ម្ចាស់មេដាយមាសអាស៊ី ឃូ ឃាងហ៊ុយ រំភើបរហូតស្រក់ទឹកភ្នែកពេលលឺភ្លេងជាតិខ្មែរអំឡុងពិធីបំពាក់មេដាយ
- 2024-08-14 07:42:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម្ចាស់មេដាយមាសអាស៊ី ឃូ ឃាងហ៊ុយ រំភើបរហូតស្រក់ទឹកភ្នែកពេលលឺភ្លេងជាតិខ្មែរអំឡុងពិធីបំពាក់មេដាយ
ចន្លោះមិនឃើញ
ម្ចាស់មេដាយមាស ឃូ ឃាងហ៊ុយ នៃការប្រកួតកីឡាកាយវប្បកម្មជ្រើសរើសជើងឯកអាស៊ី លើកទី៥៦ ឯប្រទេសឥណ្ឌូណេស៊ី រំភើបរហូតស្រក់ទឹកភ្នែកនៅពេលលឺភ្លេចជាតិខ្មែរអំឡុងពិធីបំពាក់មេដាយរបស់ខ្លួន។
កីឡាករ ឃូ ឃាងហ៊ុយ បានឲ្យដឹងពេលមកដល់កម្ពុជាម្សិលមិញនេះថា អារម្មណ៍ពិតជារំភើបខ្លាំងពិសេសនៅពេលពិធីបំពាក់មេដាយមាសរួចហើយបានលឺសំឡេងភ្លេចជាតិរបស់ខ្មែរចាក់នៅពេលនោះ។ ដោយសារនេះជាមេដាយមាសទី១ សម្រាប់ខ្លួនលើឆាកអន្តរជាតិទៀតនោះវាបានធ្វើឲ្យរូបគេពិបាកទប់អារម្មណ៍។
ចំណែកលោក តឹក ប៊ុនវី ប្រធានសហព័ន្ធកីឡាកាយវប្បកម្មបានលើកឡើងថា បើទោះជាកីឡាករ ឃូ ឃាងហ៊ុយ ឈ្នះមេដាយមាសក៏ពិតមែន ប៉ុន្តែនៅមានចំណុចត្រូវបំពេញបន្ថែមច្រើនទៀត ព្រោះការឈ្នះនេះនៅមិនទាន់ល្អដាច់ពីគូប្រកួតនោះឡើយ។ ការឈ្នះនេះគឺត្រឹមឈ្នះពិន្ទុប៉ុណ្ណោះ ដូច្នេះត្រូវហ្វឹកហាត់សាច់នៅចំណុចមួយចំនួនទៀតដែលមិនទាន់ល្អពេញលេញដើម្បីត្រៀមការប្រកួតជើងឯកពិភពលោកអំឡុងខែវិច្ឆិកាបន្តទៀត។
អ្នកជំនាញផ្នែកសាច់ដុំរូបនេះ ថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ក្រសួងអប់រំ និងគណៈកម្មាធិការជាតិអូឡាំពិក ដែលតែងតែលើកស្ទួយវិស័យកីឡា និងជំរុញឲ្យបានចេញទៅប្រកួតនៅអន្តរជាតិជាបន្តបន្ទាប់។ ក្នុងនាមសហព័ន្ធ និងកីឡាករ កីឡាការិនីទាំងអស់នឹងខំប្រឹងប្រែងហ្វឹកហាត់ក៏ដូចជាប្រកួតឲ្យអស់ពីសមត្ថភាពដើម្បីលើកមុខមាត់កម្ពុជាលើឆាកអន្តរជាតិ។
បញ្ជាក់ដែរថា ក្រុមកីឡាកាយវប្បកម្មកម្ពុជា រួមមានលោក តឹក ប៊ុនវី ប្រធានប្រតិភូ និងជាចៅក្រម អ្នកស្រី អេមី សារីរ៉ុម គ្រូបង្វឹកជម្រើសជាតិ និងកីឡាករ ឃូ ឃាងហ៊ុយ បានវិលត្រឡប់មកពីការប្រកួតជ្រើសរើសជើងឯកអាស៊ី លើកទី៥៦ ឯប្រទេសឥណ្ឌូណេស៊ី វិញហើយកាលពីល្ងាចម្សិលមិញនេះ។ ឃូ ឃាងហ៊ុយ បានឈ្នះមេដាយមាស ១គ្រឿងលេងលើវិញ្ញាសា Men’s Sport Physique Over 180cm ជូនប្រទេសកម្ពុជា៕