មុនកូនល្បីមិនចង់រាប់រក តែដល់ពេលកូនបានល្បី ម្តាយរបស់ Han So Hee ទារលុយដល់ថ្ងៃគេចាប់ខ្លួន

  • 2024-09-04 03:41:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព័ត៌មាននៃ ការចាប់ខ្លួនម្តាយរបស់តារាសម្ដែង Han So Hee ពាក់ព័ន្ធពីបទបើកប្រតិបត្តិការល្បែងស៊ីសងខុសច្បាប់កាលពីពេល​ថ្មីៗនេះ បានធ្វើឱ្យមនុស្សជាច្រើនភ្ញាក់ផ្អើល។ ព័ត៌មាន​ក៏​បាន​ឲ្យដឹងផង​ដែរ​ថា ម្តាយ​របស់​នាង​នៅតែបន្ត​ទារ​លុយ​ពីកូនទៀត រហូត​មក​ដល់​ពេល​នេះ​។

កាលពីថ្ងៃទី ០៣ ខែកញ្ញា YouTuber ដែលមានឈ្មោះថា Lee Jin Ho បានបង្ហោះវីដេអូមួយដែលមានចំណងជើងថា "Lend Me Money: Han So Hee's Shocking Update" នៅលើ Channel របស់ខ្លួន។ ក្នុង​វីដេអូ Lee Jin Ho បាន​លាតត្រដាង​ថា លោកជា​មនុស្ស​ដំបូង​គេ​ដែល​ស៊ើបអង្កេត​បញ្ហា​បំណុល​ម្តាយ​របស់ Han So Hee។ លោក​បានឲ្យដឹងថា លោកបាន​សន្ទនា​ផ្ទាល់​ជាមួយ​ម្តាយ​របស់ Han Seo Hee នៅ​ពេល​នោះ។ ក្នុងអំឡុងពេល​នោះដែរ អ្នកម្ដាយនោះបានបញ្ជាក់ថាខ្លួន​ មិន​ចង់​ដាក់បន្ទុក​កូនស្រី​ទេ ហើយ​នឹង​ឈប់​ទាក់ទងកូនទៀត។

YouTuber Lee Jin Ho

ទោះជាយ៉ាងណាក៏ដោយ Lee Jin Ho បានបន្តទៀតថា «ទោះបីជា Han So Hee ត្រូវបានគេរាយការណ៍ថាបានកាត់ផ្តាច់ទំនាក់ទំនងជាមួយម្តាយរបស់នាងក៏ដោយ វាមិនងាយស្រួលទេក្នុងការបំបែកទំនាក់ទំនងបែបនេះទាំងស្រុង ពោលគឺបានត្រឹម​មួយរយៈពេលមួយប៉ុណ្ណោះ។ ប៉ុន្តែ​ម្ដាយ​របស់​នាង​បាន​បន្ត​ទាក់​ទង​កូនដដែល»

YouTuber ដដែលបានអះអាងថា "ការពិត គឺយ៉ាប់មែនទែន! នៅពេលដែលពួកគេចាប់ផ្តើមទំនាក់ទំនងឡើងវិញ ម្តាយរបស់នាងបានចាប់ផ្តើមសុំជំនួយផ្នែកលុយកាក់ជាថ្មី។ លោកស្រីថែមទាំងបានទាក់ទងទៅភ្នាក់ងាររបស់ Han So Hee ដែលធ្វើឱ្យក្រុមការងារឈឺក្បាលមិនតិចទេ"

ទាក់ទងនឹងកុមារភាពដ៏លំបាករបស់ Han So Hee លោក Lee Jin Ho បានលើកឡើងថា "បន្ទាប់ពីឪពុកម្តាយរបស់នាងបានលែងលះគ្នា នៅពេលនាងមានអាយុ ៥ ឆ្នាំ Han So Hee ត្រូវបានជីដូនរបស់នាងយកទៅចិញ្ចឹម។ នៅពេលដែលនាងចូលរៀននៅវិទ្យាល័យ Ulsan ជាកន្លែងដែលម្តាយរបស់នាងរស់នៅ នាង និងជីដូនរបស់នាងខំស្វែងរក និងចង់រស់នៅ​ជាមួយ​ម្តាយ ប៉ុន្តែ​ម្តាយ​នាង​មិន​ព្រមទទួលទេ ទើប​នាំ​ពួកគេ​ទៅ​រស់នៅ​ដោយ​ឡែក​ពី​គ្នាតែម្ដង”​។

