ដឹងទេ! ឧទ្យានជាតិជួរភ្នំ​ក្រវាញ លាតសន្ធឹងរហូតដល់ ៥ខេត្តឯណោះ ដែលមានផ្ទៃដីជិត ១លានហិកតា

  • 2024-07-31 08:36:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឧទ្យានជាតិជួរភ្នំក្រវាញ មានផ្ទៃដីទំហំ ៩២៦ ១២៣ហិកតា ស្ថិតក្នុងភូមិសាស្រ្ត​ខេត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុ និងខេត្តបាត់ដំបង។ នេះបើយោងតាម​អនុក្រឹត្យ​ស្តីពី ការបង្កើត​ឧទ្យានជាតិជួរភ្នំក្រវាញ ចុះកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ​២០២៣។

បើតាមក្រសួងបរិស្ថាន បាន​ឱ្យដឹងថា ជួរភ្នំក្រវាញ គឺជាតំបន់ព្រៃភ្នំនៅប៉ែកនារិតីនៃប្រទេសកម្ពុជា និងគ្របដណ្តប់ដោយធនធានធម្មជាតិដ៏សម្បូរបែប។ ជួរភ្នំក្រវាញ គឺជាព្រៃទឹកភ្លៀងដ៏អស្ចារ្យចុងក្រោយតែមួយគត់នៅតំបន់អាស៊ីអាគ្នេយ៍។

សូមជម្រាប​ថា ការ​បង្កើត​ឧទ្យានជាតិជួរភ្នំក្រវាញ​នេះ ក្នុងគោលបំណង​ដូចជា៖

-ធានាការថែរក្សា ការពារសោភណភាព​ធម្មជាតិ និងទេសភាព ប្រព័ន្ធអេកូឡូស៊ី និងជីវៈចម្រុះ​សម្រាប់​វិទ្យាសាស្រ្ត ការអប់រំ ការសិក្សាស្រាវជ្រាវ ​និង​ការកម្សាន្ត។

-លើកកម្ពស់​តួនាទី សក្តានុពល និងកិត្យានុភាព​នៃប្រព័ន្ធអេកូឡូស៊ី ឆ្លើយតប​ទៅនឹង​គោលដៅ​អភិវឌ្ឍន៍ដោយចីរភាព។

-រក្សាលំនឹង​បរិស្ថាន និងរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុ​ និងហានិភ័យគ្រោះមហន្តរាយ​ធម្មជាតិ។

-ផ្តល់​ផលិតផល​ និងសេវាកម្មធម្មជាតិ​សម្រាប់​ការប្រើប្រាស់​ប្រកបដោយ​និរន្តភាព។

-ជំរុញ និងលើកកម្ពស់​ការអភិវឌ្ឍសេដ្ឋកិច្ច​សង្គម និងសហគមន៍មូលដ្ឋាន ដើម្បីរួមចំណែក​ក្នុងកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការការពារ​ធនធានធម្មជាតិ និងការរស់នៅ​ដោយចីរភាព។

-លើកកម្ពស់​ការចូលរួម​របស់​សហគមន៍មូលដ្ឋាន ក៏ដូជា​សាធារណជន​ក្នុងការចូលរួម​ចំណែកដល់​ការគ្រប់គ្រង ការការពារ និងការអភិរក្ស​ជីវៈចម្រុះ និងធនធាន​ធម្មជាតិក្នុងតំបន់៕

អត្ថបទ៖ សំភី

អត្ថបទថ្មី