ពូទីន គាំទ្រគំនិតរបស់ដូណាល់ ត្រាំ ក្នុងការបញ្ចប់សង្គ្រាមអ៊ុយក្រែន
- 2024-07-05 11:50:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពូទីន គាំទ្រគំនិតរបស់ដូណាល់ ត្រាំ ក្នុងការបញ្ចប់សង្គ្រាមអ៊ុយក្រែន
ចន្លោះមិនឃើញ
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន គាំទ្រគំនិតរបស់បេក្ខភាពប្រធានាធិបតីសហរដ្ឋអាមេរិកមកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ ទាក់ទិននឹងការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានរ៉យទ័រ (Reuters)។
ថ្លែងពីប្រទេសកាហ្សាក់ស្ថាននៅថ្ងៃព្រហស្បតិ៍ នៅក្នុងសន្និសីទកាសែតមួយក្រោយកិច្ចប្រជុំអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ (SCO) លោកពូទីន បានលើកឡើងថា៖ «ដោយសារតែលោកត្រាំ ជាបេក្ខភាពប្រធានាធិបតី ប្រកាសថា ត្រៀមខ្លួនក្នុងការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ប្រាកដណាស់ យើងពិតជាស្ដាប់លោកយ៉ាងយកចិត្តទុកដាក់»។
«ជាការពិត ខ្ញុំមិនច្បាស់ថា តើលោក [ដូណាល់ ត្រាំ] នឹងអនុវត្តផែនការរបស់លោកយ៉ាងណានោះទេ។ នេះជាបញ្ហាគន្លឹះមួយ»។ នេះជាការបន្ថែមរបស់លោកពូទីន។
លោកបានបន្តថា៖ «ប៉ុន្តែខ្ញុំជឿជាក់ថា លោក [ដូណាល់ ត្រាំ] ប្រាកដជានិយាយចេញពីចិត្តលើរឿងនេះ [ផែនការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន] ដូច្នេះហើយ យើងគាំទ្រសំណើរបស់លោក»។
កាសែតអាមេរិក វ៉ាស៊ីនតោនប៉ុស្តិ៍ បានចុះផ្សាយកាលពីខែមេសាថា លោកត្រាំ បាននិយាយជាសម្ងាត់ជាមួយលោកពូទីនថា លោកពូទីនអាចយកទឹកដីមួយចំនួន ដែលរុស្ស៊ីដណ្ដើមបានរួមមាន គ្រីមៀ និងតំបន់ដុនបាស ដើម្បីបានសន្តិភាពនៅអ៊ុយក្រែន។ ក្រុមការងាររបស់លោកត្រាំ នៅមិនទាន់បញ្ជាក់ពីរឿងនេះទេ។
បន្ថែមពីនេះទៅទៀត ក្រុមការងាររបស់លោកត្រាំ បានបង្ហាញពីផែនការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ដោយប្រាប់អ៊ុយក្រែនថា ប្រទេសនេះនឹងមិនទទួលបានអាវុធពីអាមេរិកទៀតទេ បើមិនជជែកជាមួយរុស្ស៊ី។ នេះបើតាមការចុះផ្សាយរបស់រ៉យទ័រ។
អាមេរិកនឹងធ្វើការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅខែវិច្ឆិកា ឆ្នាំនេះ ដោយមានបេក្ខភាព ២រូបសំខាន់ៗរួមមាន លោកប្រធានាធិបតី ចូ បៃដិន មកពីគណបក្សប្រជាធិបតេយ្យ និងលោកប្រធានាធិបតីទី៤៥ ដូណាល់ ត្រាំ មកពីគណបក្សសាធារណរដ្ឋ៕