ម៉ាស៊ូតទៅភ្នំហើយនៅឡើយសាំង! សិង្ហបុរី លែងឱ្យប្រើរថយន្ត​ម៉ាស៊ូតទៀតហើយ ចាប់ពីដើមឆ្នាំក្រោយតទៅ

  • 2024-07-16 02:46:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ​២០២៥តទៅ រថយន្តម៉ាស៊ូតថ្មីៗ នឹងមិនអាចចុះក្នុង​បញ្ជីស្របច្បាប់បានទៀតទេ​នៅប្រទេសសិង្ហបុរី ដែល​ជាផ្នែកមួយ​នៃការជំរុញ​របស់​រដ្ឋាភិបាល​ក្នុងការឱ្យយានយន្ត​រត់លើដងផ្លូវទាំងអស់​ប្រើប្រាស់​ថាមពលស្អាតនៅត្រឹមឆ្នាំ​២០៤០។

រដ្ឋាភិបាលសិង្ហបុរី បានប្រកាស​ចេញផែនការនេះតាំងពី​៣ឆ្នាំមុនមកម៉្លេះ ហើយចាប់តាំងពីពេលនោះមក ការចុះ​បញ្ជីរថយន្តម៉ាស៊ូតថ្មីៗ ស្ថិតនៅក្រោម ១% នៃចំនួនរថយន្ត​ចុះបញ្ជីសរុប។

ចំពោះរថយន្ត​ម៉ាស៊ូត​ដែល​ចុះបញ្ជី នៅមុនថ្ងៃទី១ មករា ២០២៥ នឹងអាចស្នើសុំ​លិខិតបញ្ជាក់ (Certificate of Entitlement) របស់ពួកគេបាន នៅពេលច្បាប់នេះចូលជាធរមាន។ ប៉ុន្តែ​ម្ចាស់​រថយន្តទាំងនោះ នឹងត្រូវប្រឈមមុខនឹងការបង់ថ្លៃពន្ធផ្លូវខ្ពស់។

ជារួម នេះ​ជាវិធានការទីមួយ​ដោយ​បញ្ឈប់​ការចុះបញ្ជី​រថយន្តប្រើម៉ាស៊ីនម៉ាស៊ូត។ ចំណែក​ឯវិធានការ​បន្ទាប់ គឺចាប់ពីឆ្នាំ​២០៣០តទៅ រថយន្ត​ថ្មីៗដែលអាចចុះបញ្ជីបាន គឺជារថយន្ត​ដែលប្រើថាមពលស្អាត។

គួរបញ្ជាក់ដែរថា ការរឹតបន្តឹង​លើរថយន្តប្រើម៉ាស៊ីនម៉ាស៊ូតនេះ គឺធ្វើឡើងចំពោះ​រថយន្តគ្រួសារ និងរថយន្តតាក់ស៊ី ដោយមិនគ្របដណ្តប់​លើការនាំចូលរថយន្ត​ចាស់ៗបែបក្លាស៊ីកនោះទេ។

គិតត្រឹម​ខែឧសភា ឆ្នាំ​២០២៤ មានរថយន្ត​គ្រួសារ និងតាក់ស៊ី ចំនួនជិត ២ម៉ឺនគ្រឿងរត់លើដងផ្លូវក្នុងប្រទេសសិង្ហបុរី ដែលប្រើម៉ាស៊ីនម៉ាស៊ូត។ ជារួម​ ក្នុងចំណោម​រថយន្ត​ទាំងអស់នៅសិង្ហបុរី គឺមាន ១៧% ដែលប្រើម៉ាស៊ីនម៉ាស៊ូត៕

អត្ថបទ៖ សំភី

អត្ថបទថ្មី