N’Golo Kanté ជា​កីឡាករ​ទី​១​នៅ EURO 2024 ជា​អ្នក​លេង​ល្អ​ប្រចាំ​ការ​ប្រកួត​២លើក​ជាប់​គ្នា

  • 2024-06-21 23:56:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បុរស​សួត​ដែក​ ឬ​ត្រូវ​បាន​គេ​ស្គាល់​ថា បុរស​រត់​មិន​ចេះ​ហត់ N’Golo Kanté ​​កីឡាករ​ជម្រើស​ជាតិ​បារាំង​បាន​ជាប់​​ជា​​ Player of the Match (កីឡាករ​ល្អ​ប្រចាំ​ការ​ប្រកួត​) ទៀត​ហើយ​កាល​ពី​​​យប់មិញ​នេះ​​ក្នុង​ជំនួប​បារាំង​លេង​ស្មើ​ហុល្លង់​ក្នុង​ព្រឹត្តិការណ៍ UERO 2024 ដែល​កំពុង​តែ​ដំណើរ​នៅ​ប្រទេស​អាល្លឺម៉ង់​។​

​កាល​ប្រកួត​​ទី​១​​បុរស​សួត​ដែក​ម្នាក់​នេះ​ជា​ចំណែក​មួយ​ដ៏​សំខាន់​​ក្នុង​ការ​ជួយ​ក្រុម​ជម្រើស​​ជាតិ​បារាំង​របស់​ខ្លួន​ឲ្យ​យក​ឈ្នះ​១-០ លើ​ក្រុម​អូទ្រីស​​តាម​រយៈ​ការ​រត់​ចុះ​ឡើង​ជួយ​ជ្រោមជ្រែង​នៅ​តំបន់​ប្រយុទ្ធ​ផង និង​រត់​ចុះ​មក​ក្រោម​ជួយ​បិទ​​នៅ​តំបន់​ការពារ​ហើយ​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​​ពោល​គឺ​ស្ទើរ​តែ​មិន​មាន​បាល់​ខូច​។

​រហូត​ដល់​ប្រកួត​ទី ២ ដ្បិត​ថា​លេង​ស្មើ​ក្រុម​ជម្រើស​​ជាតិ​ហុល្លង់​០-០ មែន​​ប៉ុន្តែ​គេ​មើល​ឃើញ​ថា N’Golo Kanté នៅ​តែ​រក្សា​ទម្រង់​លេង​​របស់​ខ្លួន​​បាន​ល្អ​​ស្ទើរ​តែ​ដូច​កាល​ប្រកួត​ទី​១​​ពេញ​១០០%​ ហើយ​។ ​បន្ថែម​លើ​ទម្រង់​លេង​គេ​ក៏​ជា​កីឡាករ​លេង​ប្រកប​ដោយ Fair Play និង​ស្លូតបូត​ ដែល​ទាំង​នេះ​ហើយ​ទើប​គេ​អាច​ក្លាយ​ជា​កីឡាករ​ល្អ​ប្រចាំ​ការ​ប្រកួត​​រហូត​ដល់​ទៅ​២​លើ​ក​​ជាប់​ៗ​គ្នា។

​បារាំង​​បច្ចុប្បន្ន​​មាន​៤​ពិន្ទុ​ក្នុង​ពូល​ D ​ស្មើ​ក្រុម​​ជម្រើស​ជាតិ​ហុល្លង់​ ដ្បិត​ថា​មិនទាន់​ឡើង​​ទៅ​វគ្គ​១៦​ក្រុម​១០០%​ប៉ុន្តែ​​ក្រុម​នេះ​មាន​ភាគ​រយ​ស្ទើរ​តែ​៩៩%​ទៅ​ហើយ​ក្នុង​ការ​ឡើង​ទៅ​កាន់​​ជុំ​បន្ត​៕ ​​​​​​

Daro Ly

អត្ថបទថ្មី