២០ ឆ្នាំមុន ស្រ្តីបរទេសម្នាក់ ចំណាយប្រាក់១៥០០០ ដុល្លារ ទិញកោះមួយ សព្វថ្ងៃក្លាយជា កោះសង្សារ លំដាប់អភិជន
- 2024-12-16 07:26:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
២០ ឆ្នាំមុន ស្រ្តីបរទេសម្នាក់ ចំណាយប្រាក់១៥០០០ ដុល្លារ ទិញកោះមួយ សព្វថ្ងៃក្លាយជា កោះសង្សារ លំដាប់អភិជន
ចន្លោះមិនឃើញ
កាលពីពេល ២០ឆ្នាំមុន ពោលគឺនៅក្នុងឆ្នាំ ២០០៤ មានស្រ្តីជនជាតិអូស្រ្តាលី កាត់ក្រិក ម្នាក់ឈ្មោះ Melita Koulamdas បានចំណាយប្រាក់ប្រមាណ ១៥០០០ដុល្លារអាមេរិក ទិញកោះដាច់ស្រយាលមួយ នៅតំបន់ប្រជុំកោះ កោះរ៉ុង។ បច្ចុប្បន្ន កោះនេះ បានប្រែក្លាយជារីសតប្រណិត លំដាប់អភិជន ដែលគេស្គាល់ថា ជា កោះសង្សារ (Songsa Private Island) ។
ក្នុងឆ្នាំ ២០០៤ Melita Koulamdas បានធ្វើដំណើរតាមទូកនេសាទមួយ ជាចៃដន្យ នាងបានធ្វើដំណើរទៅដល់កោះមួយ នៅឆ្ងាយដាច់ស្រយាល។ នាងបានឃើញបុរសដែលជាប្រជានេសាទ នៅលើកោះនោះ ដោយបុរសនោះបានសួរនាងថា ចាប់អារម្មណ៍ក្នុងការទិញយកកោះនេះជាកម្មសិទ្ធិ ឫ ទេ? ដោយមិនចាំយូរ នាងក៏ឆ្លើយត្រឡប់ទៅភ្លាមថា ចង់។ ពួកទាំង ២ បានព្រមព្រៀងឯកភាពគ្នា ទិញយកកោះនោះ ក្នុងតម្លៃ ១៥០០០ដុល្លារអាមេរិក។
ដំបូងឡើយ Koulmandas មិនបានគម្រោងណាមួយ ក្នុងការប្រែក្លាយកោះដែលនាងបានទិញនេះ ទៅជារីសត ទេ។ កន្លងផុតទៅ ៨ ឆ្នាំ រីសតកោះសង្សារ បានចាប់កំណើតឡើង នៅក្នុងឆ្នាំ ២០១២ ជាមួយគោលបំណង ផ្តល់ការងារដល់អ្នកភូមិ និងអភិរក្សកោះនេះឱ្យនៅមានសភាពស្រស់ស្អាត។
Koulmandas បាននិយាយថា “ខ្ញុំ បានមើលឃើញពីភាពវិជ្ជមាន ក្នុងការបង្កើត កោះសង្សារនេះឡើង។ អ្នកភូមិ ទទួលបានកម្រៃពីការជួយសម្អាត និងថែរក្សាបរិស្ថាន ហើយវាក៏ជាលើកដំបូងបង្អស់ ដែលខ្ញុំបានឃើញ ស្រ្តីនៅទីនេះ មានការងារធ្វើ ដោយកន្លងមកមានតែបុរសជាប្តី ប៉ុណ្ណោះ រកប្រាក់ពីការនេសាទដើម្បីផ្គត់ផ្គង់គ្រួសារ។ ពេលនេះពួកគេមាន ចំណូល ២ ប្រភពដែលវាពិតជាផលវិជ្ជមាន សម្រាប់ជីវភាពគ្រួសារ ហើយណាមួយទៀត ឃើញកូនៗ របស់ពួកគេមានលទ្ធភាពបានចូលរៀននៅសាលា ពិតជាធ្វើឱ្យខ្ញុំសប្បាយរីករាយណាស់”។
Koulmandas បានបន្តថា “ពួកយើង ចង់បង្ហាញពីភាពស្រស់ស្អាត នៃតំបន់ទេសចរណ៍ និង កោះរបស់កម្ពុជា ទៅកាន់ពិភពលោក”។
សព្វថ្ងៃ រីសតកោះសង្សារ មានកូនកោះតូចៗ ២ គឺ កោះអូន និង កោះបង ដែលតភ្ជាប់គ្នាដោយស្ពានមួយ អាចដើរឆ្លងកាត់ទៅមកបាន។ ការធ្វើដំណើរពីភ្នំពេញ តាមរថយន្តត្រូវចំណាយពេលប្រមាណ ២ ម៉ោងកន្លះ និង ធ្វើដំណើរពីសៀមរាប តាមជើងហោះហើរ ត្រូវចំណាយពេល ៤៥ នាទី។
កោះសង្សារ មានបន្ទប់ប្រភេទ Villa ចំនួន ២៤ បន្ទប់ ដែលចែកចេញជា ៣ ប្រភេទផ្សេងគ្នា គឺ Overwater, Jungle និង Ocean View។ ភ្ញៀវដែលទៅកម្សាន្តនៅទីនោះភាគច្រើន ជាលក្ខណៈគូស្នេហ៍ ជាពិសេសគឺគូស្វាមី ភរិយាថ្មីថ្មោង ដែលទៅក្រេបចន្ទទឹកឃ្មុំ៕