ឃូ ឃាងហ៊ុយ៖​ ដាក់​ក្ដី​សង្ឃឹម​បង្កើន​កំណត់ត្រា​ឲ្យ​កាន់​តែ​ល្អ​ឈាន​ដល់​មេដាយ​ប្រាក់​ ឬ​មាស​ ការ​ប្រកួត​ជើងឯក​កាយ​វប្បកម្ម​អាស៊ី​

  • 2024-08-06 02:54:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ ឃូ​ ឃាងហ៊ុយ​ ដាក់​ក្ដី​សង្ឃឹម​នឹង​បង្កើន​កំណត់ត្រា​របស់​ខ្លួន​ឲ្យ​កាន់​តែ​ល្អ​ឈាន​ដល់​ការ​ដណ្ដើម​មេដាយ​ប្រាក់​ ឬ​មាស​ ជូន​កម្ពុជា​ក្នុង​ប្រកួត​ជ្រើសរើស​ជើងឯក​កីឡា​កាយ​វប្បកម្ម​អាស៊ី​ លើក​ទី៥៦​ ឯ​ប្រទេស​ឥណ្ឌូណេស៊ី។​

កីឡាករ​ ឃូ​ ឃាងហ៊ុយ​

ថ្លែង​មុន​ចេញ​ដំណើរ​កាល​ពី​ព្រឹក​ថ្ងៃ​ទី៦​ ខែ​សីហា​ ឆ្នាំ​២០២៤​ នេះ​កីឡាករ​ ឃូ​ ឃាងហ៊ុយ​ ថា​ខ្លួន​បាន​ហ្វឹកហាត់​ត្រៀម​ជា​ច្រើន​ខែ​មក​ហើយ​មុន​ឈាន​ដល់​ការ​ប្រកួត​ជើងឯក​អាស៊ី​ លើក​ទី៥៦​ ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​នេះ។​ ការ​ប្រកួត​អន្តរជាតិ​ លើកទី១​ កន្លង​ទៅ​នៅ​ឯ​ប្រទេស​កូរ៉េ​ រូប​គេ​ធ្លាប់​ឈ្នះ​មេដាយ​សំរឹទ្ធ​ម្ដង​រួច​ហើយ​ ដូច្នេះ​សម្រាប់​លើក​នេះ​វិញ​នឹង​ខំប្រឹង​ឲ្យ​អស់​ពី​សមត្ថភាព​ និង​បង្កើន​កំណត់ត្រា​ល្អ​ថ្មី​មួយ​ទៀត​ដូច​ជា​ឈាន​ដល់​ឈ្នះ​មេដាយ​ប្រាក់​ ឬ​មាស​ ជូន​ប្រទេស​កម្ពុជា។​

កីឡាករ​ ឃូ​ ឃាងហ៊ុយ​(អាវខ្មៅ)

ជើង​ខ្លាំង​ខាង​សាច់ដុំ​របស់​កម្ពុជា​លោក​ ស្រ៊ិន រាជ្យ​ បាន​ឲ្យ​ដឹង​ថា​ លោក​ជឿជាក់​លើ​សិស្ស​ប្អូន​ ឃូ​ ឃាងហ៊ុយ​ ថា​នឹង​ធ្វើ​បាន​ល្អ​ ព្រោះ​តាម​ការ​មើល​ឃើញ​កីឡាករ​តំណាង​ឲ្យ​កម្ពុជា​រូប​នេះ​មាន​គ្រប់​យ៉ាង​ ទាំង​សាច់​ ទាំង​កាយវិការ​ និង​មុខមាត់។​ ជា​មួយ​គ្នា​នោះ​ដែរ​ ស្រ៊ិន​ រាជ្យ​ បាន​ចែករំលែក​បទ​ពិសោធ​ និង​ចំណុច​សំខាន់ៗ​ដល់​សិស្ស​ប្អូន​ដែល​ត្រូវ​ធ្វើ​ និង​ប្រុងប្រយ័ត្ន​ពេល​ប្រកួត​នោះ​ផង​ដែរ។​

លោក​ ស្រ៊ិន រាជ្យ​

បញ្ជាក់​ដែរ​ថា​ កីឡាករ​ ឃូ​ ឃាងហ៊ុយ​ បាន​ចេញ​ដំណើរ​ទៅ​ប្រទេស​ឥណ្ឌូណេស៊ី​ ហើយ​កាល​ពី​ព្រឹក​ថ្ងៃ​ទី៦​ ខែ​សីហា​ ឆ្នាំ​២០២៤​ នេះ។​ រូប​គេ​នឹង​ប្រកួត​លើ​វិញ្ញាសា​ Men’s Sport Physique Over 180cm​ នៃ​ព្រឹត្តិការណ៍​ជ្រើសរើស​ជើងឯក​អាស៊ី​ លើក​ទី៥៦​ ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី។​ ការ​ប្រកួត​នេះ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី៦​ ដល់​ ១២​ ខែ​សីហា​ ឆ្នាំ​២០២៤៕​

អត្ថបទ៖ នួន ស៊ីណា​