ក្រុមហ៊ុន៤ហើយ គ្រោងវិនិយោគបើករោងចក្រដំឡើងរថយន្តនៅកម្ពុជា
- 2024-08-13 02:25:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុន៤ហើយ គ្រោងវិនិយោគបើករោងចក្រដំឡើងរថយន្តនៅកម្ពុជា
ចន្លោះមិនឃើញ
ក្នុងប៉ុន្មានខែចុងក្រោយនេះ មានក្រុមហ៊ុនចំនួន៤ហើយ គ្រោងវិនិយោគបើករោងចក្រដំឡើងរថយន្តនៅកម្ពុជា រួមមាន ក្រុមហ៊ុន BYD, SUN WAH PROPERTIES, Chery, និង ZO MOTORS។
-ក្រុមហ៊ុន BYD គ្រោងបើករោងចក្រដំឡើងរថយន្តអគ្គិសនីនៅកម្ពុជាដែលអាចមានសមត្ថភាពដំឡើងរថយន្តចំនួន២ម៉ឺនគ្រឿងក្នុង១ឆ្នាំ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទីផ្សារអន្តរជាតិ។
-ក្រុមហ៊ុន SUN WAH PROPERTIES (CAMBODIA) CO., LTD. បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការវិនិយោគលើវិស័យមួយចំនួននៅកម្ពុជា ដែលក្នុងនោះការផ្គុំ និងដំឡើងរថយន្តអគ្គិសនី ជាសកម្មភាពវិនិយោគអាទិភាពមួយ ដែលក្រុមហ៊ុនកំពុងធ្វើការសិក្សា។
-ក្រុមហ៊ុន Chery Holding Group ដែលមានអាជីវកម្មលើវិស័យឧស្សាហកម្មផលិតរថយន្ត គ្រឿងបន្លាស់រថយន្ត ផលិតកប៉ាល់ទឹក និងការសាងសង់កំពង់ផែ មានចំណាប់អារម្មណ៍ក្នុងការវិនិយោគលើវិស័យឧស្សាហកម្មផលិតរថយន្ត និងគ្រឿងបន្លាស់រថយន្ត នៅកម្ពុជា ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ទីផ្សារតំបន់ និងអន្តរជាតិ។
-រោងចក្រដំឡើងរថយន្តអគ្គិសនី ប្រភេទដឹកទំនិញ របស់ក្រុមហ៊ុន ZO MOTORS (CAMBODIA) CO.,LTD នឹងមានវត្តមានក្នុងពេលឆាប់ៗនេះ លើផ្ទៃដីអភិវឌ្ឍន៍ប្រមាណ១០ហិកតា នៅតំបន់សេដ្ឋកិច្ចពិសេសក្រគរ ស្ថិតក្នុងភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។
សូមជម្រាបថា បច្ចុប្បន្ននេះ កម្ពុជា មានរោងចក្រដំឡើងរថយន្តចំនួន ៦ហើយ រួមមាន៖
១. រោងចក្ររបស់ក្រុមហ៊ុន DAEHAN AUTO (CAMBODIA) CO., LTD. ចាប់ផ្តើមប្រតិបត្តិការឆ្នាំ២០២២, នៅខេត្តស្វាយរៀង, ផលិតរថយន្ត SAMYUNG។
២. រោងចក្ររបស់ក្រុមហ៊ុន RMA AUTOMOTIVE (CAMBODIA) CO LTD. ចាប់ផ្តើមឆ្នាំ២០២២, នៅខេត្តពោធិ៍សាត់, ផលិតរថយន្ត FORD។
៣. រោងចក្ររបស់ក្រុមហ៊ុន CAMKO MOTOR CO., LTD. ចាប់ផ្តើមឆ្នាំ២០២២, នៅខេត្តកោះកុង, ផលិតរថយន្ត HYUNDAI។
៤. រោងចក្ររបស់ក្រុមហ៊ុន HGB MOTORS ASSEMBLY CO., LTD. ចាប់ផ្តើមឆ្នាំ២០២៣, នៅខេត្តបន្ទាយមានជ័យ, ផលិតរថយន្ត KIA។
៥. រោងចក្ររបស់ក្រុមហ៊ុន GTV MOTOR CO., LTD. នៅខេត្តកណ្តាល។
៦. រោងចក្ររបស់ក្រុមហ៊ុន Toyota Tsusho នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដំឡើងរថយន្ត Toyota Fortuner និង Hilux សម្ពោធជាផ្លូវការកាលពីដើមខែឧសភា ឆ្នាំ២០២៤៕