បែបមើលឃើញថា EV ទៅមុខយឺតពេក! Hyundai សម្រេចដើរតាមគន្លងផ្លូវដូច Toyota

  • 2024-08-29 07:15:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​កូរ៉េ Hyundai ហាក់ស្ទាក់ស្ទើរក្នុងការជំរុញផលិតរថយន្តអគ្គិសនីឱ្យបានច្រើន ដោយសារតែបច្ចុប្បន្ន​មានតម្រូវការយឺត ហើយជាពិសេស EV សឹងតែគ្របដណ្តប់ដោយក្រុមហ៊ុនចិនទៅហើយ ដែលមានតម្លៃធូរថ្លៃ។ មើលឃើញបែបនេះ Hyundai បាន​ប្រកាស​ដើរផ្លូវថ្មីគឺផ្តោតទៅលើ Hybrid វិញ ដូច Toyota ដែរ។

Hyundai បាន​ប្រកាសថា ខ្លួន​នឹង​បង្កើន​ចំនួន​រថយន្ត Hybrid ទ្វេដង ដល់ ១៤ម៉ូឌែល។ យ៉ាងណាមិញ Hyundai ក៏មិនមែនបោះបង់ចោល EV ដែរ ផ្ទុយទៅវិញ គឺ​អភិវឌ្ឍប្រព័ន្ធរថយន្តអគ្គិសនីជាមួយនឹងបច្ចេកវិទ្យាថ្មី ដែល​អាចឱ្យរថយន្ត​ធ្វើដំណើរបានកាន់តែឆ្ងាយ ហៅកាត់ថា (EREVs)។

ថ្មីៗនេះ Toyota ក៏ត្រូវបានគេដឹងដែរថា ក្រុមហ៊ុនជប៉ុននេះ​ក៏មិនទាន់ហក់លោតខ្លាំង​ទៅរករថយន្តអគ្គិសនីដែរ ពោលគឺ​ផ្តោតលើរថយន្ត Hybrid។ ក្នុងនោះ រថយន្ត Toyota RAV4 ស៊េរីឆ្នាំ២០២៦ នឹងមានតែជម្រើស Hybrid មួយគត់ លែងមានជម្រើសប្រើសាំងសុទ្ធដូចស៊េរីមុនៗទៀតហើយ សម្រាប់ទីផ្សារអាមេរិកខាងជើង។ 

បើតាមលោក Akio Toyoda ប្រធាន​ក្រុមប្រឹក្សាភិបាល Toyota បានលើកឡើង​កាលពីខែមករាកន្លងទៅថា ចំណែកទីផ្សារ​ EV សាកល នឹងមានតែ ៣០% ប៉ុណ្ណោះ ហើយ Toyota ជឿជាក់ថា មាន​ជម្រើសប្រភេទរថយន្តច្រើន ក្រៅពី EV ដែលជួយដល់បរិស្ថាន រួមមាន Hybrid, អ៊ីដ្រូសែន និងចំហេះបៃតងផ្សេងៗទៀត៕

អត្ថបទ៖ សំភី