ទិវាថ្លើមពិភពលោក ក្រុមហ៊ុន Mega We Care រៀបចំសិក្ខាសាលាដ៏ធំមួយ ប្រមូលផ្តុំដោយ វាគ្មិន និង វេជ្ជបណ្ឌិតជំនាញ

  • 2025-04-19 12:08:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២៥ គឺជាទិវាថ្លើមលើកទី ១៦ នៅលើពិភពលោក។ ដើម្បីចែករំលែកចំណេះដឹងពាក់ព័ន្ធជាមួយសុខភាពថ្លើម ទៅកាន់បងប្អូនប្រជាពលរដ្ឋខ្មែរឱ្យយល់ច្បាស់ពីសារៈសំខាន់នៃថ្លើម ក្រុមហ៊ុន Mega We Care បានរៀបចំសិក្ខាសាលាមួយ នៅសណ្ឋាគារភ្នំពេញ ដែលប្រមូលផ្តុំទៅដោយវាគ្មិន គ្រូពេទ្យជំនាញ និង សាស្ត្រាចារ្យមានបទពិសោធន៍ ពាក់ព័ន្ធនឹងឯកទេសជំងឺថ្លើម។

ឯកឧត្តម សាស្ត្រាចារ្យ តាន់ គីមម៉េង អ្នកជំនាញវេជ្ជសាស្ត្រ និងជាឥស្សរជនឆ្នើមក្នុងវិស័យសុខាភិបាល ជាសមាជិកនៃសភាពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ថា : "ជូនពរឆ្នាំថ្មីដល់ប្រជាពលរដ្ឋប្រុសស្រីជនរួមជាតិទាំងអស់នៃព្រះរាជាណាចក្រកម្ពុជាសូមឲ្យបានជួបនឹងពុទ្ធពរ 4 ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាត។ ទិវាថ្លើមនៅឆ្នាំនេះ គឺខ្ញុំសុំមានមតិយោបល់មួយចំនួន។ ថ្លើមគឺសំខាន់ បើខ្វះថ្លើមគឺខ្វះសមត្ថភាពនិងខ្វះសុខភាព ហើយ វិវត្តន៍ទៅរកការបាត់បង់ជីវិត ទោះបីជាសិរីរាង្គផ្សេងៗនៅល្អយ៉ាងណាក៏ដោយ។ ការព្យាបាលថ្លើមឲ្យល្អមកវិញគឺបានផលតិចតួច ភាគច្រើនគ្រាន់តែទប់កុំឲ្យថ្លើមវិវត្តន៍ទៅមុខទៀត។ ដូច្នេះការថែរក្សាថ្លើម គេចផុតពីគ្រឿងស្រវឹង សូរាទាំងឡាយ ហើយនិងថ្នាំ ឬក៏ជាតិពុល ឬការឆ្លងមេរោគចូលទៅក្នុងខ្លួនប៉ះពាល់ទៅដល់ថ្លើមគឺជារឿងសំខាន់បំផុតដើម្បីថែរក្សាថ្លើមឲ្យមានសុខភាពល្អ និងសុខភាពទូទៅរបស់យើងបានល្អជាមួយគ្នាដែរ។ សូមអរគុណ"។

លោក Mukul អគ្គនាយក ក្រុមហ៊ុន Mega We Care បានមានប្រសាសន៍ថា : "ជំងឺថ្លើម ដូចជាជំងឺរលាកថ្លើម និងជំងឺខ្លាញ់រុំថ្លើម អាចជាប់ទាក់ទងនឹងលក្ខខណ្ឌដែលបណ្តាឱ្យកើតមានជំងឺផ្សេងៗជាច្រើនទៀត ដូចជាការឡើងសម្ពាធឈាម បញ្ហាក្រពេញទីរ៉ូអ៊ីត និងសូម្បីតែជំងឺមហារីក ហើយវាថែមទាំងអាចបង្កឱ្យមានជំងឺគាំងបេះដូងទៀតផង។ វាជារឿងសំខាន់ក្នុងការថែរក្សាថ្លើមឱ្យមានសុខភាពល្អ តាមរយៈការផ្តោតលើរបៀបរស់នៅដែលគិតគូជាចម្បងលើសុខភាព រួមមានការញ៉ាំអាហារ ការហាត់ប្រាណទៀងទាត់ និងការទទួលទានគ្រឿងស្រវឹងដោយការទទួលខុសត្រូវ"។

