កិច្ចសន្យាប្រកួតផ្លូវការបានធ្វើរួចរាល់ គូនេះ មានអ្នកផ្ដល់ភាគរយមុន ៦០% ទល់នឹង ៤០%
- 2025-06-04 07:52:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កិច្ចសន្យាប្រកួតផ្លូវការបានធ្វើរួចរាល់ គូនេះ មានអ្នកផ្ដល់ភាគរយមុន ៦០% ទល់នឹង ៤០%
ចន្លោះមិនឃើញ
គិតត្រឹមរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ នេះ កីឡាករ ពេជ្រ សម្បត្ដិ តំណាងដោយគ្រូ ពេជ្រ សុផាន់ និងកីឡាករ សុខ ធី ខ្លួនឯង បានចុះកិច្ចព្រមព្រៀងប្រកួតជាផ្លូវការរួចហើយ ក្នុងកម្មវិធី xstream របស់ស្ថានីយទូរទស្សហង្សមាស។
បើតាមអ្នកផ្គូរផ្គងគូរប្រកួតរបស់ហង្សមាស លោក គ្រី ពីឡុត បានបង្ហើបប្រាប់ Sabay នៅមុននេះបន្ដិចថា នេះជាមហាព្រឹត្តិការណ៍ប្រដាល់គុនខ្មែរដ៏កម្រ និងមហស្ចារ្យបំផុត ក្រោមការចចារ និងប្រើពេលវេលាជិតមួយឆ្នាំ ទើបមានជំនួបនេះកើតឡើង។
ចំពោះកាលបរិច្ឆេទ នៃការប្រកួតជាក់លាក់លោកថានឹងជូនដំណឹងតាមក្រោយ ប៉ុន្ដែកិច្ចព្រមព្រៀងប្រកួតផ្លូវការបានធ្វើរួចរាល់ គឺនៅរង់ចាំតែថ្ងៃឡើងសង្វៀនប៉ុណ្ណោះ។ ជាមួយវីដេអូខ្លីបង្ហាញពីការផ្ដិតមេដៃរបស់លោកគ្រូ ពេជ្រ សុផាន់ ជាមួយតំណាងទូរទស្សន៍ហង្សមាសនៅរសៀលនេះ លោក គ្រី ពីឡុត បង្ហាញការកោតសរសើរចំពោះតំណាងកីឡាករ ពេជ្រ សម្បត្ដិ គឺលោកគ្រូ ពេជ្រ សុផាន់ ថា៖ “មិនសរសើមិនបាន ពិតជាមានទំនួលខុសត្រូវខ្ពស់ណាស់”។
រយៈពេល ២ថ្ងៃជាប់ៗគ្នា អ្នកគាំទ្រប្រដាល់គុនខ្មែរ ជជែកគ្នាច្រើនលើលក្ខណៈសម្បត្ដិ នៃកីឡាករទាំងពីររូប ចាប់តាំងពីអ្នកផ្គូរផ្គងបង្ហើបពីការប៉ះគ្នានេះ។ ខណៈដែលហ្វេនខ្លះដឹងជាមុនថា ការប៉ះគ្នារវាងក្របីព្រៃស្នែងមាសប្រឡាក់ឈាម ពេជ្រ សម្បត្ដិ និងមនុស្សឈើ សុខ ធី នឹងធ្វើឡើងនៅចុងខែមិថុនា ឆ្នាំ២០២៥ នេះ។ ហ្វេនៗជាច្រើនបានដាក់ក្ដីរំពឹងថា សម្រាប់គូនេះមួយណាឈ្នះក៏ជាខ្មែរ ប៉ុន្ដែគេជឿថា ពេជ្រ សម្បត្ដិ មានសង្ឃឹមឈ្នះរហូតដល់ទៅ ៦០% ខណៈដែលកីឡាករ សុខ ធី មានត្រឹមតែ ៤០%៕