តើអ្វីទៅជា «ជំងឺវិបត្តិទប់ទឹកនោមមិនបាន»? ហើយគេអាចព្យាបាលវាតាមរយៈវិធីណាខ្លះ?

  • 2024-09-27 04:22:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការបត់ជើងតូចញឹកញាប់ខុសប្រក្រតី, លេចនោមពេលក្អកកណ្ដាស់ ឬទប់មិនជាប់ពេលឈឺបត់ជើងតូចម្ដងៗ ទាំងអស់នេះ គឺសុទ្ធសឹងជារោគសញ្ញា នៃជំងឺវិបត្តិទប់ទឹកនោមមិនបាន ហើយបញ្ហាគឺនេះ គឺច្រើនកើតមានភាគច្រើនលើស្ត្រី។ បើតាមវេជ្ជបណ្ឌិតជំនាញបានអះអាងថា ទោះបីជា ជំងឺវិបត្តិទប់ទឹកនោមមិនបាន មិនមែនជាប្រភេទជំងឺកាចសាហាវ ដែលអាចឆក់យកអាយុជីវិតមនុស្ស ដូចជំងឺមហារីកក៏ដោយ ប៉ុន្ដែ វាក៏បានបង្កជាបញ្ហារំខាន ដល់ការរស់នៅ និងគុណភាពជីវិតផងដែរ។

លោកវេជ្ជបណ្ឌិតសាស្ត្រាចារ្យ Christopher Chong ឯកទេសផ្នែករោគស្ត្រី និងសម្ភព នៃមន្ទីរពេទ្យ Gleneagles នៅប្រទេសសិង្ហបុរី បានគូសបញ្ជាក់ថា តាមរយៈបទពិសោធន៍ផ្ទាល់របស់លោកចំពោះការព្យាលបាល និងចងក្រងព័ត៌មានរបស់អ្នកជំងឺជាស្ត្រីប្រមាណ ៣,៥០០នាក់ បានបង្ហាញថា មានភាគច្រើននៃពួកគេ គឺមានជំងឺវិបត្តិទប់ទឹកនោមមិនបាន។ ក្នុងនោះ មាន ៥០% នៃអ្នកជំងឺ គឺប្រឈមនឹងបញ្ហាលូន ឬស្រុតសិរីរាង្គនៅក្នុងអាងត្រគាករបស់គាត់ដូចជាស្បូន ប្លោកនោម និងពោះវៀនធំជាដើម។ លោកវេជ្ជបណ្ឌិតបន្ថែមថា បើទោះបីជា បញ្ហានេះ តែងតែបានកើតមានជាញឹកញាប់លើស្ត្រីក៏ដោយ ប៉ុន្ដែ ពួកគេមួយចំនួន នៅតែមានការអៀនខ្មាសនៅក្នុងការនិយាយអំពីវា ក៏ដូចជាស្វែងរកការព្យាបាលប្រកបដោយប្រសិទ្ធភាពខ្ពស់។

វិធីសាស្ត្រក្នុងការព្យាបាល

បើតាមវេជ្ជបណ្ឌិតឯកទេសផ្នែករោគស្ត្រី និងសម្ភពដដែលនេះ បានរៀបរាប់ទៀតថា ការព្យាបាល ជំងឺវិបត្តិទប់ទឹកនោមមិនបាន ត្រូវបានធ្វើឡើងតាមរយៈវិធីសាស្ត្រសាមញ្ញៗ និងមានអត្រាជោគជ័យខ្ពស់ ប្រើប្រាស់ពេលវេលាខ្លី ហើយអ្នកជំងឺនឹងមិនរងផលប៉ះពាល់ទៅថ្ងៃមុខនោះឡើយ។ ទោះយ៉ាងណា នៅក្រោយការព្យាបាល អ្នកជំងឺមួយចំនួនតូច ក៏អាចនឹងមានឱកាសលាប់មកវិញដែរ ដូច្នេះហើយ ការព្យាបាលដំបូងតាមវិធីសាស្ត្រដ៏ត្រឹមត្រូវចំពោះ ជំងឺវិបត្តិទប់ទឹកនោមមិនបាន គឺជារឿងសំខាន់ណាស់ ដែលអ្នកជំងឺត្រូវយកចិត្តទុកដាក់បំផុត។

ជាមួយនឹងការរីកចម្រើនដ៏ឆាប់រហ័សនៃបច្ចេកវិទ្យា បានជួយឲ្យការព្យាបាល ជំងឺវិបត្តិទប់ទឹកនោមមិនបាន កាន់តែមានអត្រាជោគជ័យខ្ពស់ ហើយការព្យាបាលត្រូវបានធ្វើឡើងតាមវិធីសាស្ត្រផ្សេងៗគ្នា។

បើតាម លោកវេជ្ជបណ្ឌិតសាស្ត្រាចារ្យ Christopher Chong ជាទូទៅ ការព្យាបាលជំងឺវិបត្តិទប់ទឹកនោមមិនបាន គេច្រើនប្រើប្រាស់វិធីសាស្ត្រវះកាត់ Slim Surgery ដែលជាការវះកាត់តូច មិនបង្កការឈឺចាប់ និងចំណាយពេលប្រហែល ១០នាទីប៉ុណ្ណោះ។ តាមរយៈវិធីសាស្ត្រនេះ អត្រាជោគជ័យ អាចមានរហូតដល់ទៅ ៩៥%ឯណោះ ហើយការវះកាត់តាមវិធីនេះ ត្រូវបានគេយកមកអនុវត្តអស់រយៈពេលរាប់សិបឆ្នាំមកហើយ។

