ច្បាស់ហើយ រឿងធ្វើអត្តសញ្ញាណប័ណ្ណផុត ឬជិតផុតសុពលភាព ដែលមិនត្រូវការឯកសារភ្ជាប់បន្ថែម

  • 2024-09-25 07:10:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការធ្វើថ្មីនូវអត្តសញ្ញាណប័ណ្ណដែលផុត ឬជិតផុតសុពលភាព គឺមិនត្រូវការទាមទារឯកសារបន្ថែមផ្សេងទៀតឡើយ ប្រសិនបើមិនមានការកែតម្រូវទិន្នន័យ ឬផ្លាស់ប្តូរអាសយដ្ឋានទេនោះ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា ឯកសារដែលតម្រូវឱ្យប្រជាពលរដ្ឋភ្ជាប់ ក្នុងការស្នើសុំអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ រួមមានដួចខាងក្រោម៖

១-ចំពោះពលរដ្ឋមានអាយុ ១៥ឆ្នាំឡើង ហើយពុំទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ត្រូវមានឯកសារភ្ជាប់ចំនួន២គឺ៖ សេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត និងសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ ឬលិខិតបញ្ជាក់ទីលំនៅ។

២-ចំពោះពលរដ្ឋមានអត្តសញ្ញាណប័ណ្ណផុតសុពលភាព ឬមានសុពលភាពតិចជាង ១៨០ថ្ងៃ ត្រូវមានឯកសារភ្ជាប់ដូចជា ៖

-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរផុតសុពលភាព ឬមានសុពលភាពតិចជាង ១៨០ថ្ងៃ

-ករណីផ្លាស់ប្តូរអាសយដ្ឋាន ត្រូវភ្ជាប់ជាមួយនូវ សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ ឬលិខិតបញ្ជាក់ទីលំនៅ នៃលំនៅឋានថ្មី។ កំណត់សម្គាល់៖ ករណីមិនមានការកែតម្រូវទិន្នន័យ ឬផ្លាស់ប្តូរអាសយដ្ឋានលើសន្លឹកអត្តសញ្ញាណប័ណ្ណ មន្រ្តីមានសមត្ថកិច្ចមិនត្រូវទាមទារឯកសារបន្ថែមផ្សេងទៀតឡើយ (លើកលែងតែករណីសង្ស័យថា ជននោះជាជនបរទេសដែលកាន់ឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី ឬពុំមានឯកសារសម្អាងច្បាស់លាស់ថាជាពលរដ្ឋខ្មែរ៕

អត្ថបទ៖ សំភី