លោកបានបន្តទៀតថា «មុនពេលចូលរៀននៅមហាវិទ្យាល័យ Han So Hee បានជួបការលំបាកផ្នែកហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ ហើយទីបំផុតបានបោះបង់ការសិក្សានៅមហាវិទ្យាល័យ ដោយផ្លាស់ទៅទីក្រុង Seoul ដើម្បីចាប់ផ្តើមធ្វើការជាតារាបង្ហាញម៉ូដ។ ពេលនោះម្តាយដឹងថា កូនរកលុយបាន ក៏ចាប់​ផ្ដើម​ទាមទារ​ជំនួយ​ហិរញ្ញវត្ថុ»

នៅពេលដែល Han So Hee ទទួលបានភាពល្បីល្បាញនៅក្នុងវិស័យសិល្បៈ និងក្លាយជាតារាដែលល្បី ទម្លាប់នៃការចំណាយរបស់ម្តាយនាងក៏កាន់តែរីកចម្រើន ដែលនាំទៅរកបញ្ហាហិរញ្ញវត្ថុជាបន្តបន្ទាប់។ ពីរឿងអាស្រូវ "gye" (គម្រោងសន្សំប្រាក់ប្រពៃណីរបស់កូរ៉េ) រហូតដល់វ័ណ្ឌកករណី "ប្រមូលបំណុល"។ ម្តាយរបស់ Han So Hee បានខ្ចីលុយគេ ដោយប្រើឈ្មោះកូនស្រីរបស់ខ្លួនដែលមិនដឹងរឿងសោះ ជាការបញ្ចាំ។ មាន​ជន​រង​គ្រោះ​មិន​ស្គាល់​មុខ​ជា​ច្រើន​នាក់ ត្រូវ​រង​គ្រោះ​ដោយ​សារ​ទង្វើ​របស់​ម្តាយ​នាង។

ដោយឡែកកាលពីថ្ងៃទី ០២ខែកញ្ញា ទូរទស្សន៍ Chosun បានរាយការណ៍ថាម្តាយរបស់ Han So Hee ត្រូវបានចាប់ខ្លួនពីបទរត់ការលេងល្បែងខុសច្បាប់ជាង ១០។ អ្នកស្រី Shin ត្រូវបានគេចោទប្រកាន់ថា បានបើកកន្លែងលេងល្បែងចំនួន ១២ នៅ Ulsan និង Wonju តាំងពីឆ្នាំ ២០២១ រហូតដល់ខែមុន ដោយប្រើប្រាស់ "មនុស្សម្នាក់" បាំងមុខ។

ជាការឆ្លើយតបនឹងភាពចម្រូងចម្រាស ភ្នាក់ងាររបស់នាងបាន​ចេញសេចក្ដីថ្លែងការណ៍ ដោយបញ្ជាក់ថា “Han So Hee ខ្លួន​នាង​បាន​ដឹង​ពី​រឿង​នេះ​តាម​រយៈ​ព័ត៌មាន​នេះ ហើយនិយាយលែងចេញ និងពិបាកចិត្តបំផុត”។ ភ្នាក់ងារបានសង្កត់ធ្ងន់ថា "យើងចង់រម្លឹកឡើងវិញថា រឿងនេះមិនពាក់ព័ន្ធជាមួយតារាសម្តែងសូម្បីបន្តិច ហើយនេះជាទង្វើរបស់ម្តាយនាងម្នាក់ប៉ុណ្ណោះ"។ ទីភ្នាក់ងារក៏បានសុំទោសផងដែរ ចំពោះការបង្កភាពមិនស្រួលចិត្តដល់សាធារណជន ជាមួយនឹងព័ត៌មាននេះ៕

ប្រភព៖ Allkpop   អត្ថបទ៖ ធារី

អត្ថបទថ្មី