អាយ៉ៃ​​ឆ្លើយឆ្លង​ហើយ​តើ​នៀក​! Ten Hag បដិសេធ​ការ​​និយាយ​របស់​ Ronaldo រឿង​ថា​ខ្លួន​គ្មាន​ទំនុក​ចិត្ត​ឈ្នះ​ពាន​

  • 2024-09-13 01:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​របស់​ក្រុម​បិសាច​ក្រហម​​ Manchester United លោក Erik Ten Hag ​បាន​ធ្វើ​បដិសេធ​សម្រាប់​សម្ដី​ដែល​ Cristiano Ronaldo ​បាន​ធ្វើ​​រិះគន់​លោក ​​រឿង​​​​លោក​មិន​សម​និយាយ​​ពាក្យ​សម្ដី​​គ្មាន​សង្ឃឹម​ឈ្នះ​ពាន​ ព្រោះតែ​​កាល​នោះ​លោក​គិត​ថា​ក្រុម​​មិន​អាច​ប្រជែង​ពាន​ជាមួយ​គេ​បាន​។

​គេ​នៅ​ចាំ​បាន​ថា Ronaldo​ បាន​ធ្វើ​ការ​និយាយ​ទៅ​កាន់​អតីត​កីឡាករ​ល្បី​ឈ្មោះ​របស់ Manchester United លោក Rio Ferdinand ពី​រឿង​ដែល​លោក Ten Hag បាន​ធ្វើ​ការ​លើក​ឡើង​ថា បិសាច​ក្រហម​មិន​អាច​ឈ្នះ​​ពាន​ EPL និង UCL ស្ថិត​ក្រោម​ការ​ដឹក​នាំ​របស់​លោក​ ២០២១-២០២២ ដែល​កាល​នោះ​ Ronaldo ក៏​បាន​ត្រឡប់​មក​កាន់ Man Utd វិញ​ផងដែរ​។ មែន​ទែន​ទៅ​​ពេល​នោះ​បុរស​វ័យ​៣៩​ឆ្នាំ​របស់​ ព័រទុយហ្គាល់ ក៏​​បាន​យល់​ថា បិសាច​ក្រហម​មិន​អាច​ឈ្នះ​ពាន​បាន​ដែរ​ក្នុង​កម្រិត​កីឡាករ​​នា​ពេល​នោះ ប៉ុន្តែ​គេ​យល់​ឃើញ​ថា ​ក្នុង​នាម​ជា​អ្នក​ចាត់​ការ​មិន​គួរ​និយាយ​បែប​នេះ​ទេ គឺ​គួរ​តែ​និយាយ​លើក​ទឹក​ចិត្ត​កូន​ក្រុម​ឲ្យ​ប្រឹងប្រែង​​ទើប​ត្រូវ​។

នៅ​ពេល​ដែល​គេ​សួរ​សំនួរ​នេះ​​ក្នុង​ពេល​ធ្វើ​ដំណើរ​ទៅ​ត្រៀម​ខ្លួន​ការ​ប្រកួត​ទល់ Southampton នោះ​ លោក Ten Hag ក៏​បាន​លើក​ឡើង​ថា ពេល​នោះ Ronaldo ក៏​បាន​លើក​ឡើង​​ហើយ​យល់​ឃើញ​ដូច​គ្នា​ដែរ​។

«​ទេ​!​ គាត់​និយាយ​បែប​នោះ​ដែរ​។ ប្រសិន​បើ​គ្រប់​គ្នា​ទៅ​អាន​អត្ថបទ​នោះ​ឡើង​វិញ​ នឹង​ឃើញ។ គាត់​មាន​សិទ្ធ​បញ្ចេញ​មតិ​របស់​គាត់។ វា​មិន​អី​ទេ ព្រោះ​ថា​ពេលនេះ​គាត់​នៅ​ឆ្ងាយ​ពី​ពួក​យើង​ទៅ​ហើយ គាត់​នៅ​ដល់ អារ៉ាប៊ីសាអ៊ូឌីត​ទៅ​ហើយ​»។ ​នេះ​ជា​ការ​លើក​ឡើង​របស់​អ្នក​ចាត់​​​ការ​​បិសាច​ក្រហម​។

អ្នក​ចាត់​ការ​​ដដែល​បាន​សង្កត់​ធ្ងន់​ទៀ​តថា​ លោក​យល់​ថា​ការ​លើក​ឡើង​របស់ Ronaldo នេះ​​វា​មិន​ប៉ះពាល់​ដល់​លោក​​ទេ​។ ​លោក​ដឹង​​ពី​ចំណុច​ដែល​ត្រូវ​អភិវឌ្ឍន៍​ក្រុម​ និង​កំពុង​តែ​ធ្វើ​ដំណើរ​​ឆ្ពោះ​ទៅ​រក​ភាព​រីក​ចំរើន ហើយ​លោក​ក៏​បាន​ដឹង​ដែរ​ពី​​អ្វី​ដែល​លោក​គួរ​តែ​ធ្វើ និង​ដឹង​ពី​​ផ្លូវ​ដែល​លោក​ត្រូវ​តែ​ដើរ​ទៅ​មុខ​នោះ​​។

​​​អ្នក​ចាត់​ការ​សញ្ជាតិ​ហុល្លង់​​លើក​ឡើង​ដែ​រ​ថា អ្វី​ដែល​លោក​បាន​​និយាយ​ពី​មុន​វា​ស្ថិត​ក្នុង​​ដំណាក់​កាល​មួយ​ដ៏​ពិបាក​ ព្រោះ​ពេល​នោះ​ក្លឹប​មាន​កីឡាករ​មិន​គ្រប់​គ្រាន់​ លោក​​ត្រូវ​ប្រើ​យុវជន​ខ្លះ​មក​ជួយ​ក្រុម ​ដើម្បី​ឆ្លាស់​បញ្ចូល​កន្លែង​ដែល​កីឡាករ​មាន​របួស​៕ ​​​​

ប្រភព៖ BBC   Daro Ly