ធ្លាប់តែលឺគេថា «លួច ឬ ហេគ ចូលទូរសព្ទដៃ» តើគេលួចចូលរបៀបម៉េច? និងវិធីការពារសំខាន់ៗ

  • 2025-01-29 04:26:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចោរព័ត៌មានវិទ្យាអាចចូលប្រើទូរសព្ទរបស់អ្នកតាមវិធីជាច្រើន។ ដើម្បីការពារខ្លួន អ្នកត្រូវយល់ពីហានិភ័យ ដើម្បីត្រៀមប្រុងប្រយ័ត្ន។ ទូរសព្ទរបស់អ្នកមានព័ត៌មានសម្ងាត់ផ្ទាល់ខ្លួនដ៏មានតម្លៃ ដែលធ្វើឱ្យអ្នកក្លាយជាគោលដៅ សម្រាប់ចោរលួចអត្តសញ្ញាណ។ ដើម្បីការពារឧបករណ៍របស់អ្នក សូមស្វែងយល់អំពីបច្ចេកទេសលួចចូលទូទៅហើយ អនុវត្តតាមវិធានការសុវត្ថិភាពសាមញ្ញ។

ប្រភេទនៃការវាយប្រហារស្មាតហ្វូន

ចោរព័ត៌មានវិទ្យាលួចចូលក្នុងទូរស័ព្ទរបស់អ្នកដោយប្រើប្រាស់វិធីសាស្រ្តបោកបញ្ឆោតឱ្យអ្នកដំឡើងកម្មវិធីក្លែងក្លាយ គេហទំព័រគួរសង្ស័យ ឬការវាយប្រហារដោយក្លែងបន្លំជាអង្គភាពដែលអាចទុកចិត្តបាន ដើម្បីទទួលបានព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក។ ការជ្រៀតចូលតាមប៊្លូធូសអាចត្រូវបានប្រើប្រាស់លើឧបករណ៍នៅជិតគ្នា។ ការលួចប្តូរស៊ីមកាត ដែលជាបច្ចេកទេសស្មុគ្រស្មាញ ដោយក្លែងបន្លំជាម្ចាស់ទូរសព្ទ ដើម្បីទៅគ្រប់គ្រងលេខទូរស័ព្ទ។

សញ្ញាណមួយចំនួនដែលអាចបង្ហាញទូរសព្ទរបស់អ្នកត្រូវបានគេលួចចូលរួមមាន៖

  • ថាមពលថ្មចុះខ្សោយ
  • ទូរសព្ទដំណើរការយឺត ឬឡើងក្តៅដោយមិនដឹងមូលហេតុច្បាស់លាស់
  • កម្មវិធីបិទភ្លាមៗ ឬទូរសព្ទបិទ ហើយបើកឡើងវិញ ដោយមិនដឹងមូលហេតុច្បាស់លាស់
  • មានឯកសារដែលអ្នកមិនស្គាល់ ឬការវិក័យបត្រចំណាយដែលអ្នកមិនបានបញ្ជាទិញ។

ដើម្បីការពារទូរស័ព្ទរបស់អ្នកពីការលួចចូល សូមអនុវត្តតាមវិធីសាស្ត្រទាំងនេះ៖

  • ដំឡើងកម្មវិធីកម្ចាត់មេរោគដើម្បីជាស្រទាប់ការពារមុនគេបង្អស់
  • ធ្វើបច្ចុប្បន្នភាពទូរសព្ទ និងកម្មវិធីរបស់អ្នកដើម្បីដោះស្រាយចំណុច ងាយរងគ្រោះ
  • ប្រើ VPN នៅពេលអ្នកប្រើ Wi-Fi សាធារណៈដើម្បីការពារកុំឱ្យអ្នកវាយប្រហារមើលឃើញសកម្មភាពអនឡាញរបស់អ្នក
  • ប្រើកម្មវិធីគ្រប់គ្រងពាក្យសម្ងាត់ដើម្បីបង្កើត និងរក្សាទុកពាក្យសម្ងាត់ខ្លាំង និងខុសៗគ្នា
  • ជៀសវាងកន្លែងសាកថ្មនៅតាមសាធារណៈ ដោយសារកន្លែងទាំងនេះអាចមានបង្កប់ឧបករណ៍លួចយកព័ត៌មាន ឬចម្លងមេរោគចូលឧបករណ៍របស់អ្នក
  • ការពារទូរស័ព្ទរបស់អ្នកឱ្យមានសុវត្ថិភាពដោយប្រើពាក្យសម្ងាត់ កូដ PIN និងមុខងារតាមដានទីកន្លែងឧបករណ៍
  • អ៊ិនគ្រីបទូរសព្ទរបស់អ្នកដើម្បីការពារទិន្នន័យរបស់អ្នកពីការចូលប្រើដោយគ្មានការអនុញ្ញាត
  • ចាក់សោស៊ីមកាតរបស់អ្នកដើម្បីការពារការប្រើប្រាស់លេខទូរស័ព្ទរបស់អ្នកដោយមិនមានការអនុញ្ញាត
  • បិទ Wi-Fi និង ប្ល៊ូធូសនៅពេលមិនប្រើដើម្បីកាត់បន្ថយការប៉ះពាល់ទៅនឹងការវាយប្រហារតាមរយៈ WiFi និង ប្ល៊ូធូស
  • ដំឡើងកម្មវិធីតាមរយៈហាងកម្មវិធីផ្លូវការ ជៀសវាងការទាញយកកម្មវិធីពីប្រភពដែលមិនគួរឱ្យទុកចិត្ត។

ប្រភព៖ ការិយាល័យឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

អត្ថបទ៖ កុសល