ចាប់ពីពេលនេះទៅ ធ្វើលិខិតឆ្លងដែន​ មិនចាំបាច់រង់ចាំយូរទៀតទេ!

  • 2024-06-19 08:01:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​មហាផ្ទៃ​បាន​ប្រកាសថា ដើម្បី​កាត់​បន្ថយ​ពេលវេលា​រង់ចាំ​របស់​ប្រជាពលរដ្ឋនៅទីតាំងផ្តល់លិខិតឆ្លងដែន អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម នឹងដាក់​ឱ្យប្រើប្រាស់​សាកល្បង​នូវសេវាផ្តល់​លិខិត​ឆ្លងដែន តាមប្រព័ន្ធអនឡាញ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ដោយបងប្អូន​ប្រជាពលរដ្ឋ​អាចចូល​ទៅកាន់​គេហទំព័រសេវាអត្តសញ្ញាណកម្ម online.gdi.gov.kh ឬស្កេន QR Code ​ក្នុងសេចក្តីជូនដំណឹងខាងក្រោមនេះ ដើម្បីបំពេញបែបបទ។

យ៉ាងណាមិញ ក្រោយបំពេញ​បែបបទតាមប្រព័ន្ធអនឡាញរួច សាមីខ្លួន​ត្រូវអញ្ជើញ​ទៅកាន់​ទីស្នាក់ការ ឬសាខាលិខិត​ឆ្លងដែនណាមួយតាមការកំណត់ ដើម្បីសម្ភាស ថតរូប ផ្តិតខ្ចៅដៃ និងបង់សេវារដ្ឋបាលដោយភ្ជាប់​ជាមួយ​នូវពាក្យស្នើសុំ (តាមប្រព័ន្ធខាងលើ) និងឯកសារយោង។

ចំពោះ​ប្រជាពលរដ្ឋ​មានជំងឺធ្ងន់ ឬចាស់ជរា ឬពិការភាព ដែលពុំអាចធ្វើដំណើរ​ទៅកាន់​ទីតាំងផ្តល់​សេវាដោយផ្ទាល់បាន សមាជិកគ្រួសារ ឬតំណាង​អាចដាក់ពាក្យស្នើសុំទៅកាន់ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដោយភ្ជាប់ជាមួយ​នូវសំបុត្របញ្ជាក់ពីពេទ្យ ឬរូបថត​អំពីស្ថានភាព​នៃអ្នកជំងឺ ឬស្ថានភាព​អ្នកស្នើសុំ។ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នឹងពិនិត្យចាត់ក្រុមការងារ ចុះផ្តល់សេវាដល់ទីតាំងរបស់សាមីខ្លួនដោយពុំគិតកម្រៃសេវាបន្ថែម សម្រាប់ទីតាំងនៅក្នុងរាជធានីភ្នំពេញ។

សម្រាប់​បងប្អូនប្រជាពលរដ្ឋ ដែលមានការងារ​មមាញឹកខ្លាំងនៅថ្ងៃធ្វើការ អាចទៅកាន់​ទីស្នាក់ការផ្តល់លិខិតឆ្លងដែននៅ ផ្សារទំនើបអ៊ីអន២ សែនសុខ នៅថ្ងៃចុងសប្តាហ៍ (ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ) ដើម្បីទទួលសេវា៕

អត្ថបទ៖ សំភី