សត្វជិតផុតពូជ ក្រពើភ្នំ! ខែមុន​រកឃើញ​ ៥សំបុកនៅភ្នំក្រវាញ ហើយឥឡូវនៅសៀមប៉ាង ទើប​ញាស់ចេញ ១៤ក្បាលទៀត

  • 2024-08-23 02:24:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមការងាររបស់ Rising Phoenix បានផ្តល់ព័ត៌មានថា កូនក្រពើភ្នំ (ឬក្រពើត្រី) ដែលជិតផុតពូជបំផុត ១៤ក្បាល បានញាស់ដោយជោគជ័យ នៅតំបន់អភិរក្សសៀមប៉ាង។ ដំណឹង​ដ៏គួរឲ្យរំភើបរីករាយនេះ ជាការសម្រេចបានដ៏សំខាន់សម្រាប់ការស្តារប្រភេទសត្វជិតផុតពូជនេះ ចាប់តាំងពីការនាំយកក្រពើ ២២ក្បាលចូលទៅក្នុងតំបន់អភិរក្សសៀមប៉ាងកាលពីខែឧសភា ឆ្នាំមុន។ កូនក្រពើទាំងនេះបានញាស់ពីសំបុកមួយក្នុងចំណោមសំបុក ៥ ខណៈសំបុក ៤ ផ្សេងទៀតមិនបានជោគជ័យ។ នេះបើតាមការចុះផ្សាយរបស់អង្គការ USAID ប្រចាំកម្ពុជា កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ​២០២៤។

ក្រពើភ្នំ (ឬក្រពើត្រី) គឺជាប្រភេទសត្វក្រពើទឹកសាបដែលមានប្រភពកំណើតនៅក្នុងប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ប្រ៊ុយណេ ម៉ាឡេស៊ី ថៃ និងវៀតណាម។ វាត្រូវបានចុះជាប្រភេទសត្វជិតផុតពូជនៅក្នុងបញ្ជីក្រហម IUCN ក្នុងឆ្នាំ ២០១២ ហើយបានបាត់ពីតំបន់ដែលវាធ្លាប់រស់នៅច្រើន។ នៅក្នុងកម្ពុជា វាត្រូវបានគេគិតថាផុតពូជ ប៉ុន្តែវាត្រូវបានគេប្រទះឃើញឡើងវិញនៅជួរភ្នំក្រវាញក្នុងឆ្នាំ ២០០០។

ដែនជម្រកសត្វព្រៃសៀមប៉ាងក៏ជាអតីតជម្រករបស់សត្វក្រពើភ្នំនេះដែរ ប៉ុន្តែការបាត់បង់ជម្រក និងសកម្មភាពនេសាទដែលគ្មាននិរន្តរភាពបានធ្វើឲ្យចំនួនរបស់ក្រពើភ្នំបានថយចុះយ៉ាងខ្លាំង។ ហើយការស្រាវជ្រាវថ្មីៗមិនបានរកឃើញភស្តុតាងណាមួយដែលបញ្ជាក់ពី​វត្តមានរបស់ពួកវានៅទីនេះបន្តទៀតនោះទេ។

ដើម្បីជួយការពារប្រភេទសត្វជិតផុតពូជនេះ ទីភ្នាក់ងារជំនួយអាមេរិក USAID តាមរយៈគម្រោង USAID Morodok Baitang-មរតកបៃតង និង Rising Phoenix បានចូលរួមក្នុងការនាំយកក្រពើ ២២ក្បាលចូលទៅក្នុងតំបន់អភិរក្សសៀមប៉ាង។ ពិធី​លែងក្រពើភ្នំចូលក្នុងតំបន់អភិរក្ស​នេះ ត្រូវបានរៀបចំជាមួយមន្ទីរបរិស្ថានខេត្ត រដ្ឋបាលព្រៃឈើ អាជ្ញាធរ មូលដ្ឋាន សហគមន៍ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស។ ព្រឹត្តិការណ៍នេះក៏បានលើកកម្ពស់ការយល់ដឹងអំពីតួនាទីរបស់ក្រពើភ្នំនៅក្នុងប្រព័ន្ធអេកូឡូស៊ី និងសារៈសំខាន់នៃការអភិរក្សជីវៈចម្រុះផងដែរ។

ក្រពើភ្នំទាំងអស់ត្រូវបានធ្វើតេស្តហ្សែនជាមុនដើម្បីធ្វើឱ្យប្រាកដថាវាជាពូជក្រពើភ្នំសុទ្ធ។ ខុសពីប្រភេទក្រពើផ្សេងៗ ពូជក្រពើភ្នំសុទ្ធមិនត្រូវបានគេរកឃើញថាមានភាពកាចសាហាវដាក់មនុស្សទេ។

គួររំលឹកថា កាលពីខែកក្កដា ឆ្នាំ​២០២៤កន្លងទៅ ក្រសួងបរិស្ថាន រដ្ឋបាលព្រៃឈើ អង្គការ​សត្វព្រៃ និងរុក្ខជាតិ និងសហគមន៍មូលដ្ឋាន បាន​រកឃើញ​សំបុក​ក្រពើភ្នំ​សរុបចំនួន ៥សំបុក នៅឧទ្យានជាតិជួរភ្នំក្រវាញ ដែល​ជាចំនួន​សំបុក​ពងកូនច្រើនបំផុត​មិនធ្លាប់មាន​ ក្នុងរយៈពេល​ជាង ២០ឆ្នាំកន្លងមកនេះ។ សំបុក​ទាំង៥នោះ មាន​ពងសរុប​ចំនួន ១០៦គ្រាប់ ក្នុងនោះពងដែលមានលទ្ធភាព​បង្កកំណើត​មានចំនួន ៦៦គ្រាប់។ សំបុកទាំងនោះ ត្រូវបាន​យាមការយ៉ាងម៉ត់ចត់​ពីមន្រ្តីឧទ្យានុរក្ស និងសំណាក់សហគមន៍​មូលដ្ឋាន។

ជាលទ្ធផល កូនក្រពើភ្នំសរុបចំនួន ៦០ក្បាល ត្រូវញាស់ចេញ​ពីសំបុកដោយជោគជ័យ​ក្នុងចន្លោះថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ​២០២៤។ ការរកឃើញ​នេះ បានបង្ហាញ​ថា តំបន់នេះ​គឺជាជម្រក​ដ៏សំខាន់​សម្រាប់សត្វក្រពើធម្មជាតិ និងបានផ្តល់ក្តីសង្ឃឹម​ដល់ការកើនឡើង​នៃប្រភេទសត្វនេះ​នៅក្នុងធម្មជាតិ។

គួរដឹងថា សត្វក្រពើភ្នំ គឺជាប្រភេទសត្វជិតផុតពូជបំផុត​នៅក្នុងធម្មជាតិ ហើយមាន​ចំនួន​ប្រមាណ​ជាង ១០០០ក្បាល​ប៉ុណ្ណោះនៅលើ​ពិភពលោក ក្នុងនោះកម្ពុជា​ដែលត្រូវចាត់ទុកថាមានវត្តមានសត្វក្រពើភ្នំ​ច្រើនជាងគេ​លើពិភពលោក ប្រមាណ ៣០០ក្បាល៕