់​ខាង​ជើង ហ្វាំងឡង់ និង​រុស្ស៊ី​ជា​ដើម​បាន​អវត្តមាន​ក្នុង​កម្មវិធី Euro 2024 នេះ។ ៤ ប្រទេស​ខាង​ដើម បាន​ទទួល​បរាជ័យ​ក្នុង​វគ្គ​ជម្រុះ ខណៈ​រុស្ស៊ី​ត្រូវ​បាន UEFA ហាម​ប្រាម​មិន​ឲ្យ​លេង​វគ្គ​ជម្រុះ​ដោយ​បញ្ហា​ទាក់ទង​នឹង​សង្គ្រាម​នៅ​អ៊ុយក្រែន​ដែល​បាន​កើត​ឡើង​នៅ​ខែ​កុម្ភៈ ឆ្នាំ ២០២២៕

ប្រភព៖ UEFA   អត្ថបទ៖ សេរី មង្គល