លោកសាស្ត្រាចារ្យ អ៊ុំ សេរីវិចិត្រ ប្រធានសមាគមគ្រូពេទ្យឯកទេសជំងឺថ្លើម ក្រពះ និង ពោះវៀនកម្ពុជា បានមានប្រសាសន៍ថា "តំណាងឲ្យសមាគមគ្រូពេទ្យកម្ពុជាផ្នែកជំងឺប្រដាប់រំលាយអាហារ ខ្ញុំបាទមានមោទនភាពនិងជម្រាបជូនបងប្អូនជនរួមជាតិខ្មែរយើងទាំងអស់គ្នាថាថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០២៥ នេះ គឺជាទិវាថ្លើមទី១៦ នៃពិភពលោក ។ ទិវាថ្លើមពិភពលោកនេះបង្កើតដោយសមាគមអឺរ៉ុបសិក្សាពីជំងឺថ្លើម EASL ក្នុងឆ្នាំ ២០១០ ។ ទិវានេះមានគោលបំណងផ្សព្វផ្សាយដល់ប្រជាជនលើពិភពលោកឲ្យដឹងពីមូលហេតុគ្រោះថ្នាក់និងរបៀបការពារព្យាបាលជំងឺថ្លើម" ។

លោកសាស្រ្តាចារ្យ បន្តឱ្យដឹងទៀតថា ទិវាថ្លើមពិភពលោកឆ្នាំនេះគេឲ្យឈ្មោះថា ៖ ម្ហូបអាហារជាឱសថព្យាបាល ។ នៅព្រះរាជាណាចក្រកម្ពុជាយើងនេះ ក្រៅពីមេរោគរលាកថ្លើម បេ និង សេ ដែលនៅ ពួនសម្ងំនៅក្នុងស្រទាប់ប្រជាជនយើងជាយូរមកហើយនោះមេរោគនេះនៅមិនទាន់ឃ្លាតឆ្ងាយពីយើងនៅឡើយទេ។

ថ្វីត្បិតតែពិភពលោកយើងមានឧសថព្យាបាលដែលមានប្រសិទ្ធភាពលើការបង្ក្រាបមេរោគបេនិងបំបាត់មេរោគសេនេះក៏ដោយ ក្នុងរយៈកាល 10 ឆ្នាំចុងក្រោយនេះទិន្នន័យពីអង្គការសុខភាពពិភពលោកឆ្នាំ 2024 បានបង្ហាញឲ្យឃើញថាប្រជាពលរដ្ឋនៅលើពិភពលោកមាននៅសល់ 255 លាននាក់ផ្ទុកមេរោគបេ ។ អត្រានៃមរណភាពមានពី 8 សែនទៅមួយលានក្នុងមួយឆ្នាំ។ ប្រជាជន 13% បានទទួលរោគវិនិច្ឆ័យថាខ្លួនឯងមានមេរោគបេនៅក្នុងខ្លួន ហើយមានតែ 5% ប៉ុណ្ណោះដែលបានទទួលសេវាកម្មក្នុងការព្យាបាល។ចំណែកមេរោគវីរុសសេថ្វីត្បិតតែថ្នាំមានប្រសិទ្ធភាព100%ក្នុងការបំបាត់មេរោគសេឲ្យជាសះស្បើយក៏ដោយសមត្ថភាពក្នុងការព្យាបាលមេរោគសេនេះផ្លាស់ប្ដូរពីប្រទេសមួយទៅប្រទេសមួយទៅតាមសេដ្ឋកិច្ចគ្រួសារនៃប្រជាពលរដ្ឋនិងសេដ្ឋកិច្ចរបស់រដ្ឋនីមួយៗ។ មេរោគទាំងពីរប្រភេទនេះបានសម្លាប់ប្រជាពលរដ្ឋលើពិភពលោកក្នុងមួយឆ្នាំចំនួន 1 លានបីសែននាក់និងបន្តចម្លងចំនួន 2 លាននាក់ក្នុងមួយឆ្នាំ ( WHO 2024) ។ យោងតាមតួលេខដែលបានឃើញនៅឆ្នាំ 2024 កន្លងមកនេះយើងឃើញថាសេចក្តីសង្ឃឹមនៅឆ្នាំ 2030 ក្នុងការគ្រប់គ្រងមេរោគបេនិងសេហាក់ដូចជានៅឆ្ងាយ ដោយពិភពលោកយើងជួបនូវគ្រោះវិបត្តិសេដ្ឋកិច្ចបន្តបន្ទាប់ពីជំងឺឆ្លងកូវីដហើយនឹងសង្គ្រាមរ៉ាំរ៉ៃមួយនៅអឺរ៉ុបផង ។ រឿងថ្មីដែលប្រឈមមុខចំពោះសុខភាពថ្លើមគឺបញ្ហានៃការហូបចុកសារជាតិខ្លាញ់និងគ្រឿងស្រវឹង ។តើអ្នកបានថែរក្សាសុខភាពថ្លើមបងប្អូនរបស់អ្នកក្រុមគ្រួសាររបស់អ្នកញាតិសន្ដានរបស់អ្នកនិងមិត្តភក្កិរបស់អ្នកហើយឬនៅ ? ។

