ម៉ាស៊ីន MRI 3 TESLA ថ្មីដំបូងគេនៅកម្ពុជា បង្ហាញរូបភាពវេជ្ជសាស្ដ្រកាន់ច្បាស់ វេជ្ជបណ្ឌិតធ្វើរោគវិនិច្ឆ័យកាន់តែសុក្រឹត

  • 2024-07-05 11:37:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្ទីរពេទ្យរ៉ូយ៉ាល់ ដែលមានប្រភពដើមនៅទីក្រុងបាងកក ប្រទេសថៃ បានសម្ពោធដាក់ដំណើរការម៉ាស៊ីនស្កែនដ៏ទំនើប MRI 3 Tesla នៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ និង MRI 1.5 Tesla នៅមន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គរ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤។ ទន្ទឹមគ្នានេះ មន្ទីរពេទ្យក៏ប្រកាសផ្ដល់ជូនកាតសមាជិកថ្មីរបស់មន្ទីរពេទ្យដែលហៅថា Prime និង Prime+ របស់ខ្លួនទាំងនៅមន្ទីរពេទ្យបាងកក និងសាខាមន្ទីរពេទ្យនៅកម្ពុជា។

លោកសាស្ដ្រាចារ្យ វេជ្ជបណ្ឌិត Attapoom Susupaus ប្រធានមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ និងមន្ទីរពេទ្យរ៉ូយ៉ាល់អង្គរ មានប្រសាសន៍ថា ដោយឈរលើទស្សនៈវិស័យ “ លើកកម្ពស់សុខភាពរបស់អ្នក តាមរយៈការច្នៃប្រឌិត និងការរួមបញ្ចូលគ្នា” មន្ទីរពេទ្យបានផ្តល់ជូនកាន់តែប្រសើរ ដើម្បីឆ្លើយតបតម្រូវការថែទាំសុខភាពសហគមន៍។

លោក​បន្ដថា នាយុគសម័យថ្មី នៃការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលដ៏ល្អឥតខ្ចោះ មន្ទីរពេទ្យបានវិនិយោគយ៉ាងសំខាន់ទៅលើគ្រឿងបរិក្ខារពេទ្យ និងបច្ចេកវិទ្យាដ៍ទំនើបបំផុតដូចជា ម៉ាស៊ីន MRI 3 Tesla ដែលជាម៉ាស៊ីនស្កែនមួយ អាចផលិតរូបភាពវេជ្ជសាស្រ្តដ៏មានសក្តានុពល ហើយច្បាស់បំផុត វិភាគ វិនិច្ច័យប្រកបដោយសុក្រឹតភាព ល្អិតល្អន់ ដោយមិនប្រើកាំរស្មីអិចទេ។

លោក Attapoom Susupaus៖ “ភាពជឿនលឿនខាងផ្នែកធ្វើរោគវិនិច្ឆ័យ និងឯកទេសផ្នែកវេជ្ជសាស្ត្រ មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញបានផ្តល់នូវការថែទាំកម្រិតចុងក្រោយគេបង្អស់ ធៀបជាមួយនឹងមន្ទីរពេទ្យទំនើបៗនៅបណ្តាប្រទេសជឿនលឿនដទៃទៀត។ អ្នកជំងឺអាចទទួលបានសេវាកម្មពេញលេញ និងសុវត្ថិភាពខ្ពស់ក្នុងការព្យាបាលជំងឺទូទៅ”។

ក្នុងឱកាសសម្ពោធបើកដំណើរការមន្ទីរពេទ្យរ៉ូយ៉ាល់អង្គរ ជាមួយនឹងការដាក់ដំណើរការម៉ាស៊ីនស្កែនដ៏ទំនើបនៅគ្រប់សាខា នៅថ្ងៃនេះ គេក៏ឃើញវត្ដមានតារាចម្រៀង ឆាយ វីរៈយុទ្ធ និងភរិយាដែលជាសមាជិករបស់មន្ទីរជាច្រើនឆ្នាំមកហើយនោះ បានឡើងទទួលកាតសមាជិកជាផ្លូវការផងដែរ។ ទន្ទឹមគ្នានេះលោកប្រធានមន្ទីរពេទ្យ បានបញ្ជាក់ថាដើម្បីសម្រួលដល់ការចំណាយរបស់អ្នកជំងឺ មន្ទីរពេទ្យបានបង្កើតកម្មវិធីកាតសមាជិកពិសេសដែលកាតសមាជិកអាចឱ្យអ្នកជំងឺប្រើបានទាំង ៣ មន្ទីរពេទ្យ ដើម្បីទទួលបានការបញ្ចុះតំលៃរហូតដល់ 30% ដែលមាននៅមន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ មន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គ និងមន្ទីរពេទ្យបាងកក ប្រទេសថៃ។

សូមជម្រាបជូនថា MRI 3 Tesla គឺជាម៉ាស៊ីនដែលជាបច្ចេកវិទ្យាទំនើបចុងក្រោយគេបង្អស់ ដោយម៉ាស៊ីននេះ ធ្វើឱ្យអ្នកជំងឺមិនចាំបាច់ចំណាយពេលវេលាយូរក្នុងការថតស្កេន ការរង់ចាំ ជាមួយនឹងគុណភាពនៃការថត គឺច្បាស់លាស់។ ចំពោះការប្រើប្រាស់ម៉ាស៊ីន MRI 3 Tesla នេះ បានធ្វើឱ្យវេជ្ជបណ្ឌិតដែលធ្វើរោគវិនិច្ឆ័យបានច្បាស់លាស់ និងត្រឹមត្រូវ ហើយ ម៉ាស៊ីន MRI 3 Tesla អាចធ្វើរោគវិនិច្ឆ័យទៅលើជំងឺច្រើនផ្នែក។ ដូចជាពាក់ព័ន្ធនឹងជំងឺមហារីកខួរក្បាល បេះដូង និងផ្នែកផ្សេងៗទៀត ដែលមានផ្នែកតូចៗនៅក្នុងខ្លួនមនុស្សយើង។

ជាមួយគ្នានេះ សម្រាប់ម៉ាស៊ីន MRI 3 Tesla នេះ បើប្រៀបធៀបជាមួយម៉ាស៊ីន MRI 1.5 គឺម៉ាស៊ីន MRI 3 Tesla មានកន្លែងថតធំទូលាយ កម្រិតគុណភាពនៃការថតគឺលឿន ច្បាស់ល្អ ហើយធ្វើឱ្យអ្នកជំងឺមានផាសុកភាពល្អ ពេលចូលថតក្នុងម៉ាស៊ីនដើម្បីធ្វើរោគវិនិច្ឆ័យ ដោយមិនមានការប៉ះពាល់ ឬផលរំខានណាមួយឡើយ ជាពិសេសចំណេញពេលវេលា និងរូបភាពច្បាស់ជាងម៉ាស៊ីនផ្សេងៗទៀតឆ្ងាយបំផុត៕

ជិន សុភ័ក្ដ្រ