រដ្ឋបាល​រាជធានីភ្នំពេញ រៀបចំខាងក្នុង ឯក្រសួងធនធានទឹក រៀបចំខាងក្រៅ ដើម្បី​ទប់ស្កាត់ទឹកជំនន់

  • 2024-07-11 07:18:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំគម្រោងចំនួន ៥០គម្រោង សម្រាប់រយ:ពេល ៥ឆ្នាំ សំដៅបញ្ចប់​ និងកាត់បន្ថយបញ្ហាប្រឈមទឹកជំនន់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ហើយបច្ចុប្បន្នគម្រោងចំនួន ១៣ បាន និងកំពុងអនុវត្ត ក្នុងតំបន់ដែលងាយរងគ្រោះដោយការលិចលង់ជាងគេ រួមមាន តំបន់ជុំវិញស្ថានីយ៍បូមទឹកលូប្រាំ,តំបន់ជុំវិញស្ថានីយ៍បូមទឹកបឹងទំពុន,តំបន់ជុំវិញស្ថានីបូមទឹកបឹងត្របែក ជាដើម ។

គម្រោងទាំង ១៣នេះ ផ្ដោតលើ គម្រោងពង្រីកស្ថានីយ៍បូមទឹកឱ្យបានធំជាងមុន មានដូចជានៅស្ថានីយ៍លូប្រាំ និងស្ថានីយ៍កប់ស្រូវ គម្រោងសាងសង់សម្រង់កាយសម្រាមនៅបឹងត្របែក ការដាក់លូ បុកស៊ីផាយ និងការស្តារប្រឡាយមេ ជាដើម។

គិតមកដល់ពេលនេះ ការអនុវត្តគម្រោង ១៣ នេះ សម្រេចបាន ៦,៥% ហើយ អាចរំដោះទឹកចេញពីតំបន់បឹងត្របែក បឹងកេងកង ម៉ុងឌីយ៉ាល់ ព្រលានយន្តហោះ បឹងទំពុននិងតំបន់ផ្សារដើមគរ។

បន្ថែមពីនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានត្រៀមបញ្ចេញគ្រឿងចក្រធ្វើការកាយប្រឡាយតាមបណ្តោយផ្លូវជាតិលេខ៣ ឱ្យបានធំទូលាយ និងមិនអនុញ្ញាតឱ្យមានការកាយដាក់លូតូចៗ ខុសស្តង់ដាបច្ចេកទេសឡើយ ដែលវានឹងនាំអោយស្ទះផ្លូវទឹក ដែលបង្កអោយមានការលិចលង់ដោយជំនន់ទឹកភ្លៀង។​

រដ្ឋបាលរាជធានីភ្នំពេញរៀបចំខាងក្នុង​ ក្រសួងធនធានទឹក​ និងឧតុនិយមរៀបចំខាងក្រៅ​ ទប់ស្កាត់បរិមាណទឹកហូរចូលរាជធានីតាមទឹកស្ទឹងព្រែកត្នោត​ ហេីយក៏សូមមានការចូលរួមពីគ្រប់វិស័យពាក់ព័ន្ធ​ ពិសេសបងប្អូនប្រជាជនទាំងអស់គ្នា៕

ប្រភព៖ ផេកហ្វេសប៊ុកសម្តេចធិបតី ហ៊ុន ម៉ាណែត