គួរត្រួតពិនិត្យសុខភាពថ្លើមរបស់អ្នកដោយគ្រូពេទ្យឯកទេសយ៉ាងហោចមួយឆ្នាំ ឬពីរឆ្នាំម្ដង។ ឆ្នាំ ២០២៥ នេះក៏នៅតែជាឱកាសល្អសម្រាប់បងប្អូនដែលមានជំងឺរ៉ាំរ៉ៃដោយមេរោគរលាកថ្លើម បេ សេ ក៏ដូចជាជំងឺកកខ្លាញ់ក្នុងថ្លើម ដែលអាចរកឱសថព្យាបាលដែលមានតម្លៃសមរម្យតាមការណែនាំរបស់គ្រូពេទ្យ ឯកទេស ។ ជួយថែរក្សាការពារសុខភាពថ្លើមនៃបងប្អូនក្រុមគ្រួសារយើងតាមការស្គាល់ឲ្យច្បាស់នូវគ្រោះថ្នាក់ធំៗទាំងបួនរបស់ថ្លើមរួមមានមាន :

  • មួយមេរោគបេ

  • ពីរមេរោគសេ

  • បីគ្រឿង ស្រវឹង

  • បួនសារជាតិខ្លាញ់ច្រើននៅក្នុងចំណីអាហារដែលបណ្ដាលឲ្យជំងឺកកខ្លាញ់ក្នុងថ្លើម។ យើងត្រូវធ្វើការសិក្សាឡើងវិញនៅចំណីអាហាររបស់ដូនតាខ្មែរយើង ដែលប្រើខ្លាញ់និងប្រេងចំនួនតិចបំផុត។

ជំងឺក្រិនថ្លើមនិងមហារីកថ្លើមដែលបណ្ដាលមកពីភាពរលាករ៉ាំរ៉ៃដោយសារមេរោគរលាកថ្លើម បេ សេ កំណកជាតិខ្លាញ់និងគ្រឿងស្រវឹងវាជាបន្ទុកដ៏ធំនៅក្នុងគ្រួសាររបស់យើងនៅក្នុងពេលបច្ចុប្បន្ន ក៍ដូចពេលអនាគតបញ្ហានេះវាជាអម្រែកដ៏ធ្ងន់ក្នុងសង្គមទូទៅនៃប្រទេសយើងផងដែរ។

ជួយថែរក្សាសុខភាពថ្លើមនៃបងប្អូនយើងប្រជាជនយើងក៏ជាចំណែកមួយនៃការកសាងនិងចូលរួមអភិវឌ្ឍន៍សង្គមរបស់យើងទៅអនាគត ។

ដោយ ៖ គីម ណារ៉ាក់