មកដឹងទីតាំងថ្មីរបស់ស្នាក់ការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៅផ្សារទំនើបអ៊ីអន២

  • 2024-09-20 02:36:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីតាំងថ្មីរបស់ស្នាក់ការផ្តល់អត្តសញ្ញាប័ណ្ណសញ្ជាតិខ្មែរនៅផ្សារទំនើបអ៊ីអនម៉ល សែនសុខ (អ៊ីអន២) ត្រូវបានសម្ពោធហើយកាលពីពេលថ្មីៗនេះ ដោយមានទីតាំងស្ថិតនៅជាន់ទី៣ ទល់មុខកន្លែងក្មេងលេង KID PARK។

បើតាមអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបានឱ្យដឹងថា ស្នាក់ការផ្តល់អត្តសញ្ញាប័ណ្ណសញ្ជាតិខ្មែរនេះ នឹងបើកផ្តល់សេវាជូនប្រជាពលរដ្ឋ រយៈពេល៥ថ្ងៃ ក្នុងមួយសប្ដាហ៍ ដោយទទួលផ្តល់សេវាចាប់ពីថ្ងៃពុធ ដល់ថ្ងៃអាទិត្យ។ ដោយឡែកថ្ងៃចន្ទ និងអង្គារ ស្នាក់ការមានមន្រ្តីប្រចាំការ ចាំទទួល និងបើកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋដែលដល់ថ្ងៃត្រូវមកទទួលយក។

សូមជម្រាបដែរថា ស្នាក់ការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរផ្សារអ៊ីអន២ ទទួលផ្តល់សេវាសម្រាប់ប្រជាពលរដ្ឋទូទៅ ទាំង២៥រាជធានី-ខេត្ត ដែលមកទទួលសេវា រួមមាន:

  • ករណីគ្រប់អាយុ១៥ឆ្នាំថតធ្វើថ្មី

  • ករណីថតធ្វើថ្មីពេលផុតសុពលភាព និងសុពលភាពនៅសល់តិចជាង ឬត្រឹម៩០ថ្ងៃ

  • ករណី របក ខូច

  • ទទួលពាក្យបណ្តឹងបាត់ និងពាក្យស្នើសុំទុតិយតាដែលបានចេញដោយនគរបាលប៉ុស្តិ៍រដ្ឋបាល ដើម្បីបោះពុម្ពថ្មី

  • និងករណីកែតម្រូវទិន្នន័យផ្សេងៗ។

រយៈពេលនៃការទទួលបានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ក្រោយពេលដាក់ពាក្យបំពេញបែបបទ និងឯកសារត្រឹមត្រូវគ្រប់គ្រាន់ គឺ ៣០ថ្ងៃនៃថ្ងៃធ្វើការ សាមីខ្លួនអាចអញ្ជើញមកទទួលយកបាន ដោយពុំចាំបាច់សមត្ថកិច្ចទាក់ទងឱ្យមកយកទេ។

លោកអ្នកអាចដោនឡូតកម្មវិធី GDI eServices ដើម្បីមើល ឬសាកសួរព័ត៌មាន ឬទំនាក់ទំនងលេខ ១២៧១ / ០១៧ ៨៩៨ ៩១៥ រៀងរាល់ថ្ងៃច័ន្ទដល់សុក្រ ក្នុងម៉ោងធ្វើការ។ មន្ត្រីជំនាញរង់ចាំទទួល ផ្តល់ព័ត៌មាន និងដោះស្រាយជូន៕

អត្ថបទ៖ សំភី