ឧកញ៉ា ហ៊ួត ជា អះអាង​ថាអ្នកឧកញ៉ាម្ចាស់គម្រោងធំមួយ ជំពាក់លុយមិនសង​ ហើយប្តឹងលោកថែមទៀត

  • 2024-10-22 07:18:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោកឧកញ៉ា ហ៊ួត ជា អគ្គនាយកក្រុមហ៊ុនសំណង់ ហ៊ួត ជា គ្រុប កាលថ្ងៃទី២១ ខែតុលា បាន​បង្ហើប​ថា អ្នកមានកំពូលម្នាក់​មានងារជា "អ្នកឧកញ៉ា" ដែល​ជា​ម្ចាស់​គម្រោង​សាងសង់​ដ៏​ធំ​មួយ​នៅ​រាជធានីភ្នំពេញ បាន​ទិញ​ការ៉ូ​ពី​លោក​ជា​ច្រើន​មិនទាន់​សងប្រាក់​គ្រប់​ចំនួនផង ហើយ​ថែមទាំង​ប្តឹង​លោក​ទៀត។

តាមរយៈការ Live បកស្រាយនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ​នា​ព្រលប់​ថ្ងៃច័ន្ទ​ លោកឧកញ៉ា ហ៊ួត ជា អះអាង​ថាក្នុងបទពិសោធន៍​ជា​អ្នករកស៊ី​ជាង ១៤ឆ្នាំ​មក​នេះ និង​មាន​សាខា​ធំៗជាង ៥០ ទូទាំងប្រទេស លោក​តែងតែ​ប្រកាន់​គោលការណ៍​ស្មោះត្រង់ជានិច្ច​ជាមួយ​អតិថិជន។

ទោះយ៉ាងណា រយៈពេល១ឆ្នាំមកនេះ លោក​បាន​ជួប​រឿង​មួយ ដែល​មាន​អ្នកឧកញ៉ាម្ចាស់គម្រោងធំមួយ នៅរាជធានីភ្នំពេញ បាន​ទិញ​ការ៉ូ​ពី​ក្រុមហ៊ុន​លោក ដោយ​ផ្តល់សែកឱ្យ​ ៣០% ហើយលោក​ក៏​បាន​តម្កល់​សែក​ឱ្យ​វិញ​ផង​ដែរ​ ព្រមទាំង​មាន​កិច្ចសន្យាច្បាស់លាស់​ថែម​​ទៀត។

សម្រាប់​ទឹកប្រាក់ ៣០% លោកឧកញ៉ា ហ៊ួត ជា បាន​យក​ទៅ​ប្រើប្រាស់​សម្រាប់​បញ្ជារ​ទិញ​ពី​រោងចក្រក្រៅ​ប្រទេស ហើយ​លោក​ថែម​ទាំង​​ចំណាយ​លុយ​បន្ថែម​ទៀត សម្រាប់​ថ្លៃ​ដឹកជញ្ជូន​តាម​កប៉ាល់ និង​ដឹក​ជញ្ជូន​ទៅ​ដាក់​តាមទីតាំង​ការដ្ឋាន។ លោកឧកញ៉ា បន្តថា គិត​ទៅ​ម្ចាស់​គម្រោង​នៅ​ជំពាក់​ប្រាក់​លោក​ជាង ២ម៉ឺនដុល្លារ​ទៀត ​ផ្ទុយទៅវិញ​អ្នកឧកញ៉ារូបនោះ មិន​ព្រមសង​ប្រាក់និង​បាន​ប្រើ​ពាក្យ​សម្តីថា ការ៉ូ​គ្មាន​គុណភាព និង​ត្រូវ​ជំពាក់​ប្រាក់​រូបគេវិញ​ចំនួន ៣ម៉ឺនដុល្លារ រហូតចុង​ក្រោយ​ដល់​ជិត ១០ម៉ឺនដុល្លារ។

លុះដល់​ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤នេះ លោក​ឧកញ៉ា ហ៊ួត ជា​ ​បាន​ទទួលពាក្យ​បណ្តឹង​មួយ​ពីបទព្រហ្មទណ្ឌ​ថែមទៀត។

ជាមួយនឹង Live នេះ លោកជំទាវឧកញ៉ា ហ៊ុន ស៊ីណាត ក៏បានបញ្ចេញមតិផងដែរថា៖ "អយុត្តិធម៌ម្ល៉េះលោក​ព្រះ​ ទិញការ៉ូអត់ទាន់សងលុយផងមកប្ដឹងម្ចាស់ការ៉ូអញ្ចឹង។ ស្គាល់គ្នាដែរនិយាយទៅកុំដល់ថ្នាក់ប្ដឹងផ្ដល់គ្នា​នោះ។ សព្វថ្ងៃនេះថ្នាក់ដឹកនាំខំកៀរគរអ្នកវិយោគទុន​មករកស៊ីក្នុងប្រទេស ចុះបើក្មួយជាអ្នកវិនិយោគក្នុងស្រុក គួរតែថ្នាក់ដឹកនាំជួយដោះស្រាយនិងការពារផ្នែកច្បាប់ឱ្យ​បានល្អផងទៅ។ ថយមួយជំហានម្នាក់ៗ ដោះស្រាយ​គ្នាទៅកុំដល់ប្ដឹងផ្ដល់គ្នានោះអី"។

ស្រដៀងគ្នានឹងការលើកឡើងរបស់លោកជំទាវ ហ៊ុន ស៊ីណាត លោកជំទាវឧកញ៉ា នឹម វណ្ណៈ ក៏បានបញ្ចេញមតិផងដែរ​ថា៖ "មានរឿងអីបង? ដោះស្រាយគ្នាសិនទៅបង តែបើគេប្តឹងបងត្រូវដោះស្រាយតាមច្បាប់"។

ទោះ​ជាយ៉ាងណា​នេះ​គ្រាន់​តែ​ជា​ការអះអាង និងបកស្រាយ​ពី​ភាគីម្ខាង​ប៉ុណ្ណោះ ខណៈ​ដែល​អត្ដសញ្ញាណ​ភាគី​ម្ខាង​ទៀត​មិន​ទាន់​ត្រូវ​បាន​បញ្ចេញ​ដោយ​លោកឧកញ៉ា ហ៊ួត ជា។ គិតត្រឹម​រសៀល​ថ្ងៃ​ទី២២ ខែ​តុលា ឆ្នាំ២០២៤ នេះ Sabay មិន​ទាន់​អាច​ទាក់ទង​លោកឧកញ៉ា ហួត ជា និងភាគីជម្លោះ ដើម្បី​សូមការពន្យល់បកស្រាយ​ដោយ​ផ្ទាល់​បាន​នៅ​ឡើយ​ទេ៕

ជិន សុភ័ក្ដ្រ