ទៅស្រុកថ្ងៃភ្ជុំបិណ្ឌ ហើយចង់ជិះឡានក្រុង Free! អ៊ីចឹងតើត្រូវទៅឡើងជិះនៅឯណា?

  • 2024-09-18 03:53:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំរថយន្តក្រុងចំនួន ៦៥៣គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ ដែលមានរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ ដោយជិះមិនបង់ប្រាក់ ដើម្បីជួយសម្រួលដល់ការចំណាយជូនបងប្អូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។ ក្នុងចំណោមរថយន្តក្រុងទាំងនេះ ក្នុងនោះ៖

១. សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ៖ ប្រើប្រាស់រថយន្តក្រុងចំនួន១០០គ្រឿង សម្រាប់តម្រាយផ្លូវរត់ក្នុងរាជធានីភ្នំពេញ។

២. សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋ ដែលនឹងធ្វើដំណើរពីរាជធានីភ្នំពេញ ទៅតាមបណ្តាខេត្ត និងពីបណ្តាខេត្តត្រឡប់មកភ្នំពេញវិញ៖ ប្រើប្រាស់រថយន្តក្រុងចំនួន ៤៩៧គ្រឿង។

៣. សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋ ដែលនឹងធ្វើដំណើរទៅលេងកម្សាន្តនៅតំបន់ភូមិភាគឦសាន (ខេត្តក្រចេះ, ស្ទឹងត្រែង, មណ្ឌលគិរី និងខេត្តរតនគិរី)៖ ប្រើប្រាស់រថយន្តក្រុងចំនួន ៥៦គ្រឿង។

ខាងក្រោមនេះ គឺជាទីតាំង និងម៉ោងចេញដំណើរទៅតាមបណ្តាខេត្តរួមមាន៖

-ផ្លូវជាតិលេខ១ គោលដៅ ទៅខេត្តកណ្តាល ព្រៃវែង ស្វាយរៀង។ ទីតាំងចេញដំណើរ នៅស្ថានីយរថយន្តក្រុងវាលស្បូវ ចាប់ពីម៉ោង ៦កន្លះព្រឹក ដល់ម៉ោង ១១កន្លះព្រឹក។

-ផ្លូវជាតិលេខ២ គោលដៅ ទៅខេត្តកណ្តាល តាកែវ។ ទីតាំងចេញដំណើរ នៅស្ថានីយរថយន្តក្រុងចាក់អង្រែលើ ចាប់ពីម៉ោង ៦កន្លះព្រឹក ដល់ម៉ោង ១១កន្លះព្រឹក។

-ផ្លូវជាតិលេខ៣ គោលដៅ ទៅខេត្តកំពង់ស្ពឺ កែប កំពត និងផ្លូវជាតិលេខ៤ គោលដៅទៅខេត្តកំពង់ស្ពឺ ព្រះសីហនុ និងកោះកុង។ ទីតាំងចេញដំណើរ នៅស្ថានីយរថយន្តក្រុងផ្លូវ២០០៤ (ជាប់របងបញ្ជាការដ្ឋានកងទ័ពជើងអាកាស) ចាប់ពីម៉ោង ៦កន្លះព្រឹក ដល់ម៉ោង ១១កន្លះព្រឹក។

-ផ្លូវជាតិលេខ៥ គោលដៅទៅខេត្ត កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងប៉ៃលិន។ ទីតាំងចេញដំណើរ នៅស្ថានីយរថយន្តក្រុងសួនច្បារឬស្សីកែវ ចាប់ពីម៉ោង ៦កន្លះព្រឹក ដល់ម៉ោង ១១កន្លះព្រឹក។

-ផ្លូវជាតិលេខ៦ គោលដៅទៅខេត្ត កំពង់ធំ សៀមរាប ព្រះវិហារ និងឧត្តរមានជ័យ។ ទីតាំងចេញដំណើរ នៅដីឡូតិ៍តំបន់ OCIC ជ្រោយចង្វារ (រង្វង់មូលទេពមច្ឆា) ចាប់ពីម៉ោង ៦កន្លះព្រឹក ដល់ម៉ោង ១១កន្លះព្រឹក។

-ផ្លូវជាតិលេខ៧ គោលដៅទៅខេត្តកំពង់ចាម ត្បូងឃ្មុំ និងផ្លូវជាតិលេខ៨ គោលដៅ ទៅខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី។ ទីតាំងចេញដំណើរ នៅស្ថានីយរថយន្តក្រុងរង្វង់មូលកួចកាណុង ចាប់ពីម៉ោង ៦កន្លះព្រឹក ដល់ម៉ោង ១១កន្លះព្រឹក៕

អត្ថបទ៖ សំភី