ព្រឹត្ដិការណ៍រត់ម៉ារ៉ាតុង រំលេចការយល់ដឹងពីជំងឺមហារីកសុដន់ រំពឹងថាមានអ្នកចូលរួម ៥,០០០នាក់
- 2025-07-14 08:05:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រឹត្ដិការណ៍រត់ម៉ារ៉ាតុង រំលេចការយល់ដឹងពីជំងឺមហារីកសុដន់ រំពឹងថាមានអ្នកចូលរួម ៥,០០០នាក់
ចន្លោះមិនឃើញ
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងដៃគូសហការ ប្រកាសបើកព្រឹត្ដិការណ៍រត់ប្រណាំង “AIA PINK RUN 2025” ដោយបង្ហាញការជឿជាក់ថានឹងមានអ្នកចូលរួមចំនួន ៥,០០០នាក់។ ក្នុងទិសដៅចូលរួមទិវាជំងឺមហារីកពិភពលោក និងលើកកម្ពស់ការយល់ដឹងពីជំងឺមហារីកសុដន់នៅកម្ពុជា គណៈកម្មាធិការជាតិ សម្រេចដាក់វិញ្ញាសាររត់ម៉ារាតុងចំនួន ៣ សម្រាប់អ្នកចូលរួម។
តាមរយៈសន្និសីទសារព័ត៌មានមួយនៅព្រឹកថ្ងៃទី១៤ ខែកក្កដា ស្ដីពី “រត់ដើម្បីលើកកម្ពស់ការយល់ដឹង និងទប់ស្កាត់ជំងឺមហារីកសុដន់” នៅ NOCC អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឯកឧត្ដម វ៉ាត់ ចំរើន មានប្រសាសន៍ថា គ្រប់កម្មវិធីកីឡាដែលបានបង្កើតឡើង គឺមិនមែនត្រឹមតែប្រកួតយកជយលាភី បង្កើតសាមគ្គីភាព និងផ្ដល់សុខភាពរាងកាយប៉ុណ្ណោះទេ ប៉ុន្ដែក្នុងនោះក៏មានការបញ្ជ្រាបចំណេះដឹងផ្សេងៗទៅជាមួយដែរ។
ជាក់ស្ដែងកម្មវិធី AIA PINK RUN បានផ្សាភ្ជាប់ជាមួយសកម្មភាពមនុស្សធម៌ ជួយសង្គមជាតិ ជាពិសេសផ្ដល់ក្ដីសង្ឃឹមដល់ស្ដ្រីដែលប្រឈមនឹងជំងឺមហារីក។ ឯកឧត្ដមសង្កេតឃើញថា ឆ្លងកាត់តាមរយៈព្រឹត្ដិការណ៍រត់ប្រណាំងចំនួន ២លើកកន្លងមក បានធ្វើឲ្យមហាជនចូលរួមកាន់តែច្រើន ហើយឆ្នាំ២០២៥ នេះ អាចនឹងមានអ្នកចូលរួមរហូតដល់ ៥,០០០នាក់ ដោយភាគច្រើនជាស្ដ្រី ព្រោះដៃគូសហការបានបង្កើតកម្មវិធីពិគ្រោះ និងពិនិត្យជំងឺមហារីកសុដន់រយៈពេល ៣ថ្ងៃ ដោយឥតគិតថ្លៃ។
ឯកឧត្ដម វ៉ាត់ ចំរើន៖ “យើងចង់ឃើញស្ដ្រីៗចូលរួមកម្មវិធីនេះឲ្យបានច្រើន ព្រោះកម្មវិធីនេះ មិនថាគាត់(ស្ដ្រី) រត់ ឬអត់ទេ សុទ្ធតែអាចពិនិត្យជំងឺបានទាំងអស់! ប្រទេសជាតិកាន់តែជឿនលឿន ការយកចិត្ដទុកដាក់លើផ្នែកសុខភាពសារធារណៈកាន់តែសំខាន់ ហើយជំងឺមហារីកនេះជាឃាតករលាក់មុខ ដែលយើងត្រូវវិភាគដោយអ្នកជំនាញ ដើម្បីព្យាបាលទាន់ពេលវេលា”។
បើតាម អគ្គនាយិកា Jane Tay នៃក្រុមហ៊ុន AIA ដែលជាដៃគូសហការធំមួយក្នុងព្រឹត្ដិការណ៍រត់ប្រណាំងនេះ មហារីកសុដន់នៅតែជាជំងឺមហារីកទូទៅដ៏ធំបំផុតក្នុងចំណោមស្ត្រីកម្ពុជា ដែលស្មើនឹងជិត ២០% នៃករណីមហារីកស្ត្រីទាំងអស់។ យោងតាមទីភ្នាក់ងារអន្តរជាតិសម្រាប់ការស្រាវជ្រាវជំងឺមហារីក (IARC) ស្ត្រីកម្ពុជាចំនួន ២,១១៦ នាក់ ត្រូវបានធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកសុដន់ក្នុងឆ្នាំ 2022។
លោកស្រីបញ្ជាក់ថា ការពិនិត្យ និងធ្វើរោគវិនិច្ឆ័យបានត្រឹមត្រូវ និងទាន់ពេលវេលា គឺជាលទ្ធផលល្អបំផុតក្នុងការព្យាបាលជាសះស្បើយ។ លោកស្រីជឿថា រយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ នឹងមានស្ដ្រីមកទទួលការពិគ្រោះ និងវិភាគមេរោគដែលអាចបង្កទៅជាជំងឺមហារីក មានចំនួនកាន់តែច្រើន ហើយគ្រូពេទ្យឯកទេស ត្រៀមខ្លួនជាស្រេច ដើម្បីពិគ្រោះ និងពិនិត្យសម្រាប់បងប្អូនស្រ្ដីដែលចូលរួមក្នុងកម្មវិធីនេះ។
សូមជម្រាប់ជូនថា កម្មវិធិ “AIA PINK RUN” បានបង្កើតឡើងតាំងពីឆ្នាំ២០២៣។ គិតត្រឹមឆ្នាំ២០២៥ នេះ ព្រឹត្ដិការណ៍កីឡាផ្សាភ្ជាប់ជាមួយចំណេះដឹងសុខភាពនេះ បានរៀបចំធ្វើជាលើកទី៣ហើយ ដោយកាលពីលើកទី១ ឆ្នាំ២០២៣ មានអ្នកចូលរួមចំនួន ៣,៦០០នាក់ និងលើកទី២ ឆ្នាំ២០២៤ មានចំនួន ៤,០០០នាក់។
សម្រាប់លើកទី៣ ឆ្នាំ២០២៥ នេះ នឹងធ្វើនៅសួនច្បារមុខវត្ដមទុមវតី ទៅតាមតម្រាយផ្លូវផ្សេងៗ តាមការកំណត់ដោយគណៈកម្មការរៀបចំការប្រកួត និងអាជ្ញាធរមានសមត្ថកិច្ចដែលសម្រួលចរាចរណ៍លើដងផ្លូវ។ ព្រឹត្ដិការណ៍រត់ម៉ារាតុងលើ ៣វិញ្ញាសារ ដែលនឹងត្រូវធ្វើនៅព្រឹកព្រលឹមថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ ខាងមុននោះ ត្រូវបានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងដៃគូសហការ រំពឹងថានឹងមានអ្នកចូលរួមយ៉ាងតិច ៥,០០០នាក់៕