លៀក លីដា ញញឹមហើយឆ្លើយតប ចំពោះការរិះគន់លើចំណុចក្ដៅ ២ ក្នុងខ្សែភាពយន្ដរឿង "ប្រវត្ដិស្នេហ៍នាងនាថ”

  • 2024-08-13 08:39:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចំណុចធំៗ ចំនួន២ ក្នុងខ្សែភាពយន្ដរឿង “ប្រវត្ដិស្នេហ៍នាងនាថ” វគ្គ១ ឬវគ្គយុវវ័យក្រោយសម័យអង្គ ត្រូវបានគេលើកឡើង និងជជែកក្នុងន័យស្ថាបនានៅលើបណ្ដាញសង្គម។ គណនីហ្វេសប៊ុកឈ្មោះ Allan ដែលមានអ្នកគាំទ្ររាប់ពាន់នាក់ បានចេញវីដេអូ Reaction រយៈពេលជាង ១០នាទី ជុំវិញរឿង “ប្រវត្ដិស្នេហ៍នាងនាថ” ដោយមានអ្នកចូលរួមជជែក និងបញ្ចេញមតិយ៉ាងច្រើន។

Allan បានចាត់ទុកថា ការយកភាសាសរសេរមកនិយាយ និងការបញ្ចូលសំឡេងតាមក្រោយ នៃតួអង្គនីមួយៗមិនបានរលូនទៅតាមសាច់រឿង ឬកាយវិកាសម្ដែង គឺជាហេតុធ្វើឲ្យរឿងនេះមិនសូវល្អមើល។ តាមការសង្កេត លោកថាមិនចំពោះតែខ្សែភាពយន្ដមួយនេះទេ គឺភាពយន្ដខ្មែរភាគច្រើន ផលិតករនៅតែប្រព្រឹត្ដិកំហុសឆ្គងទាំងពីរនេះដដែលៗ។

លោកចាត់ទុកថា រឿងប្រវត្ដិស្នេហ៍នាងនាថ ត្រូវបានបញ្ចូលសំឡេងដោយប្រើវិធី Voice over ដែលទាញទម្លាក់គុណភាពរឿង ឬធ្វើឲ្យប៉ះពាល់ដល់សាច់រឿងទាំងមូលតែម្ដង។ លោកថា ផលិតករអាចមិនបានយកសំឡេងនៅទីតាំងថតផ្ទាល់ ហើយការដាក់សំឡេងបញ្ចូលបែបនេះធ្វើឲ្យសម្ដីចេញពីមាត់តួអង្គម្នាក់ៗ និងកាយវិកាមិនសូវធ្វើបានល្អ។

ឆ្លើយតបនឹងការរិះគន់នេះ ចាងហ្វាងផលិតកម្ម អិល ឌី លោក លៀក លីដា មិនបានអន់ចិត្ដ ឬខឹងសម្បារចំពោះការលើកឡើងនេះទេ ផ្ទុយទៅវិញលោកបានអគុណចំពោះការលើកឡើងក្នុងន័យស្ថាបនាដើម្បីឲ្យវិស័យភាពយន្ដខ្មែរកាន់តែរីកចម្រើន។ ប៉ុន្ដែលោកយល់ថា ប្អូនប្រុស Allan ទៅវិញទេដែលមិនទាន់យល់ច្បាស់ពីដំណើរការផលិតខ្សែភាពយន្ដ ហើយក្នុងភាពយន្ដនីមួយៗគឺមានភាពខុសគ្នាឆ្ងាយណាស់ក្នុងការដាក់សំឡេង VO និងADR ដែលអ្នកមានជំនាញខាងវិស័យភាពយន្ដគេមើល ឬស្ដាប់តែមួយភ្លែតទៅ គឺដឹងតែម្ដង។

លោក លៀក លីដា៖ “ខ្ញុំអត់មានអីត្រូវឆ្លើយតបជាមួយគាត់(Allan)ទេ តែខ្ញុំចង់អស់សំណើរទៅវិញ ដោយសារគាត់អត់យល់អ្វីទៅដែលហៅថា ADR និងVoice over គឺវាខុសគ្នាឆ្ងាយណាស់! ខ្ញុំថតកុនមក ១២ឆ្នាំហើយ ខ្ញុំអត់យកsound នៅset អាម៉េច? រឿងរបស់ អិល ឌី របស់មួយណាដែលបញ្ចូលសំឡេង(voice over)”។

ចំណែកប្រធានសមគមភាពយន្ដកម្ពុជា លោក ឆាយ បូរ៉ា បានលើកឡើងតាមរយៈ Sabay នៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ នេះ ថា វាពិតជាមានលក្ខណៈខុសគ្នាឆ្ងាយក្នុងការធ្វើសំឡេងដាក់ក្នុងភាពយន្ដនីមួយៗ ដោយប្រើរបៀប ADR និងVO។ ប៉ុន្ដែដល់អ្នកស្ដាប់ ឬទស្សនា ឮទៅរាងឆ្គងបន្ដិច ក៏សន្មត់ថាសំឡេងនោះ គឺជាសំឡេងVoice Over និងនិយាយតាមសំណេរតែម្ដង ដែលធ្វើឲ្យសំឡេង និងកាយក្នុងឈុតខ្លះខុសគ្នាមិនត្រូវចិត្ដអ្នកទស្សនា។

ទោះជាយ៉ាងណា លោក ឆាយ បូរ៉ា បញ្ជាក់ថា ចំពោះខ្សែភាពយន្ដទាក់ទងនឹងប្រវត្ដិសាស្ដ្រ ឬសិល្បៈ វប្បធម៌ខ្មែរ ទាមទារឲ្យតួអង្គពោល ឬនិយាយត្រូវពាក្យ អក្ខក្រម និងន័យដើម។ ដូច្នេះផលិតករ អាចឲ្យតួអង្គទន្ទេញប៉ារ៉ូលច្រើនដង ដើម្បីឲ្យសំឡេងចេញទៅស៊ីនឹងសកម្មភាពសម្ដែង ប៉ុន្ដែពាក្យពេចន៍និយាយនៅក្នុងឈុតសម្ដែងទាំងនោះ ក៏ត្រូវចេះបត់បែនដែរ ដើម្បីស្ដាប់ទៅកុំឲ្យឆ្គងពេក។

មិនបានបញ្ជាក់ពីតួលេខ ឬចំនួនអ្នកចូលទស្សនាខ្សែភាពយន្ដរឿង “ប្រវត្ដិស្នេហ៍នាងនាថ” វគ្គយុវវ័យក្រោយសម័យអង្គ ប៉ុន្ដែលោក លៀក លីដា អះអាងថា ខ្សែភាពយន្ដនេះទទួលបានការគាំទ្រខ្លាំង បន្ទាប់ពីសម្ពោធចាក់បញ្ចាំងជាផ្លូវការកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤។ រឿង“ប្រវត្ដិស្នេហ៍នាងនាថ” មាន ៣វគ្គ គឺវគ្គ “យុវវ័យក្រោយសម័យអង្គរ” កំពុងចាក់បញ្ចាំង ហើយគ្រោងចេញជាបន្ដបន្ទាប់គ្នាទៀតនូវវគ្គ២ គឺ“ជើងមេឃពណ៌ស្វាយ” និងវគ្គ “ខ្មោចចិញ្ចឹមកូនមនុស្ស”៕

ជិន សុភ័ក្ដ្រ