រកឃើញ​សំបុក​ក្រពើភ្នំដ៏ច្រើន​បំផុតមិនធ្លាប់មាន នៅ​ជួរភ្នំក្រវាញ

  • 2024-07-19 02:17:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងបរិស្ថាន រដ្ឋបាលព្រៃឈើ អង្គការ​សត្វព្រៃ និងរុក្ខជាតិ និងសហគមន៍មូលដ្ឋាន បាន​រកឃើញ​សំបុក​ក្រពើភ្នំ​សរុបចំនួន ៥សំបុក នៅឧទ្យានជាតិជួរភ្នំក្រវាញ ដែល​ជាចំនួន​សំបុក​ពងកូនច្រើនបំផុត​មិនធ្លាប់មាន​ ក្នុងរយៈពេល​ជាង ២០ឆ្នាំកន្លងមកនេះ។ នេះបើតាមសេចក្តីប្រកាស​ព័ត៌មាន​រួមគ្នា​ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ​២០២៤។

សំបុក​ទាំង៥នោះ មាន​ពងសរុប​ចំនួន ១០៦គ្រាប់ ក្នុងនោះពងដែលមានលទ្ធភាព​បង្កកំណើត​មានចំនួន ៦៦គ្រាប់។ សំបុកទាំងនោះ ត្រូវបាន​យាមការយ៉ាងម៉ត់ចត់​ពីមន្រ្តីឧទ្យានុរក្ស និងសំណាក់សហគមន៍​មូលដ្ឋាន។

ជាលទ្ធផល កូនក្រពើភ្នំសរុបចំនួន ៦០ក្បាល ត្រូវញាស់ចេញ​ពីសំបុកដោយជោគជ័យ​ក្នុងចន្លោះថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ​២០២៤។ ការរកឃើញ​នេះ បានបង្ហាញ​ថា តំបន់នេះ​គឺជាជម្រក​ដ៏សំខាន់​សម្រាប់សត្វក្រពើធម្មជាតិ និងបានផ្តល់ក្តីសង្ឃឹម​ដល់ការកើនឡើង​នៃប្រភេទសត្វនេះ​នៅក្នុងធម្មជាតិ។

គួរដឹងថា សត្វក្រពើភ្នំ គឺជាប្រភេទសត្វជិតផុតពូជបំផុត​នៅក្នុងធម្មជាតិ ហើយមាន​ចំនួន​ប្រមាណ​ជាង ១០០០ក្បាល​ប៉ុណ្ណោះនៅលើ​ពិភពលោក ក្នុងនោះកម្ពុជា​ដែលត្រូវចាត់ទុកថាមានវត្តមានសត្វក្រពើភ្នំ​ច្រើនជាងគេ​លើពិភពលោក ប្រមាណ ៣០០ក្បាល៕

អត្ថបទ៖ សំភី

អត្ថបទថ្មី