Gold Card តម្លៃ ៥ លានដុល្លារ មានអ្នករង់ចាំទិញ ជាង ២សែននាក់ ដើម្បីមានសិទ្ធទៅរស់នៅ អាមេរិក
- 2025-02-28 04:54:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Gold Card តម្លៃ ៥ លានដុល្លារ មានអ្នករង់ចាំទិញ ជាង ២សែននាក់ ដើម្បីមានសិទ្ធទៅរស់នៅ អាមេរិក
ចន្លោះមិនឃើញ
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ហូវ៉ាដ លុតនិច បានការពារកម្មវិធីទិដ្ឋាការ "កាតមាស" ដែលស្នើឡើងដោយប្រធានាធិបតី ដូណាល់ ត្រាំ ដោយលើកឡើងថា មាន "មនុស្ស ២៥០.០០០ នាក់កំពុងរង់ចាំជាជួរ" សម្រាប់ផ្លូវទិដ្ឋាការដែលកម្មវិធីកាតមាសអាចនឹងជំនួសក្នុងពេលឆាប់ៗនេះ។
ត្រឹមតែមួយថ្ងៃបន្ទាប់ពីការប្រកាសកម្មវិធីកាតមាសដែលបានស្នើឡើង លោក លុតនិច បានប្រាប់ពិធីករ Fox News លោក ប្រេត បាយអឺ ថា ប្រសិនបើមនុស្ស "២៥០.០០០" នាក់ "សុខចិត្តបង់ប្រាក់ ៥ លានដុល្លារ" ដែលកាតមាសតម្រូវ វានឹងស្មើនឹង "ជាង ១ ពាន់ពាន់លានដុល្លារ" ក្នុងការជំរុញសេដ្ឋកិច្ចសហរដ្ឋអាមេរិក និងការសងបំណុលជាតិ។ ប៉ុន្តែវាមិនច្បាស់ថា លោក លុតនិច ទទួលបានលេខ "២៥០.០០០" មកពីណាទេ។
កម្មវិធីកាតមាសដែលលោក លុតនិច បាននិយាយថានឹងជំនួសកម្មវិធីទិដ្ឋាការវិនិយោគិនអន្តោប្រវេសន៍ EB-5 មិនទាន់បានចាប់ផ្តើមនៅឡើយទេ ដូច្នេះមិនមានវិធីដើម្បីដាក់ពាក្យសុំវាទេ ទោះបីជាគេរំពឹងថានឹងមានក្នុងរយៈពេលប្រហែលពីរអាទិត្យក៏ដោយ។
រដ្ឋាភិបាលបានតាមដានចំនួនអ្នកដាក់ពាក្យ EB-5 ជារៀងរាល់ឆ្នាំ ប៉ុន្តែការវិភាគតារាងទិន្នន័យបង្ហាញថាបច្ចុប្បន្នមានអ្នកកំពុងរង់ចាំដាក់ពាក្យ ក្នុងចំនួន ២៤.០០០ ទៅ ៦០.០០០ នាក់ ដែលចំនួននេះមិនជិតនឹង ២៥០.០០០ នោះទេ។
ទិដ្ឋាការ EB-5 ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩០ ជាកម្មវិធីមួយសម្រាប់ជនអន្តោប្រវេសន៍ដើម្បីទទួលបានប័ណ្ណបៃតងស្នាក់នៅអចិន្រ្តៃយ៍ ក្នុងសហរដ្ឋអាមេរិក។ បុគ្គលម្នាក់ត្រូវវិនិយោគយ៉ាងហោចណាស់ ១ លានដុល្លារក្នុងក្រុមហ៊ុនមួយ ឬ ៨០ ម៉ឺនដុល្លារក្នុងតំបន់ដែលមានប្រាក់ចំណូលទាប ដែលអាចបង្កើតការងារដល់មនុស្សយ៉ាងតិច ១០ នាក់។ ទោះយ៉ាងណាក៏ដោយ កម្មវិធីនេះត្រូវបានរិះគន់ជាញឹកញាប់ថាបង្កហានិភ័យសន្តិសុខដល់សហរដ្ឋអាមេរិក និងជាផ្លូវងាយស្រួលសម្រាប់អំពើឆបោកកើតឡើង។
សហរដ្ឋអាមេរិកបែងចែកទិដ្ឋាការ EB-5 ចំនួន ១៨.៧០០ នាក់ និងកំណត់ចំនួនដែលអាចផ្តល់ឱ្យបុគ្គលមកពីប្រទេសជាក់លាក់មួយ។ ក្នុងឆ្នាំ ២០២៤ ទិដ្ឋាការ EB-5 ច្រើនជាង ៤.៥០០ ត្រូវបានផ្តល់ជូនដល់អ្នកដែលបានធ្វើគ្រប់តាមលក្ខខណ្ឌ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ នេះមិនទំនងទេដែលថា សូម្បីតែអ្នកដែលកំពុងរង់ចាំទិដ្ឋាការ EB-5 បច្ចុប្បន្ននឹងអាចធ្វើការវិនិយោគ ៥ លានដុល្លារជាថ្នូរនឹងកាតមាស ព្រោះអ្នកដាក់ពាក្យជាច្រើនមិនមែនជាអ្នកមានទ្រព្យសម្បត្តិខ្ពស់បំផុតនោះទេ៕