វៀតណាម ប្រកាសលើកលែង ទិដ្ឋាការ ដល់ប្រទេសអឺរ៉ុប ១២ បន្ថែមទៀត បំណងក្តោបយកភ្ញៀវទេសចរ
- 2025-08-19 07:23:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វៀតណាម ប្រកាសលើកលែង ទិដ្ឋាការ ដល់ប្រទេសអឺរ៉ុប ១២ បន្ថែមទៀត បំណងក្តោបយកភ្ញៀវទេសចរ
ចន្លោះមិនឃើញ
ចាប់ពីថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២៥ ប្រទេសវៀតណាម បានប្រកាសផ្តល់ការលើកលែងទិដ្ឋាការដល់ពលរដ្ឋនៃប្រទេសអឺរ៉ុបចំនួន ១២ បន្ថែមទៀត ដែលអនុញ្ញាតឱ្យពួកគេធ្វើដំណើរទៅវៀតណាមដោយគ្មានទិដ្ឋាការសម្រាប់រយៈពេលស្នាក់នៅរហូតដល់ ៤៥ ថ្ងៃ។
ប្រទេសទាំង ១២ ដែលត្រូវបានបញ្ចូលក្នុងគោលនយោបាយលើកលែងទិដ្ឋាការនេះរួមមាន៖ បែលហ្ស៊ិក ប៊ុលហ្គារី ក្រូអាស៊ី សាធារណរដ្ឋឆែក ហុងគ្រី លុចសំបួរ ហូឡង់ ប៉ូឡូញ រ៉ូម៉ានី ស្លូវ៉ាគី ស្លូវេនី និងស្វីស។ គោលនយោបាយនេះអនុវត្តចំពោះការស្នាក់នៅក្នុងគោលបំណងទេសចរណ៍ ដោយមិនគិតប្រភេទលិខិតឆ្លងដែន។
គំនិតផ្តួចផ្តើមនេះ ជាផ្នែកមួយនៃកម្មវិធីស្តារវិស័យទេសចរណ៍ជាតិរបស់វៀតណាម ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងលើវិស័យទេសចរណ៍។ មុននឹងមានការពង្រីកគោលនយោបាយនេះ វៀតណាមបានផ្តល់ការលើកលែងទិដ្ឋាការឯកតោភាគីដល់ប្រទេសចំនួន ១២ ផ្សេងទៀតរួចហើយ ដែលរួមមាន ដាណឺម៉ាក ហ្វាំងឡង់ បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន ន័រវែស រុស្ស៊ី កូរ៉េខាងត្បូង អេស្ប៉ាញ ស៊ុយអែត និងចក្រភពអង់គ្លេស។
គួរឱ្យដឹងថា វៀតណាម ក៏បានផ្តល់ការលើកលែងទិដ្ឋាការបណ្តោះអាសន្ន ឬជាក់លាក់សម្រាប់បុគ្គលមួយចំនួន ដូចជា ភ្ញៀវផ្លូវការជាន់ខ្ពស់ អ្នកស្រាវជ្រាវ សាស្ត្រាចារ្យ វិស្វករ អ្នកជំនាញកំពូល អ្នកវិនិយោគធំៗ នាយកប្រតិបត្តិនៃក្រុមហ៊ុនឈានមុខ និងបុគ្គលឆ្នើម ក្នុងវិស័យវប្បធម៌ សិល្បៈ កីឡា ឬទេសចរណ៍។ បុគ្គលទាំងនេះអាចទទួលបានប័ណ្ណលើកលែងពិសេសដែលអនុញ្ញាតឱ្យចូលវៀតណាម ច្រើនដងក្នុងរយៈពេលរហូតដល់ ៥ ឆ្នាំ ប្រសិនបើលិខិតឆ្លងដែនរបស់ពួកគេនៅតែមានសុពលភាពយ៉ាងហោច ៣០ ថ្ងៃលើសពីរយៈពេលស្នាក់នៅដែលបានគ្រោងទុក៕