បើ Staria ជាឡាន EV តើ​ទិញជិះទេ? ព្រោះ២ឆ្នាំទៀត Hyundai នឹង​ផលិតវាហើយ

  • 2024-06-21 04:00:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Hyundai នឹង​ផលិត​រថយន្តវ៉ែនដ៏ល្បីល្បាញបំផុត​របស់ខ្លួន Staria ជាប្រភេទអគ្គិសនី​នៅក្នុងឆ្នាំ​២០២៦ ដើម្បីសមស្រប​នឹងច្បាប់បរិស្ថានរបស់អឺរ៉ុប។

ក្រុមហ៊ុន​រថយន្តកូរ៉េនេះ បាន​បញ្ជាក់​ថា រថយន្ត​ MPV អគ្គិសនីនេះ នឹង​ត្រូវផលិតនៅរោងចក្រ​ Ulsan ក្នុងប្រទេសកូរ៉េខាងត្បូង នៅដើមឆ្នាំ​២០២៦ បន្ទាប់មកផលិតនៅអឺរ៉ុប នាពាក់កណ្តាលឆ្នាំ​២០២៦។ រថយន្តអគ្គិសនីនេះ មិនត្រឹម​តែលក់​នៅអឺរ៉ុបប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងនាំយកមកលក់​ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកផងដែរ រួមមានទីផ្សារធំៗដូចជា អូស្ត្រាលី ឥណ្ឌូណេស៊ី និងថៃ។

Staria EV នឹង​បំពាក់អាគុយ NCM ជំនាន់ទី៤ ទំហំ ៨៤គីឡូវ៉ាត់ម៉ោង ដែល​អាចធ្វើដំណើរបាន​ចម្ងាយ ៣២៤គីឡូម៉ែត្រ ពេលសាកពេញម្តង។ រយៈពេលសាកពី ១០% ទៅ ៨០% ប្រើពេលប្រហែល ២០នាទីប៉ុណ្ណោះ។

Hyundai រំពឹងថា តម្រូវការរថយន្តវ៉ែនអគ្គិសនី​នឹងកើនឡើង​ក្នុងតំបន់អឺរ៉ុប នៅពេល​សហភាព​អឺរ៉ុប​អនុវត្តច្បាប់ Euro 7 ដែលដាក់កំហិតលើការបញ្ចេញផ្សែងចេញពីរថយន្ត នៅក្នុងខែកក្កដា ឆ្នាំ​២០២៥។

យ៉ាងណាមិញ មុនឈានដល់ការផលិត Staria EV ក្រុមហ៊ុន Hyundai គ្រោង​នឹងបញ្ចេញម៉ូឌែល Staria ថ្មីចំនួន២ ជាប្រភេទ Hybrid និងប្រភេទប្រើសាំង ម៉ាស៊ូតសុទ្ធ នាចុងឆ្នាំក្រោយ។

គួរដឹងថា Hyundai Staria ត្រូវបានកែរូបរាងថ្មីជាលើកដំបូង​ក្នុងឆ្នាំ​២០២១ ពីម៉ូឌែលចាស់ Starex។ ឆ្នាំមុន ការលក់រថយន្ត Staria បានឡើងដល់ចំនួនជាង ៥ម៉ឺន ៤ពាន់គ្រឿង។ សម្រាប់ Staria EV នេះ Hyundai គ្រោងលក់​ឱ្យបាន ១៥ ០០០ ដល់ ២ម៉ឺនគ្រឿង ក្នុង១ឆ្នាំ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី