លុចសំបួរ ក្លាយជាប្រទេសដំបូងគេនៅលើពិភពលោក ពលរដ្ឋជិះ ឡានក្រុង និង រថភ្លើង មិនអស់លុយ

  • 2025-08-19 06:52:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេសលុចសំបួរបានក្លាយជាប្រទេសដំបូងគេនៅលើពិភពលោកដែលផ្តល់ជូននូវការធ្វើដំណើរដោយឥតគិតថ្លៃលើគ្រប់ប្រភេទនៃការដឹកជញ្ជូនសាធារណៈ ដែលរួមមាន ឡានក្រុង រថភ្លើង និងរថភ្លើងអគ្គិសនី (Tram) ចាប់តាំងពីថ្ងៃទី ២៩ ខែកុម្ភៈ ឆ្នាំ២០២០។

គោលនយោបាយនេះអនុវត្តចំពោះគ្រប់គ្នា មិនថាជាប្រជាជនក្នុងស្រុក ឬភ្ញៀវទេសចរណ៍នោះទេ ដោយមានគោលបំណងកាត់បន្ថយការកកស្ទះចរាចរណ៍ និងការបំពុលបរិស្ថាន។ រដ្ឋមន្ត្រីក្រសួងចរាចរណ៍ និងសាធារណការលុចសំបួរ លោក François Bausch បាននិយាយថា គោលនយោបាយនេះ ជាផ្នែកមួយនៃការប្តេជ្ញាចិត្តដើម្បីធ្វើឱ្យប្រទេសនេះក្លាយជា “ទីតាំងពិសោធន៍សម្រាប់ចលនភាព”។

លុចសំបួរ ដែលមានប្រជាជនត្រឹមតែ ៦១៤,០០០ នាក់ ប៉ុន្តែមានអ្នកធ្វើដំណើរឆ្លងព្រំដែនប្រមាណ ២១៤,០០០ នាក់ជារៀងរាល់ថ្ងៃ ពីប្រទេសបែលហ្ស៊ិក បារាំង និងអាល្លឺម៉ង់ បានប្រឈមមុខនឹងបញ្ហាកកស្ទះចរាចរណ៍ដ៏ធ្ងន់ធ្ងរ។ ប្រទេសនេះមានរថយន្តច្រើនជាងគេបំផុតក្នុងសហភាពអឺរ៉ុប ដោយមានរថយន្ត ៦៩៦ គ្រឿងក្នុងចំណោមប្រជាជន ១,០០០ នាក់។

គោលនយោបាយធ្វើឱ្យការដឹកជញ្ជូនសាធារណៈឥតគិតថ្លៃនេះ មានគោលដៅលើកទឹកចិត្តឱ្យប្រជាជនប្រើប្រាស់ឡានក្រុង រថភ្លើង និងរថភ្លើងអគ្គិសនី ជំនួសឱ្យការបើកបររថយន្តផ្ទាល់ខ្លួន ដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងធ្វើឱ្យគុណភាពខ្យល់ប្រសើរឡើង។

ទោះជាយ៉ាងណាក៏ដោយ ការសិក្សាបានបង្ហាញថា ការធ្វើឱ្យការដឹកជញ្ជូនឥតគិតថ្លៃមិនទាន់បានជួយកាត់បន្ថយចំនួនរថយន្តនៅលើដងផ្លូវឱ្យមានប្រសិទ្ធភាពគ្រប់គ្រាន់នៅឡើយទេ ដោយសារមនុស្សជាច្រើននៅតែជ្រើសរើសបើកបរដោយសារភាពងាយស្រួល៕

អត្ថបទ ៖ ហម ឆរ៉ា