មកដឹងចំនួនរថយន្តអគ្គិសនី​ដែល BYD គ្រោង​ដំឡើង​នៅកម្ពុជា

  • 2024-07-15 07:34:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន BYD គ្រោង​បើករោងចក្រ​ដំឡើងរថយន្ត​អគ្គិសនី​នៅកម្ពុជាដែលអាច​មានសមត្ថភាព​ដំឡើង​រថយន្ត​ចំនួន២ម៉ឺនគ្រឿងក្នុង១ឆ្នាំ សម្រាប់ផ្គត់ផ្គង់ទីផ្សារ​ក្នុងស្រុក និងនាំចេញ​ទីផ្សារអន្តរជាតិ។ ​នេះបើតាមការចុះផ្សាយរបស់​ផេក​សម្តេចធិបតី ហ៊ុន ម៉ាណែត​ នៅក្រោយជំនួប​ពិភាក្សា​រវាង​សម្តេចធិបតី និងលោក Liu Xueliang អគ្គនាយកក្រុមហ៊ុន BYD Asia Pacific Auto Sales Division នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ​២០២៤។

ក្រុមហ៊ុន BYD Asia Pacific Auto Sales Division ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៥ និងមានទីស្នាក់ការនៅក្រុង Shenzhen ប្រទេសចិន ។ នៅឆ្នាំ២០២២ ក្រុមហ៊ុន BYD បានផលិតរថយន្ត ចំនួន ៣លានគ្រឿង និងមានសាខានៅ៧០ប្រទេស ។ នៅទ្វីបអាស៊ី, ក្រុមហ៊ុន BYD មានរោងចក្រផលិត និងដំឡើងរថយន្តនៅប្រទេសចិន, ថៃ, ឥណ្ឌា, និងឥណ្ឌូណេស៊ី ។

យោងតាមតួលេខ នៃការចុះបញ្ជីយានយន្តអគ្គិសនី គិតត្រឹមរយៈពេល៦ខែ ឆ្នាំ២០២៤ ចំនួនយានយន្តរបស់ក្រុមហ៊ុន BYD ឈរលើកំពូលតារាង ដែលមានចំនួន ៦៥៨ គ្រឿង យានយន្តម៉ាក TOYOTA ចំនួន ២៦១គ្រឿង និងម៉ាក TESLA ចំនួន ១៨៦គ្រឿង ព្រមទាំងម៉ាកផ្សេងៗទៀត។ នេះបើតាម​ការចុះផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ​២០២៤។

បើតាម​ឯកសារ​នៃគោលនយោបាយជាតិ​ស្តីពី «ការអភិវឌ្ឍ​វិស័យ​យានយន្តអគ្គិសនី ២០២៤-២០៣០» បង្ហាញឱ្យដឹងថា យានយន្តអគ្គិសនី​ដែលបានចុះបញ្ជី​ត្រឹមខែកុម្ភៈ ឆ្នាំ​២០២៤ មាន​ចំនួន៨៨៧គ្រឿង។ ក្នុងនោះ រថយន្តទេសចរណ៍ ៩០៦គ្រឿង ត្រីចក្រយានយន្ត ៤១៥គ្រឿង និងទោចក្រយានយន្ត​មានចំនួន ៥៦៦គ្រឿង។ ចំណែក​ទីតាំង​បញ្ចូល​ថាមពលគិតត្រឹមដើមឆ្នាំ​២០២៤ មានចំនួន ២១កន្លែង​ដែលមានទូបញ្ចូល​ថាមពល​យានយន្ត​អគ្គិសនី​លឿនខ្លាំង​សរុបមានចំនួន ២៧គ្រឿង។

ជាមួយ​គ្នានេះ កម្ពុជា មានសមត្ថភាព​អាច​ផលិតគ្រឿងបង្គុំសាមញ្ញរបស់​យានយន្តទូទៅ។ ជាក់ស្តែង​ កម្ពុជាមាន​ឧស្សាហកម្មផលិតគ្រឿងបង្គុំ​ក្នុងស្រុកដូចជា ខ្សែភ្លើង និង​សំបកកង់​រថយន្តជាដើម ដើម្បីផ្គត់ផ្គង់ដល់ឧស្សាហកម្មដំឡើង​រថយន្ត​នៅបណ្តាប្រទេស​ក្នុងតំបន់។ ដោយឈរលើមូលដ្ឋាន​ឧស្សាហកម្មនេះ កម្ពុជាអាចចាប់​យកកាលានុវត្តភាពដ៏សំខាន់​ក្នុងការផ្សារភ្ជាប់​ខ្សែច្រវាក់គ្រឿងបង្គុំយានយន្តអគ្គិសនី​សកល​ដែលរំពឹងថា នឹងកើនខ្ពស់​នៅឆ្នាំ​២០៣០។

ទន្ទឹមនឹងនេះ ដោយសារគ្រឿងបង្គុំយានយន្តអគ្គិសនី​ភាគច្រើន​ជាគ្រឿងបង្គុំ​ដែលមានភាពស្មុគស្មាញ​កម្រិតមធ្យម និងមានទម្ងន់ស្រាលជាងគ្រឿងបង្គុំយានយន្តទូទៅ កម្ពុជាអាចមាន​ភាពប្រកួតប្រជែងថ្លៃដើម​សម្រាប់ការផលិត​គ្រឿងបង្គុំយានយន្តអគ្គិសនីនៅក្នុងទសវត្សខាងមុខ។

តាមរយៈគោលនយោបាយជាតិនេះ កម្ពុជាបានកំណត់គោលដៅឆ្នាំ២០៣០ សម្រេចបាននូវការចុះបញ្ជី រថយន្តអគ្គិសនីសុទ្ធសរុបមានចំនួន ៣០ ០០០គ្រឿង ដោយក្នុងនោះរថយន្តទេសចរណ៍អគ្គិសនីសុទ្ធ (private cars) មានចំនួន២៥ ០០០គ្រឿង និងរថយន្តអគ្គិសនីសុទ្ធបម្រើក្នុងសកម្មភាពអាជីវកម្ម(commercial cars) មានចំនួន៥ ០០០គ្រឿង ទោចក្រយានយន្តអគ្គិសនីសុទ្ធសរុប មានចំនួន៧២០ ០០០គ្រឿង និងត្រីចក្រយានយន្តអគ្គិសនីសុទ្ធសរុប មានចំនួន២០ ០០០គ្រឿង៕

អត្ថបទ៖ សំភី

អត្ថបទថ្មី