ក្រុមហ៊ុនអាកាសចរណ៍ចំនួន ២ សម្រេចបញ្ចប់អាជីវកម្ម ក្នុងឆ្នាំ២០២៥
- 2025-06-24 09:32:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុនអាកាសចរណ៍ចំនួន ២ សម្រេចបញ្ចប់អាជីវកម្ម ក្នុងឆ្នាំ២០២៥
ចន្លោះមិនឃើញ
នៅពាក់កណ្ដាលឆ្នាំ២០២៥ ក្រុមហ៊ុនអាកាសចរណ៍ នៅតំបន់អាស៊ីអាគ្នេយ៍ចំនួន ២ បានសម្រេចបញ្ចប់អាជីវកម្មរបស់ខ្លួន ក្រោយពីការខាតបង់ទឹកប្រាក់ច្រើនពេក និងមានដៃគូរប្រកួតប្រជែងច្រើនក្នុងតំបន់ ដែលពិបាកឈរជើងក្នុងទីផ្សារ។ ក្នុងនោះ មានក្រុមហ៊ុនអាកាសចរណ៍ Thai Smile Airways ប្រទេសថៃ និងក្រុមហ៊ុន Jetstar Asia ប្រទេសសិង្ហបុរី។
១. ក្រុមហ៊ុន Thai Smile Airways Co., Ltd
Thai Smile Airways គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Thai Airways ដែលបានបង្កើតឡើងនៅក្នុងឆ្នាំ ២០១៣ ក្នុងទុនវិនិយោគ ១,៨ ពាន់លានបាត ឬប្រហែល ៥៤ លានដុល្លារ និងមានទីស្នាក់ការកណ្ដាល នៅទីក្រុងបាងកក ប្រទេសថៃ សម្រាប់បម្រើការហោះហើរក្នុងស្រុក។ ប៉ុន្តែអស់រយៈពេល ១២ ឆ្នាំនៃការប្រតិបត្តិការហោះហើរ ក្រុមហ៊ុន Thai Smile មិនទទួលបានប្រាក់ចំណេញឡើយ ផ្ទុយទៅវិញ គេបានខាតបង់មូលធនអស់ជាង ២០,៩ ពាន់លានបាត ឬជាង ៦៣៥ លានដុល្លារ។
ជើងហោះហើរចុងក្រោយរបស់ Thai Smile Airways បានហោះហើរនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ពីក្រុងបាងកក និងខេត្ត Hat Yai រួចក៏បានផ្អាកដំណើរការ រហូតមកដល់ខែមិថុនា ឆ្នាំ២០២៥ ក្រុមហ៊ុន Thai Airways បានសម្រេចបិទប្រតិបត្តិការអាជីវកម្មលើក្រុមហ៊ុន Thai Smile Airways តែម្ដង បើយោងតាមក្រសួងពាណិជ្ជកម្មថៃ។
២. ក្រុមហ៊ុន Jetstar Asia
Jetstar Asia គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Qantas Airways ប្រទេសអូស្ត្រាលី មានមូលដ្ឋាននៅក្នុងប្រទេសសិង្ហបុរី បានបើកដំណើរការនៅអំឡុងឆ្នាំ២០០៣ ជាក្រុមហ៊ុនអាកាសចរណ៍តម្លៃទាបសមរម្យមួយ សម្រាប់ជើងហោះហើរអន្តរជាតិនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ រវាងប្រទេសជាច្រើនដូចជា កម្ពុជា សិង្ហបុរី ថៃ វៀតណាម មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី និងហ្វីលីពីន ជាដើម និងមានយន្ដហោះចំនួន ១៣ គ្រឿងសម្រាប់ប្រតិបត្តិការហោះហើរ។
ក្រោយពីបានបើកដំនើរការអស់រយៈពេលជាង ២០ ឆ្នាំ ក្រុមហ៊ុន Qantas Airways បានសម្រេចបញ្ចប់ប្រតិបត្តិការអាជីវកម្មលើក្រុមហ៊ុន Jetstar Asia នៅត្រឹមដំណាច់ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ ដោយសារតែប្រតិបត្តិការហោះហើរ និងប្រាក់ចំណូលបានធ្លាក់ចុះជាគំហុក និងមានការកើនឡើងនៃក្រុមហ៊ុនប្រកួតប្រជែង ដូចជា Vietjet របស់ប្រទេសវៀតណាម និង Air Asia ប្រទេសម៉ាឡេស៊ី ពោលក្រុមហ៊ុនអាកាសចរណ៍តម្លៃទាបទាំង ២ នេះ មានតម្លៃហោះហើរទាបជាងឆ្ងាយ និងពង្រីកប្រតិបត្តិការហោះហើរក្នុងតំបន់អាស៊ីអាគ្នេយ៍កាន់តែធំ ធ្វើអោយក្រុមហ៊ុន JetStar Asia ពិបាកឈរជើង។