វិធីសាស្ត្រទំនើបចុងក្រោយមួយទៀត ដែលគេប្រើប្រាស់ក្នុងការព្យាបាលជំងឺវិបត្តិទប់ទឹកនោមមិនបាន ក៏ដូចបញ្ហាស្រុត ឬលូនសរីរាង្គនៅក្នុងអាងត្រគាករបស់ស្ត្រី នោះគឺការវះកាត់ Mesh Surgery។ បើតាមលោកវេជ្ជបណ្ឌិតសាស្ត្រាចារ្យ Christopher Chong ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ នៅមន្ទីរពេទ្យ Gleneagles គឺបានប្រើប្រាស់វិធីសាស្ត្រនេះភាគច្រើន ជាមួយអត្រាជោគជ័យខ្ពស់បំផុត។

ទោះយ៉ាងណា លោកវេជ្ជបណ្ឌិត បានគូសបញ្ជាក់ថា នៅតាមបណ្ដាប្រទេសមួយចំនួន ហាក់នៅមិនទាន់មានការបណ្ដុះបណ្ដាលក្រុមវេជ្ជបណ្ឌិតឲ្យបានទូលំទូលាយ ចំពោះការអនុវត្តវិធីសាស្ត្រការវះកាត់តាមបែប Mesh Surgery នេះនៅឡើយទេ។ ដូច្នេះហើយ ធ្វើឲ្យការវះកាត់ជូនអ្នកជំងឺ មិនទទួលបានលទ្ធផលជោគជ័យដូចការរំពឹងទុក រហូតដល់មានបណ្ដាប្រទេសខ្លះទៀតរួមទាំង នូវែលសេឡង់ និងអូស្ត្រាលី ក៏មានការហាមប្រាមអនុវត្តការវះកាត់តាមបែប Mesh Surgery នេះដែរ។ ប៉ុន្ដែ នៅប្រទេសសិង្ហបុរីវិញ ការអនុវត្តវះកាត់តាមវិធីសាស្ត្រទំនើបមួយនេះ គឺត្រូវបានធ្វើឡើងដោយជោគជ័យ ដ្បិតក្រុមវេជ្ជបណ្ឌិត ត្រូវបានបណ្ដុះបណ្ដាលជំនាញច្បាស់លាស់ និងបទពិសោធន៍យូរឆ្នាំនៅក្នុងការព្យាបាលអ្នកជំងឺ។ ទោះជាបែបនេះក្ដី នៅប្រទេសសិង្ហបុរី ក៏មានត្រួតពិនិត្យ លើការវះកាត់តាមបែប Mesh Surgery ខ្លាំងណាស់ដែរ តួយ៉ាង មានវេជ្ជបណ្ឌិតតិចតួចបំផុត ដែលត្រូវបានអនុញ្ញាតឲ្យអនុវត្តការវះកាត់តាមវិធីនេះ។ ក្នុងនោះ ក៏មានលោកវេជ្ជបណ្ឌិតសាស្ត្រាចារ្យ Christopher Chongផងដែរ។

វិធីសាស្ត្រមួយទៀត ក្នុងការព្យាបាលជំងឺវិបត្តិទប់ទឹកនោមមិនបាន គឺការចាក់ប៊ូថក ដែលវិធីសាស្ត្រនេះ គេប្រើសម្រាប់ចាក់ទៅលើប្លោកនោម ដើម្បីកុំឲ្យវាកន្ត្រាក់ខុសធម្មតា ដែលបង្កទៅជាបញ្ហាឈឺនោមខុសប្រក្រតី ឬហៅថានោមញឹក ឬនោមមិនអស់ជាដើម។

ក្រៅពីការព្យាបាលលើទាំងអស់នេះ លោកសាស្ត្រចារ្យ Christopher Chong ក៏មានការព្យាបាល ដោយការបាញ់កាំរស្មី Laser ចំពោះអ្នកជំងឺស្ត្រី មានបញ្ហាសរីរាង្គបន្ដពូជស្ងួតស្ដើង ដែលជារឿយបង្កឲ្យមានការឈឺចាប់នៅពេលបត់ជើងតូច ឬនៅពេលដែលរួមភេទជាមួយដៃគូ។ ការព្យាបាលដោយប្រើប្រាស់ Laser គឺប្រើប្រាស់ពេលវេលាត្រឹមតែ ២ ទៅ៣នាទីប៉ុណ្ណោះ និងមិនមានការឈឺចាប់អ្វីឡើយ។ តាមរយៈការព្យាបាលនេះ បានជួយលើកកម្ពស់ដល់គុណភាពជីវិត និងសុខភាពបន្ដពូជរបស់ស្ត្រី ឲ្យកាន់តែប្រសើរឡើង។

ជាចុងក្រោយ លោកសាស្ត្រចារ្យ Christopher Chong ក៏បានលើកទឹកចិត្តឲ្យស្ត្រីគ្រប់រូប ដែលមានបញ្ហារោគស្ត្រី ឬផ្នែកសុខភាពបន្ដពូជ ត្រូវតែក្លាហានលើកឡើងអំពីបញ្ហារបស់ខ្លួន ជាមួយគ្រូពេទ្យជំនាញ ដើម្បីស្វែងរកការព្យាបាលមួយដ៏ត្រឹមត្រូវ ទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់៕