សមិទ្ធផលថ្មី! ផ្លូវជាតិលេខ១០ នឹងសម្ពោធប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី០៧ ខែសីហា ២០២៥

  • 2025-08-05 09:31:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្លូវជាតិលេខ១០ ដែលឆ្លងកាត់តំបន់ជួរភ្នំក្រវ៉ាញ ក្នុងភូមិសាស្ត្រខេត្តកោះកុង ពោធិ៍សាត់ និងបាត់ដំបង សម្រេចការងារបានរួចរាល់ ១០០% នឹងត្រៀមសម្ពោធប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ ក្រោមអធិបតីភាព សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងប្រព្រឹត្តិទៅនៅភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង។

ផ្លូវជាតិលេខ១០ គឺជាសសៃឈាមនៃខឿនសេដ្ឋកិច្ចកម្ពុជា តាមបណ្ដោយព្រំដែនថៃ កែប្រែពីតំបន់ព្រៃភ្នំ ជ្រលងដងអូរ អាចតភ្ជាប់សេដ្ឋកិច្ចពីខេត្តមួយ ទៅខេត្តមួយទៀតបានរហ័ស ចំណេញពេលវេលា បង្កើតផលិតផលទេសចរណ៍ ជំរុញដល់កសិ-ឧស្សាហកម្ម ការដឹកជញ្ជូនប្រទាក់ក្រឡាជាមួយច្រកព្រំដែនអន្តរជាតិ និងកំពង់ផែ -ល-។

គម្រោងស្ថាបនាផ្លូវជាតិលេខ១០ ត្រូវបានផ្ដួចផ្ដើមគំនិតដោយសម្តេចតេជោ ហ៊ុន សែន សម្រាប់ធ្វើសមាហរណកម្មខេត្តចំនួន ៣ នៅតំបន់ភាគខាងលិច ប្រទេសកម្ពុជា រួមមាន ខេត្តកោះកុង ពោធិ៍សាត់ និងបាត់ដំបង ដែលមានប្រវែងសរុប ១៩៧ គីឡូម៉ែត្រ ដោយចំណាយថវិកាប្រមាណ ១៨៨ លានដុល្លារ ចាប់ផ្ដើមបើកការដ្ឋានសាងសង់កាលពីខែធ្នូ ឆ្នាំ២០១៩ រហូតមកដល់ឆ្នាំ២០២៥ ម៉ៅការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន CRBC និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនក្វាងចូវវ៉ាងអាន។

ផ្លូវជាតិលេខ១០ ជាផ្លូវកៅស៊ូ ២ ស្រទាប់ DBST ដែលមានមានទទឹង ៩ ម៉ែត្រ ដែលអាចបើកបរបាន ២ គន្លងរថយន្ដ ថែមទាំងមានទេសភាពតាមជ្រលងភ្នំដ៏ស្រស់ស្អាត នៃជួរភ្នំក្រវ៉ាញ ជាពិសេសមានស្ពានខ្ពស់ជាងគេនៅកម្ពុជា ដែលវាស់ពីផ្ទៃដីកម្ពស់ ៩០ ម៉ែត្រ និងមានប្រវែង ៥៣៧ ម៉ែត្រ។

អត្ថបទ៖ Khong Phearum

អត្ថបទថ្មី