លម្អិត​អំពី​ស្ពាន​អាកាស​ភ្លោះ ដែលភ្ជាប់ពី​ផ្លូវ៦០ម៉ែត្រ ឆ្លងផ្លូវជាតិលេខ២ ឆ្ពោះ​ទៅ​ព្រលានយន្តហោះ​អន្តរជាតិតេជោ

  • 2024-06-17 02:37:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ពានអាកាស​ភ្លោះ នៅ​ចំណុច​ប្រសព្វ​​មហាវិថីសម្តេច​តេជោ ហ៊ុន សែន និង​ផ្លូវជាតិលេខ២ ស្ថិតនៅ​ព្រំប្រទល់​រាជធានីភ្នំពេញ និងខេត្តកណ្តាល​ ត្រូវបាន​ធ្វើ​ពិធី​បើកការដ្ឋាន​សាងសង់ហើយ​ នាព្រឹកថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២៤នេះ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។

ឯកឧត្តម ឃួង ស្រេង អភិបាល​រាជធានីភ្នំពេញ បាន​ថ្លែងក្នុងពិធីនេះថា ស្ពានអាកាសភ្លោះនេះ គឺជាស្ពានអាកាសទី១ ដែលត្រូវបានបើកការដ្ឋានស្ថាបនា​ក្នុង​អាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី។

ស្ពានអាកាសភ្លោះនេះ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដោយគ្រោងប្រើរយៈពេលសាងសង់ចំនួន ១២ខែ និងត្រូវចំណាយថវិកាចំនួន ១៦ ២០០ ៥០០ដុល្លារ ជាកញ្ចប់ថវិកាបានមកពីការបង្វែរកញ្ចប់ថវិកាពីគម្រោង​សាងសង់​ស្ពានអាកាស គង់ សំអុល និងមូលនិធិអភិវឌ្ឍកោះនរា។ ស្ពាននេះ នឹងក្លាយជាស្ពានអាកាសទី៨ ក្រោមកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលរាជធានីភ្នំពេញ និងវិស័យឯកជន។

គម្រោងសាងសង់ស្ពានអាកាសនេះ នឹងត្រូវសាងសង់ស្ពានអាកាសភ្លោះជាផ្លូវឯកទិស ដោយស្ពានទី១ មានទិសដៅតាមបណ្ដោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន ឆ្លងកាត់​ផ្លូវ​ជាតិលេខ២ ឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ និងស្ពានទី២ មានទិសដៅពី​អាកាសយានដ្ឋានអន្តរជាតិតេជោ ឆ្លងកាត់ផ្លូវជាតិលេខ២ ឆ្ពោះតាមបណ្ដោយមហាវិថី សម្តេចតេជោ ហ៊ុន សែន វិញ។

ក្នុងនោះ ស្ពាននីមួយៗ មានទទឹងតួស្ពានទំហំ ៩,៥ម៉ែត្រ បណ្តោយតួស្ពានប្រវែង ២៨១ម៉ែត្រ និងស្ថាបនាផ្លូវតភ្ជាប់ក្បាលស្ពានផ្នែកខាងជើងប្រវែង ១៨០ម៉ែត្រ និងផ្នែកខាងត្បូងប្រវែង ១៦១ម៉ែត្រ សរុបបណ្ដោយស្ពានមានប្រវែង ៦២២ម៉ែត្រ ហើយគន្លងផ្លូវរត់របស់តួស្ពាននីមួយៗ មានចំនួន ៣គន្លង (ទំហំ ៣,២៥ ម៉ែត្រ + ៣,២៥ ម៉ែត្រ + ២ ម៉ែត្រ) សម្រាប់ចរាចរឯកទិស។

បច្ចេកទេស​នៃការស្ថាបនា គឺត្រូវ​សាងសង់សសរស្ពាន ចំនួន៦ទីតាំង មាន ៧ប្រឡោះ ដែលមានគម្លាតអតិបរមា ​៤៥ម៉ែត្រ។ សសរគ្រឹះ ត្រូវខួងគ្រឹះតាមអង្កត់ផ្ចិតមុខកាត់ ទំហំ ១,៥ម៉ែត្រ និងមានជម្រៅ ៣០ម៉ែត្រ ទៅ ៤៥ម៉ែត្រ ដែលមានជើងតាងស្ពាន ៦ទីតាំង មានទំហំ ៦,២៥ x ២,៥ម កម្ពស់ ២,៥ម ទ្រដោយគ្រឹះ២ដើម មានមុខកាត់​ទំហំ ១,៥ម។

ចំពោះលក្ខណៈរូបវន្តនៃការសាងសង់ស្ពាននេះ មានជម្រាលទទឹង ២% ​ជម្រាលបណ្តោយស្ពាន ៩,៥% ទម្ងន់ផ្ទុកអនុញ្ញាត ២៥តោន ដោយ​កំណត់ល្បឿនយានយន្តបើកបរលើស្ពាន ៤០គីឡូម៉ែត្រ/ម៉ោង និងមានកម្ពស់សុវត្ថិភាព​ ៥,៥ម៉ែត្រ សម្រាប់ផ្លូវឆ្លងកាត់ផ្នែកខាងក្រោមស្ពានអាកាស។

ក្រៅពីសំណង់តូស្ពាន និងផ្លូវតភ្ជាប់ក្បាលស្ពានហើយនោះ គម្រោងស្ពានអាកាស​ភ្លោះ​នេះ ក៏នៅមានការសាងសង់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ដែលត្រូវបំពាក់ភ្ជាប់ក្នុង​គម្រោង​រួមមាន៖ ការបំពាក់បង្គោលភ្លើងបំភ្លឺផ្លូវ, ការដាក់ស្លាក​សញ្ញា​ចរាចរ, ការលាបគំនូសចរាចរ,ការរៀបចំបណ្តាញលូអមសងខាងផ្លូវ, ការកែសម្រួលចិញ្ចើមផ្លូវក្នុងតំបន់ការដ្ឋាន ការដាំ​ដើម​ឈើ​-ដើមផ្កាលម្អ និង ការរៀបចំរចនាជាសួនច្បារបៃតង មានគម្លាត ៩ម៉ែត្រ រវាង​ប្រឡោះ​ស្ពានទី១ និងស្ពានទី២ បន្ថែមទៀត៕

អត្ថបទ៖ សំភី

អត្ថបទថ្មី