នាឡិកា​កម្ពស់​ ៣៥ម៉ែត្រ​ នឹង​លេចត្រដែត​ឡើងនៅ​តាមដង​ព្រែកកំពង់បាយ​ ខេត្តកំពត បន្ទាប់ពីសេះសមុទ្រ

  • 2024-06-27 04:19:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាជ្ញាធរ​ខេត្តកំពត​ កំពុងរៀបចំ​បុកគ្រឹះ​សាងសង់​នាឡិកា​កម្ពស់​ប្រមាណ ៣៥​ម៉េត្រ ដែលមាន​ទីតាំង​ស្ថិតនៅ​តាមដងព្រែក​កំពង់បាយ មុខសាលាខេត្ត​ឈៀងខាងត្បូង ក្នុងសង្កាត់ត្រើយកោះ ក្រុងកំពត។

មុខនាឡិកា មានទំហំមុខកាត់​អង្កត់ផ្ចិត​ប្រមាណ ៩,៧​ម៉ែត្រ ហើយនាឡិកា​នេះ​ត្រូវបាន​សាងសង់​តាមរចនាបទ​ខ្មែរសុទ្ធសាធ។

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានថ្លែង​ក្នុងកិច្ចប្រជុំ​កាលពី​ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ​២០២៤ថា ខេត្តកំពត​គឺជាខេត្តប៉ូលទេសចរណ៍​ដ៏សំខាន់​មួយក្នុងប្រទេសកម្ពុជា ហើយក៏ជាខេត្តមួយក្នុងចំណោមខេត្ត​ទាំងបួន​ដែលជាប់នឹងឆ្នេរសមុទ្រ​កម្ពុជា ដូច្នេះអាជ្ញាធរ​ខេត្តនឹងជ្រើសយកការអភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ជាចំបង។

ឯកឧត្តម​អភិបាលខេត្ត​បានបន្តថា ក្រោយពីទទួលបាន​ការគាំទ្រ និងមាន​ការកើនឡើង​ចំនួន​ភ្ញៀវទេសចរ​មកកម្សាន្ត​ក្នុងខេត្ត បន្ទាប់ពីមាន​ការស្ថាបនា​ឱ្យមានឆ្នេរខ្សាច់​កម្សាន្ត ពិសេសរូបសំណាក​ត្រីសេះសមុទ្របាញ់ទឹក ហើយដើម្បីកែលម្អ ក៏ដូចជាបន្ថែមសោភ័ណភាពក្នុងក្រុងកំពត ពិសេសបង្កើនការទាក់ទាញភ្ញៀវទេសចរឱ្យមកសម្រាកកម្សាន្តក្នុងខេត្តកំពតកាន់តែច្រើនបន្ថែមទៀតនោះ អាជ្ញាធរខេត្តបាននិងកំពុងរៀបចំបុកគ្រឹះសាងសង់នាឡិកាកម្ពស់ប្រមាណ ៣៥ម៉ែត្រ។

ទន្ទឹមនឹងនោះដែរ ស្របពេលជាមួយនឹងការសាងសង់នាឡិកានេះដែរ អាជ្ញាធរខេត្តកំពតក៏បាននឹងកំពុងរៀបចំស្ថាបនាឆ្នេរខ្សាច់សមុទ្រមួយបន្ថែមទៀត ដែលមានចម្ងាយប្រមាណ ៨គីឡូម៉ែត្រពីកំពង់ផែទេសចរណ៍អន្តរជាតិ ស្ថិតក្នុងស្រុកទឹកឈូ ដើម្បីឱ្យខេត្តមួយនេះមានឆ្នេរសមុទ្រឱ្យភ្ញៀវទេសចរមកលេងកម្សាន្តដូចខេត្តបីផ្សេងទៀត។

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតរំពឹងថា ក្រោយពីសាងសង់នាឡិកា និងស្ថាបនាឆ្នេរខ្សាច់កម្សាន្តក្នុងខេត្តរួចហើយ កំណើនសេដ្ឋកិច្ចក្នុងខេត្ត ពិសេសចំណូលរបស់ប្រជាពលរដ្ឋមានការកើនឡើងតាមរយៈវិស័យទេសចរណ៍។

សូមរំលឹកថា ក្រោយពីមានសមិទ្ធផលទេសចរណ៍ដែលបង្កើតឡើងដោយរដ្ឋបាលខេត្ត ក្នុងមួយសប្តាហ៍ៗមានភ្ញៀវទេសចរមកលេងកម្សាន្តក្នុងខេត្តកំពតចន្លោះពី ៤ម៉ឺននាក់ ទៅ ៥ម៉ឺននាក់ ដែលបានធ្វើឱ្យចំណូលរបស់ប្រជាពលរដ្ឋមានការកើនឡើង និងមានភាពធូធារជាងមុនតាមរយៈការទទួលផលពីវិស័យទេសចរណ៍៕

ប្រភព៖មន្ទីរព័ត៌មានខេត្តកំពត

អត្ថបទពេញនិយម
អត្ថបទថ្មី