ឡានអគ្គិសនីថ្មី Toyota bZ3C បំពាក់ម៉ូទ័រ និងអាគុយចិន BYD
- 2024-09-16 09:36:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡានអគ្គិសនីថ្មី Toyota bZ3C បំពាក់ម៉ូទ័រ និងអាគុយចិន BYD
ចន្លោះមិនឃើញ
ក្រុមហ៊ុន Toyota ត្រូវបានគេដឹងថា កំពុងស្នើសុំអាជ្ញាបណ្ណពីអាជ្ញាធរប្រទេសចិន ដើម្បីផលិតរថយន្តអគ្គិសនីថ្មី bZ3C ដែលមានរូបរាងដូច Prius តែជាប្រភេទកូនកាត់ថ្មី Coupe-SUV។
អ្វីដែលគេកត់សម្គាល់ក្នុងពាក្យស្នើសុំរបស់ Toyota នោះ គឺរថយន្តអគ្គិសនីថ្មីនេះ នឹងបំពាក់ម៉ូទ័រភ្លើង និងអាគុយរបស់ក្រុមហ៊ុនចិន BYD។ ការផលិតរថយន្តនេះ នឹងធ្វើឡើងនៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៤ នៅរោងចក្រដែលជាកិច្ចសហប្រតិបត្តិការរួមគ្នារវាង FAW-Toyota នៅក្រុង Tianjin។
បើតាមឯកសារស្នើសុំដដែលលាតត្រដាងទៀតថា រថយន្ត Toyota bZ3C គឺមានប្រវែង ៤៧៨៩មម, ទទឹង ១៨៦៦មម និងកម្ពស់ ១៥១០មម និងមានប្រវែងពីកង់មុខទៅកង់ក្រោយ ២៨៨០មម។ វាបំពាក់ម៉ូទ័រដែលអាចផលិតបានកម្លាំង ២០០គីឡូវ៉ាត់ (២៦៨សេះ)។ ចំណែកអាគុយជាប្រភេទ LFP ដោយគេប៉ាន់ស្មានថា អាចធ្វើដំណើរបានដល់ ៥០០ ទៅ ៦០០គីឡូម៉ែត្រ ពេលសាកពេញ។
គួរដឹងថា នៅប្រទេសចិន រាល់រថយន្តទាំងអស់មុនចេញលក់លើទីផ្សារ គឺត្រូវទទួលបានការអនុម័តពីនីយ័តករក្នុងស្រុក ហើយក្រសួងឧស្សាហកម្ម និងព័ត៌មានវិទ្យា ជាអ្នកចេញផ្សាយបញ្ជីឈ្មោះរថយន្តទាំងនោះ៕