ត្រៀមអាវភ្លៀង ! កម្ពុជា អាចនឹងមានភ្លៀងធ្លាក់ ដោយសារខ្យល់មូសុងឦសាន សម្ពាធទាប

  • 2025-02-20 01:59:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ៖ របបខ្យល់មូសុងឦសានជាមួយសម្ពាធទាបដែលគ្របដណ្តប់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គក្រោម និងលើព្រះរាជាណាចក្រកម្ពុជា។

ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥

១-តំបន់វាលទំនាប៖

សីតុណ្ហភាពមធ្យមអប្បបរមា ២២C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៤°C។ ខ្យល់បក់មកពីទិសបូព៌និង អាគ្នយ៍មានល្បឿនមធ្យម ២ម៉ែត្រ/វិនាទី។ ខេត្តស្វាយរៀង ព្រៃវែង កណ្តាល តាកែវ និងភ្នំពេញ អាចមានភ្លៀងធ្លាក់គ្របដណ្ដប់លើផ្ទៃដី១០%។

២-តំបន់ខ្ពង់រាប៖

សីតុណ្ហភាពមធ្យមអប្បបរមា ២២°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៣°C។ ខ្យល់បក់មកពីទិសបូព៌និង អាគ្នយ៍មានល្បឿនមធ្យម ៣ម៉ែត្រ/វិនាទី។ ខេត្តកំពង់ស្ពឺ និង ប៉ៃលិន អាចមានភ្លៀងធ្លាក់គ្របដណ្ដប់លើផ្ទៃដី១០%។

៣-តំបន់មាត់សមុទ្រ៖

-សីតុណ្ហភាពមធ្យមអប្បបរមា ២២ C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៤°C។ ខ្យល់បក់មកពីទិសឦសាន និងបូព៌មានល្បឿនមធ្យម ១,៥ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១៥%។ -រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,២៥ម៉ែត្រនិងកម្ពស់មធ្យមអតិបរមា០,៧៥ម៉ែត្រ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៌មាន ការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម៖ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥៕

អត្ថបទ ៖ គីម ណារ៉ាក់