រកឃើញសំបុកត្មាតចំនួន ៣០ ក្នុងនោះមានកូនញាស់ ២៦ក្បាល ដែលជាចំនួនខ្ពស់​បំផុត

  • 2024-09-06 02:34:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមការងារ​អភិរក្ស​សត្វត្មាតនៅកម្ពុជា បានរកឃើញ​ទីតាំង​សំបុកត្មាត​ចំនួន ៣០សំបុក​នៅក្នុងប្រទេសកម្ពុជា និងនៅទីតាំង​ព្រំដែន​ប្រទេសឡាវ ក្នុងឆ្នាំ២០២៣ និង​ទទួលបាន​អត្រា​សំបុកជោគជ័យខ្ពស់គួរឱ្យកត់សម្គាល់​រហូតដល់ ៨៧% ដោយមានកូនញាស់​ចំនួន ២៦ក្បាល ដែលនេះ​គឺជាកំណត់ត្រាបង្កកំណើត​ជោគជ័យខ្ពស់បំផុត។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ​២០២៤។

ក្នុងសេចក្តីប្រកាសព័ត៌មាន​នេះ បាន​បង្ហាញ​ពីវឌ្ឍនភាព​យ៉ាងសំខាន់​លើការអភិរក្ស​សត្វត្មាត​ទាំង៣ប្រភេទ រួមមាន ត្មាតផេះ ត្មាតត្នោត និងត្មាតភ្លើង ដែល​ជាប្រភេទងាយរងគ្រោះជិតផុតពូជ រយៈពេល១ឆ្នាំ គិតចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២៣។

តាមរយៈ​គំនិតផ្តួចផ្តើមបង្កើតអាហារដ្ឋានត្នោត ដែល​ជាទីតាំង​សម្រាប់ផ្តល់​សាកសពសត្វចិញ្ចឹម​ជាចំណី​ដល់សត្វត្មាតនៅតាមទីជម្រកសំខាន់ៗ ក្រុមការងារអភិរក្សបាន​ធ្វើការតាមដាន​ចំនួនសត្វត្មាត​ក្នុងការជំរឿនកម្រិតជាតិ ដោយនៅខែមិថុនា ឆ្នាំ​២០២៣ ចំនួនសត្វត្មាត​អប្បបរមា មានចំនួន ១៣២ក្បាល នៃចំនួនសត្វត្មាត​សរុបទាំង៣ប្រភេទ។ ទិន្នន័យ​នេះ​ជាសញ្ញាបញ្ជាក់ពី​និន្នាការ​មានស្ថិរភាព​នៃចំនួនសត្វត្មាត បន្ទាប់ពីមានការធ្លាក់ចុះជាច្រើនឆ្នាំ។

ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ​ក្រសួងបរិស្ថាន បាន​ថ្លែងថា ការរកឃើញ​សត្វត្មាតមានចំនួនថេរនេះ បានបង្ហាញ​ពីសារៈសំខាន់​នៃតំបន់ការពារធម្មជាតិរបស់កម្ពុជា ដែល​កំពុងផ្តល់​ជម្រកប្រកបដោយ​សុខសុវត្ថិភាព សម្រាប់​សត្វព្រៃ និងជីវចម្រុះ និងអាចឱ្យជីវចម្រុះអាចរីកលូតលាស់​តាមធម្មជាតិដោយគ្មានការគំរាមកំហែង។

ក្រុមការងារអភិរក្ស​សត្វត្មាតកម្ពុជា បានដោះស្រាយ​កត្តាគំរាម​កំហែង​នៃការបំពុល ដែលជាមូលហេតុ​ចម្បងបង្កឱ្យសត្វត្មាតស្លាប់។ នៅក្នុងឆ្នាំ​២០២៣ មានករណី​បំពុល​ចំនួន៨ ត្រូវបានរកឃើញ និងបានចាត់វិធានការ​យ៉ាងរហ័ស​ដើម្បីលុបបំបាត់​ការសាយភាយសារធាតុបំពុល ហើយជាលទ្ធផល កាលពីឆ្នាំមុន មិនមានសត្វត្មាត​ត្រូវបានស្លាប់​ដោយការបំពុលនោះទេ។

បើតាមសេចក្តីប្រកាសព័ត៌មានខាងលើ ឱ្យដឹងទៀតថា កូនត្មាត (ត្មាតភ្លើង) ដែលបានឈឺ និងធ្លាក់ពីលើសំបុកនៅដែនជម្រកសត្វព្រៃស្រែពក ក្នុងឆ្នាំ២០២៣ ត្រូវបានជួយសង្គ្រោះ ហើយត្រូវបានដោះលែង​ទៅក្នុងព្រៃធម្មជាតិវិញ នៅដែន​ជម្រក​សត្វព្រៃសៀមប៉ាង ដោយ​បំពាក់ឧបករណ៍តាមដានការលូតលាស់ និងការ​បំលាស់ទីរបស់វា ដែលនេះ​គឺជារឿង​ដ៏គួរឱ្យកត់សម្គាល់បំផុត៕

អត្ថបទ៖ សំភី

អត្ថបទថ្មី