អ្នកជំនាញកម្ពុជា និងហុងកុង កំពុងជួបគ្នាចែករំលែកបទពិសោធន៍រៀបចំទីក្រុង និងលំនៅឋាន

  • 2024-09-02 06:19:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ នេះ បានសហការជាមួយអ្នកជំនាញមកពីហុងកុងដែលគេស្គាល់ច្បាស់ថាជាទីក្រុងស៊ីវិល័យ និងមានសំណង់អគារខ្ពស់ៗ ដើម្បីរៀបចំសិក្ខាសាលាស្ដីពី “បទពិសោធនៃការរៀបចំទីក្រុង និងលំនៅឋាននៅកម្ពុជា និងហុងកុង”។

ថ្លែងក្នុងពិធីប្រកាសបើកសិក្ខាសាលានៅព្រឹកនេះ រដ្ឋលេខាធិការ ក្រសួងរៀបចំដែន ឯកឧត្ដម លាង មុនីរិទ្ធ ឲ្យដឹងថា បើទោះបីជាស្ថានភាពសេដ្ឋកិច្ចសកលមិនទាន់វិលទៅរកភាពល្អប្រសើរដូចមុនបញ្ហាជំងឺកូវីដ-១៩ ប៉ុន្ដែវិស័យសំណង់នៅកម្ពុជាបានបន្ដកើនឡើង។ នេះបើផ្អែកលើរបាយការណ៍រយៈពេល ៦ខែដើមឆ្នាំ២០២៤ ធៀបនឹងរយៈពេល ៦ខែដូចគ្នា កាលពីឆ្នាំ២០២៣។

ឯកឧត្ដម លាង មុនីរិទ្ធ៖ “ការរៀបចំសិក្ខាលានៅថ្ងៃនេះ មិនមែនកើតឡើងដោយចៃដន្យទេ គឺយើងបានសហការគ្នារវាងអ្នកជំនាញរៀបចំទីក្រុង និងលំនៅឋានមកពីហុងកុង និងខ្មែរយើង ក្នុងគោលបំណងរួមចំណែកចែករំលែក បទពិសោធន៍ក្នុងការងាររៀបចំទីក្រុង និងលំនៅឋាននៅគ្រប់កម្រិត នៃព្រះរាជាណាចក្រកម្ពុជា”។

ឯកឧត្ដម លាង មុនីរិទ្ធ ចាត់ទុកសិក្ខាសាលានៅថ្ងៃនេះពិតជាមានសារសំខាន់ចំពោះស្ថានភាព​រៀបចំទីក្រុង និងលំនៅឋាននៅកម្ពុជា ដើម្បីឲ្យអ្នកជំនាញទាំងក្នុងវិស័យរដ្ឋ និងឯកជន អនុវត្ដឲ្យបានកាន់តែមានប្រណីតភាព ខណៈដែលអត្រាប្រជាជនរស់នៅទីក្រុងកាន់តែកើនឡើង ហើយវិស័យសំណង់ក៏កាន់តែរីកដុះដាល។

ផ្នែកតាមកាលវិភាគ នៃសិក្ខាសាលា អ្នកជំនាញកម្ពុជា និងហុងកុង ផ្តោតទៅលើប្រធានបទសំខាន់ៗចំនួន ៥។ ក្នុង​នោះ​ មានទី២ ផ្ដោតលើលំនៅឋានសាធារណៈនៅទីក្រុងហុងកុង ធ្វើបទបង្ហាញដោយលោកសាស្ត្រាចារ្យ Ngal Ming Yip។

ទី២ ការរៀបចំទីក្រុងថ្មីនៅទីក្រុងហុងកុង ដោយលោកសាស្ត្រាចារ្យ Eddle Chl Man Hul។

ទី៣ លំនៅឋានតម្លៃសមរម្យជាទ្រនំសុភមង្គល និងប្រកបដោយចីរភាព ដោយលោក សុខ សំអុន អគ្គនាយករងនៃអគ្គនាយកដ្ឋានលំនៅឋាន។

ទី៤ ការងាររៀបចំដែនដី និងនគរូបនីយកម្ម ដើម្បីប្រជាជន សេដ្ឋកិច្ច សង្គម និងបរិស្ថាន ដោយឯកខុត្តម បេង ហុងសុជាតិខេមរ៉ូ អគ្គនាយកនៃអគ្គនាយកដ្ឋាន រៀបចំដែនដី និងនគរូបនីយកម្ម។

និងទី៥ ដំណោះស្រាយអគារប៊ូឌីញស ដោយលោកស្រី នូសុវត្ថិ ចាន់វត្តី អនុប្រធាននាយកដ្ឋានអភិវឌ្ឍសេដ្ឋកិច្ច កិច្ចការវិនិយោគ និងទំនាក់ទំនងអន្តរជាតិ។

សិក្ខាសាលានេះ មានគោលបំណងចែករំលែកបទពិសោធក្នុងការរៀបចំទីក្រុងនៅកម្ពុជា និងនៅទីក្រុងហុងកុងដល់ផ្នែកសាធារណៈ ទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិជូនដល់វិស័យឯកជន សមាគម និងផ្នែកឧត្តមសិក្សា ដែលពាក់ព័ន្ធនឹងវិស័យនេះ៕

ជិន សុភ័ក្ដ្រ