Mazda បញ្ចេញរូបភាពផ្នែកខាងក្នុងដ៏ទំនើប របស់រថយន្ត SUV អគ្គិសនីម៉ូដែលថ្មី EZ-60

  • 2025-04-21 06:42:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Mazda បានបង្ហាញរូបភាពផ្នែកខាងក្នុងនៃរថយន្ត SUV អគ្គិសនីថ្មីរបស់ខ្លួន គឺ Mazda EZ-60 ដែលត្រៀមបង្ហាញជាផ្លូវការនៅឯពិព័រណ៍រថយន្តអន្តរជាតិសៀងហៃ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ។ រថយន្តនេះមានផ្នែកខាងក្នុងដ៏ទំនើបជាមួយអេក្រង់ទំហំ ២៦.៤៥ អ៊ីញ គុណភាព 5K និងប្រព័ន្ធសំឡេង Dolby Atmos ដែលផ្តល់បទពិសោធន៍ប្រណីតដល់អ្នកប្រើប្រាស់។

ផ្នែកខាងក្នុងរបស់ Mazda EZ-60 ត្រូវបានរចនាដោយបោះបង់ចោលប៊ូតុង ឬចំណុចបញ្ជាដោយដៃភាគច្រើន ដោយផ្តោតលើការប្រើប្រាស់អេក្រង់ Touchscreen ជំនួសវិញ។ អេក្រង់ ២៦.៤៥ អ៊ីញដ៏ធំនេះ រួមបញ្ចូលមុខងារជាច្រើន ដូចជា ប្រព័ន្ធបង្ហាញព័ត៌មានអ្នកបើកបរ ការគ្រប់គ្រងប្រព័ន្ធកម្សាន្ត និងការគ្រប់គ្រងបរិយាកាសក្នុងរថយន្ត។ លើសពីនេះ រថយន្តដ៏ទំនើបរបស់ Mazda ក៏មានអេក្រង់បង្ហាញព័ត៌មានលើកញ្ចក់ខាងមុខ (AR-HUD) ទំហំ ១០០ អ៊ីញ ដែលបង្ហាញព័ត៌មានសំខាន់ៗដូចជា ល្បឿន សញ្ញាចរាចរណ៍ និងការព្រមានអំពីអ្នកថ្មើរជើងដើរឆ្លងកាត់។

ប្រព័ន្ធសំឡេងនៅក្នុងរថយន្ត គឺជាចំណុចលេចធ្លោមួយទៀត ដោយបំពាក់ជាមួយប្រព័ន្ធ Dolby Atmos ដែលមានឧបករណ៍បំពងសំឡេង ២៣ គ្រឿង និងបច្ចេកវិទ្យា ៧.១.៤ ឆានែល ផ្តល់នូវបទពិសោធន៍សំឡេងជុំវិញដ៏អស្ចារ្យ។ អ្នកដំណើរនៅកៅអីខាងក្រោយក៏អាចគ្រប់គ្រងមុខងារមួយចំនួនតាមរយៈអេក្រង់ Touchscreen ដែលផ្តល់ជូនដោយឡែកផងដែរ។

Mazda EZ-60 ត្រូវបានអភិវឌ្ឍន៍ដោយក្រុមហ៊ុន Changan Mazda ដែលជាដៃគូសហការរបស់ Mazda នៅប្រទេសចិន។ រថយន្តនេះនឹងមានជម្រើសពីរប្រភេទ គឺ ប្រភេទអគ្គិសនីសុទ្ធ (EV) ដែលផ្តល់ចម្ងាយបើកបរបាន ៦០០ គីឡូម៉ែត្រ និងប្រភេទ Range-Extender (REEV) ដែលប្រើម៉ាស៊ីនសាំង ១.៥ លីត្រ ផ្តល់ចម្ងាយបើកបររហូតដល់ ១,០០០ គីឡូម៉ែត្រ។

រថយន្តនេះត្រូវបានគេរំពឹងថានឹងប្រកួតប្រជែងជាមួយរថយន្តទំនើបផ្សេងទៀត ដូចជា Tesla Model Y, Avatr 07 និង Honda P7/S7 នៅទីផ្សារចិន។ Mazda គ្រោងនឹងត្រូវដាក់លក់រថយន្តនេះ នៅទីផ្សារអន្តរជាតិក្រោមឈ្មោះ Mazda CX-6e ប៉ុន្តែមិនទាន់មានផែនការលក់នៅសហរដ្ឋអាមេរិកនៅឡើយ៕

អត្ថបទ ៖ គីម ណារ៉ាក់