ស្ងាត់ៗ AT Madrid បើក​យុទ្ធនាការ​សម្រុក​ទិញ​កីឡាករ

  • 2024-08-09 13:04:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​យក្ស​អេស្ប៉ាញ Atletico Madrid កំពុង​បើក​យុទ្ធនាការ​សម្រុក​ទិញ​កីឡាករ ខណៈ​ទី​ផ្សារ​ដោះ​ដូរ​កីឡាករ​នឹង​បិទ​បញ្ចប់​នៅ​ថ្ងៃ​ទី ៣០ ខែ​សីហា​ខាង​មុខ។

បើ​ទោះ​ជា​ទី​ផ្សារ​ដោះ​ដូរ​កីឡាករ​រដូវ​កាល​នេះ បាន​ចាប់​ផ្ដើម​បើក​តាំង​ពី​ខែ​មិថុនា​កន្លង​ទៅ​ក៏​ដោយ បើ​គិត​ត្រឹម​បំណាច់​ខែ​កក្កដា​ទៅ​មិញ​នេះ ក្លឹប AT Madrid មិន​បាន​នាំ​ចូល​កីឡាករ​សូម្បី​តែ​ម្នាក់។

ទោះ​ជា​យ៉ាង​ណា និន្នាការ​នេះ​បាន​ផ្លាស់​ប្ដូរ​យ៉ាង​រហ័ស​ចាប់​ពី​ដើម​ខែ​សីហា​នេះ​មក។ ក្នុង​រយៈ​ពេល​ដ៏​ខ្លី ក្លឹប​ផ្ទេរ​បាន​សម្រេច​កីឡាករ​ចំនួន ២ រូប​ទៅ​ហើយ ម្នាក់​គឺ​ខ្សែ​ការពារ​បារាំង​វ័យ ២៧ ឆ្នាំ Robin Le Normand ពី​ក្លឹប Real Sociedad ឯ​មួយ​រូប​ទៀត គឺ​ខ្សែ​ប្រយុទ្ធ​ន័រវែស​វ័យ ២៨ ឆ្នាំ Alexander Sorloth ពី​ក្លឹប Villarreal។ មិន​តែ​ប៉ុណ្ណោះ យោង​តាម​របាយការណ៍​គួរ​ទុក​បាន​ចុង​ក្រោយ​មួយ​ចំនួន ក្លឹប​ខិត​កាន់​តែ​ជិត​ក្នុង​ការ​ផ្ទេរ​ចូល​ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន Julian Alvarez ពី​ក្លឹប​យក្ស​មេឃ​ខៀវ Manchester City និង​ខ្សែ​បម្រើ​អង់គ្លេស Conor Gallagher ពី​ក្លឹប Chelsea។ កីឡាករ​ទាំង​ពីរ​សុទ្ធ​តែ​ជា​កីឡាករ​វ័យ​ក្មេង ហើយ​បច្ចុប្បន្ន​មាន​វ័យ ២៤ ឆ្នាំ។ កីឡាករ​ទាំង​ពីរ​គ្រោង​នឹង​មក​ចូល​រួម​ជាមួយ AT Madrid ក្នុង​ពេល​ឆាប់ៗ​នេះ ក្រោយ​ក្លឹប​អេស្ប៉ាញ​បាន​ឯកភាព​នឹង​ថ្លៃ​ផ្ទេរ​រួច​រាល់​ហើយ។

Atletico Madrid នឹង​ចំណាយ​ប្រមាណ ១០០ លាន​ដុល្លារ​សហរដ្ឋអាមេរិក​សម្រាប់ Julian Alvarez និង​រង្វង់ ៤៥ លាន​ដុល្លារ​សហរដ្ឋអាមេរិក​សម្រាប់ Conor Gallagher។

បើ​តាម​ការ​ចុះ​ផ្សាយ​របស់ Goal ក្លឹប Atletico Madrid គ្រោង​នឹង​នាំ​ចូល​កីឡាករ​មួយ​ចំនួន​ទៀត​ ជា​ពិសេស ខ្សែ​ការពារ និង​ខ្សែ​បម្រើ មុន​ដំណាច់​ទី​ផ្សារ​ដោះ​ដូរ​កីឡាករ​នា​ចុង​ខែ​នេះ។

យោង​តាម​ការ​វិភាគ​នៃ​ប្រភព​ដដែល បាន​កត់​សម្គាល់​ថា​អ្វី​ដែល AT Madrid កំពុង​ធ្វើ គឺ​ជា​យុទ្ធសាស្ត្រ​ផ្ទេរ​របស់​ក្លឹប ដើម្បី​ពង្រឹង​ភាព​ប្រកួត​ប្រជែង​របស់​ក្លឹប។ កាល​ពី​រដូវ​កាល​មុន ក្លឹប​ធ្លាក់​ទម្រង់​លេង​យ៉ាង​ខ្លាំង ហើយ​សមត្ថភាព​ប្រជែង​ពាន​ធ្លាក់​ចុះ​ក្នុង​លីគ​កំពូល​អេស្ប៉ាញ និង​កម្មវិធី Champions League។

ហេតុ​ដូច្នេះ​ហើយ ទើប​ក្លឹប​ប្រើប្រាស់​រយៈ​ពេល​ពាក់​កណ្ដាល​ដំបូង​នៃ​ទី​ផ្សារ​ដោះដូរ​លើក​នេះ ក្នុង​ការ​ជម្រុះ​ចេញ​កីឡាករ​មួយ​ចំនួន​ដូច​ជា បណ្ដោយ​ឲ្យ​កីឡាករ​មួយ​ចំនួន​ផុត​កុងត្រា និង​លក់​កីឡាករ​ខ្លះ​ចេញ​ដូច​ជា Alvaro Morata ជា​ដើម​ទៅ​ក្លឹប​ AC Milan ក្នុង​តម្លៃ​ប្រមាណ ១៥ លាន​ដុល្លារ​សហរដ្ឋអាមេរិក។ ការ​ផ្ទេរ​ចេញ​ទាំង​អស់​នេះ បង្ក​លទ្ធភាព​ឲ្យ AT Madrid មាន​កម្លាំង​ជា​ថ្មី​ក្នុង​ការ​នាំ​ចូល​កីឡាករ​ថ្មីៗ​ចំ​គោល​ដៅ​យ៉ាង​ឆាប់​រហ័ស​តាម​ការ​ចង់​បាន​របស់​អ្នក​ចាត់​ការ Diego Simone។

ជាមួយ​នឹង​ការ​នាំ​ចូល​ថ្មីៗ​ទាំង​អស់​នេះ តើ​ទម្រង់​លេង​របស់ AT Madrid នឹង​មាន​សភាព​បែប​ណា​នា​រដូវ​កាល​ក្រោយ?៕

ប្រភព៖ Goal   អត្ថបទ៖ សេរី មង្គល