កម្ពុជា បើកការប្រកួតដណ្ដើមពានអន្តរជាតិ Exprez Mekong Warriors Invitations 2025

  • 2025-07-03 07:16:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានរៀបចំការប្រកួតកីឡាអេឡិចត្រូនិកអន្តរជាតិប្រចាំតំបន់អាស៊ាន Exprez Mekong Warriors Invitations 2025។

ក្នុងព្រឹត្ដិការណ៍ដែលរៀបចំជាលើកដំបូងនេះ មានប្រទេសចំនួន ៥ ចូលរួមប្រកួត ក្នុង​នោះកម្ពុជាដែលជាម្ចាស់ផ្ទះ ឡាវ វៀតណាម និងសិង្ហរី បានចាប់ផ្តើមវគ្គជម្រុះ Online ជាច្រើនសប្តាហ៍មកហើយ ដោយមានក្រុមចុះឈ្មោះចំនួន ២១៩ក្រុម។

បន្ទាប់ពីចប់វគ្គជម្រុះ មានក្រុម២បានឡើងមកកាន់វគ្គ ៨ ក្រុមចុងក្រោយ ដែលមាន ៥ ក្រុម កំពុងរង់ចាំនៅវគ្គ Offline។ ម្ចាស់ផ្ទះកម្ពុជា ដាក់ក្រុមរង់ចាំស្រាប់ចំនួន ៣ ក្រុម និង២ក្រុមទៀតដែលបានជាប់វគ្គជម្រុះ ខណៈប្រទេសសិង្ហបុរី វៀតណាម និង ឡាវ មិនមានក្រុមជាប់វគ្គជម្រុះទេ ប៉ុន្តែប្រទេសទាំង៣មាន១ក្រុមម្នាក់ត្រូវបានអញ្ជើញឲ្យចូលរួមតែម្តង។ ការប្រកួតនៅលើឆាកផ្ទាល់ក្នុងប្រទេសកម្ពុជា ដែលចាប់ផ្តើមពីថ្ងៃទី ៣ ដល់ ទី៦ ខែកក្កដា ឆ្នាំ២០២៥ នៅផ្សារទំនើប ជីប ម៉ុង ២៧១។

លោក លន់ សាមឌី អគ្គលេខាធិការសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានលើកឡើងថា ការប្រកួតនេះពិតជាសំខាន់ដើម្បីក្រុមកម្ពុជាមានឱកាសបង្ហាញសមត្ថភាពលើឆាកអន្តរជាតិ ពីព្រោះជាការត្រៀមខ្លួនសម្រាប់កីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ។ ថ្នាក់ដឹកនាំកីឡាអេឡិចត្រូនិកមកពីប្រទេសវៀតណាម ឡាវ និង សិង្ហបុរី សុទ្ធតែលើកទឹកចិត្ត និងជំរុញឲ្យមានព្រឹត្តិការណ៍អន្តរជាតិបែបនេះបន្តទៀត។

ជាមួយគ្នានេះ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឲ្យដឹងថា ការប្រកួតអន្តរជាតិនេះមិនទាន់គ្រប់គ្រាន់សម្រាប់ប្អូនៗកីឡាករដែលត្រៀមខ្លួនមុនកីឡាស៊ីហ្គេមមកដល់ទេ។ ក្រុមកីឡាករអេឡិចត្រូនិកកម្ពុជា ចង់ឲ្យមានការប្រកួតប្រជែងកាន់តែខ្លាំងជាងនេះទៀតពោលគឺមានក្រុមខ្លាំងៗមកពីបណ្តាប្រទេសផ្សេងៗចូលរួមប្រកួត។ នេះជាព្រឹត្តិការណ៍អន្តរជាតិលើកដំបូងដែលប្រទេសកម្ពុជារៀបចំ ដូច្នេះការរៀបចំនៅមិនទាន់គ្រប់គ្រាន់ទេ ប៉ុន្តែអ្នកឧកញ៉ាប្តេជ្ញាបន្តជួយឧបត្ថម្ភគាំទ្រទៀតដើម្បីបន្តនិរន្តភាពនៃព្រឹត្តិការណ៍ប្រកួត ហើយនឹងនាំយកក្រុមខ្លាំងៗមកពីប្រទេសផ្សេងចូលរួម។

កម្ពុជាមានក្រុម CFU Gaming, Galaxy Legends , PRO Esports ដែលឈរចាំស្រាប់នៅវគ្គ ៨ក្រុមចុងក្រោយ ខណៈក្រុម Team Flash KH និង Team Max បានឡើងមកក្នុងនាមជាក្រុមជាប់វគ្គជម្រុះ។ ចំណែកប្រទេសឡាវ មានក្រុម Leon Esports, វៀតណាម មានក្រុម Legion Esports និងសិង្ហបុរី មានក្រុម RSG Singapore ដែលទទួលបានការអញ្ជើញមកចូលរួមតែម្តង បើទោះបីជាមិនបានជាប់វគ្គជម្រុះក៏ដោយ។

សូមបញ្ជាក់ថា ក្រុមជើងឯក នឹងទទួលពានរង្វាន់១ មេដាយមាស និងប្រាក់រង្វាន់ ៦ ពាន់ដុល្លារ ហើយក្រុមលេខ ២ ទទួលបានមេដាយប្រាក់ និងប្រាក់ ៣ ពាន់ដុល្លារ និងក្រុមលេខ៣ ទទួលបានមេដាយសំរិទ្ធ និងប្រាក់ ២ ពាន់ដុល្លារ ហើយក្រុមលេខ ៤ ដល់លេខ ៨ ក៏ទទួលបានប្រាក់ឧបត្ថម្ភដែរ៕

អត្ថបទ៖ សំណាង